Ad Code

គ្រូបង្វឹក​ក្រុម​វិសាខា ថា​ការ​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​គូប្រកួត​បាន​ច្រើន​គឺ​ដើម្បី​ស្វែងរក​ចំណាត់ថ្នាក់​ដ៏​ល្អ​ឲ្យ​ក្រុម



ក្លិប​កីឡាបាល់ទាត់​វិសាខា បាន​ឡើងឈរ​ចំណាត់ថ្នាក់​លេខ ៣​បណ្ដោះអាសន្ន ក្រោយ​យកឈ្នះ​ក្លិប​បាល់ទាត់​ខេត្តកំពង់ចាម ដោយ​លទ្ធផល​១៤-០​ក្នុងជំនួប​សប្ដាហ៍​ទី​៦ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន​វិសាខា នៅ​ល្ងាច​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៩ ថ្មីៗ​នេះ​។

​ក្នុងចំណោម​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្លិប​កីឡាបាល់ទាត់ វិសាខា ធ្វើ​សម្រេច​ដោយ​កីឡាករ កែវ សុខ​ផេង ចំនួន​៧​គ្រាប់ នៅ​នាទី​ទី​៣, ១២, ២២, ៣០, ៤៥, ៦៩ និង​នាទី​៧១ ខ្សែប្រយុទ្ធ​ជនជាតិ​ក្រិច Evangelos រកបាន ២​គ្រាប់ នៅ​នាទី​៤៤ និង​នាទី​៤៦, ខ្សែការពារ ស៊ិន សុ​ផា​ណាត់ រកបាន ២​គ្រាប់ នៅ​នាទី​៨០ និង​នាទី​៨៤, ខ្សែការពារ​ជនជាតិ​ប៊ុល​ហ្សា​រី Nikolov Luben នៅ​នាទី​៥៨, ខ្សែបម្រើ​កូរ៉េខាងជើង Pak Song Chol នៅ​នាទី​៨៣ និង​ខ្សែការពារ សុខ សុវណ្ណ រកបាន​នៅ​នាទី​៨៩។



ជុំវិញ​បញ្ហា​នេះ​ដែរ ​លោក ហុក សុ​ជីវ័ន គ្រូ​បង្គោល​ក្លិប​កីឡាបាល់ទាត់​វិសាខា បាន​លើក​ឡើង​ថា ការប្រកួត​នេះ​ក៏​មិន​ខុសពី​ប្រកួត​មុនៗ​ដែរ គឺ​វិសាខា ព្យាយាម​លេង​អស់ពី​សមត្ថភាព ដើម្បី​ទទួល​បាន​ជ័យជម្នះ​។ លោក​ថា «​គ្រប់ការ​ប្រកួត សំខាន់​បំផុត​លើ​ច្បាប់​ប្រកួត អ្នកណា​សល់​គ្រាប់​ច្រើន អ្នកនោះ​ឈរ​លើ ជាក់ស្ដែង​យើង​ឃើញ​ពិន្ទុ​ស្មើគ្នា​ច្រើន តែ​យើង​នៅ​ក្រោម​គេ អញ្ចឹង​ទើប​យើង​ព្យាយាម​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព នៅពេល​យើង​ជួប​ក្រុម​អា​ចរក​គ្រាប់​បាល់​បាន យើង​ត្រូវ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​»​។

គ្រូបង្វឹក​កាន់​សញ្ញាបត្រ A-License ដដែល​បន្ដថា «​បាល់ទាត់​គឺ​អញ្ចឹង បើ​យើង​រវល់​គិតដល់​មនោសញ្ចេតនា វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល និង​ពិន្ទុ​របស់​យើង​។ ដូច​យើង​ឃើញស្រាប់​ហើយ​កាលពី​សប្ដាហ៍​ទី​៥ ក្រុម​មាន ១០​ពិន្ទុ​ស្មើគ្នា គឺ​មាន ៣​ក្រុម រួមមាន​វិសាខា​, ក្រសួងការពារជាតិ និង​បឹងកេត តែ​វិសាខា នៅ​ក្រោម​គេ​(​លេខ​៦) ក្នុងចំណោម ៣​ក្រុម​នេះ ដែល​ពាក់ព័ន្ធ​នឹង​គ្រាប់​បាល់​ចំណេញ​នេះឯង អញ្ចឹង​ទើប​យើង​ត្រូវការ​គ្រាប់ ដើម្បី​បង្កើន​ចំណាត់ថ្នាក់​ល្អ​របស់​យើង​ឡើងវិញ​»​។



ក្រោយ​ចប់​ការប្រកួត​សប្ដាហ៍​ទី​៦ ក្លិប​កីឡាបាល់ទាត់ វិសាខា គឺ​ទទួលបាន ១៣​ពិន្ទុ និង​ឈរ​លេខ​៣ បណ្ដោះអាសន្ន ជាមួយ​លទ្ធផល ៦​ប្រកួត​ឈ្នះ​៤ លើក​ស្មើ​១ លើក​និង​ចាញ់ ១​លើក​។ ចំពោះ​ប្រកួត​បន្ទាប់​វិសាខា នឹង​បន្ដ​បើកទ្វារ​ផ្ទះ ទទួល​ក្រុម​បឹងកេត នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu