Ad Code

កម្ពុជា​បង្ហាញ​សក្តានុពល​វិស័យ​ពាណិជ្ជកម្ម​ជាតិ នៅក្នុង «​ពិព័រណ៍​កម្ពុជា ២០១៩» ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​ខ្មែរ



ជប៉ុន​ ៖ កម្ពុជា​បាន​ធ្វើ​ការបង្ហាញ​អំពី​សក្តានុពល និង​វឌ្ឍនភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ដែល​កាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ២៥​ពាន់​លាន​ដុល្លារ នៅក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន ១១​ពាន់​លាន​ដុល្លារ និង​នាំចូល​មាន​ចំនួន ១៣​ពាន់​លាន​ដុល្លារ​។



ការ​បង្ហាញ​ពី អំពី​សក្តានុពល និង​វឌ្ឍនភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា បាន​ធ្វើ​ឡើង ក្នុង​ព្រឹត្តិការណ៍ «​ពិព័រណ៍​កម្ពុជា​» ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​គណៈ​អធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង លោក​Kenji YAMADA អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ដោយមាន​ការចូលរួម​មន្ត្រីជាន់ខ្ពស់​ប្រទេស​ទាំងពីរ តំណាង​អង្គទូត ពាណិជ្ជករ និង​និស្សិត​ចំនួន​ជាង ២០០​នាក់​។



​រដ្ឋលេខាធិការ លោក ឈួន ដា​រ៉ា បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​យ៉ាងច្រើន ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​ការកសាង​សន្តិភាព និង​ស្តារ​ឡើង​វិញ​នូវ​នីតិសម្បទា ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ​។ លោក ក៏បាន​ជម្រាប​ជូន​អង្គពិធី អំពី​គោលនយោបាយ​គាំពារ​វិនិយោគ​កម្ពុជា និង​បាន​ជំរុញ​ធុរជន​ជប៉ុន ចូល​មក​បណ្តាក់ទុន និង​ធ្វើ​ធុរកិច្ច​ថែមទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ស្របតាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។

«​តាមរយៈ​ការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ថ្ងៃនេះ ខ្ញុំ​សង្ឃឹមថានឹង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​វិស័​យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​កម្ពុជា និង​ជប៉ុន កាន់តែ​មាន​វឌ្ឍនភាព​ថែមទៀត​» លោក ឈួន ដា​រ៉ា បាន​គូសបញ្ជាក់​។

សូម​ជម្រាប​ថា នៅក្នុង​ពិព័រណ៍​កម្ពុជា​ឆ្នាំ​២០១៩​នេះ មាន​រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ និង​តន្ត្រីសម័យ ព្រមទាំង​ស្តង់​លក់ និង​តាំង​ផលិតផល​កសិកម្ម និង​សិប្បកម្ម ដូចជា អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំ​ស្រួយ សូត្រ​ខ្មែរ ក្រ​ម៉ា​ខ្មែរ ម្ហូបអាហារ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ដល់​ភ្ញៀវកិត្តិយស ដែល​បាន​ចូលរួម​កម្មវិធី​។ នៅក្នុង​នោះ ទំនិញ​អង្ករ ម្រេច និង​សូត្រ​ខ្មែរ គឺជា​ផលិតផល​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្ពស់ និង​ការបញ្ជាទិញ​ជា​បន្តបន្ទាប់ ពី​ភ្ញៀវទេសចរ និង​ប្រជាជន​ជប៉ុន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu