Ad Code

បញ្ជូន​ឈ្មួញ​គ្រឿងញៀន​ដែល​មាន​កាំភ្លើង​ បាញ់​តដៃសមត្ថកិច្ច​ ឡើង​តុលាការ​



តាកែវ ​៖​ ឈ្មួញ​គ្រឿងញៀន​ ដែល​ព្រហើន​ហ៊ាន​បាញ់​តដៃ​ជាមួយនឹង​សមត្ថកិច្ច​ ក្នុងពេល​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​បាទី ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ ​នៅ​ព្រឹក​ថ្ងៃទី​០៦​ខែ​ឧសភា ឆ្នាំ​២០១៩​នេះ។​

ជនដៃដល់​មាន ឈ្មោះ យឹម វណ្ណឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្រុកកំណើត ភូមិ​ដូង ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ។​

លោក​ឧត្ដមសេនីយ៍​ទោ សុខ សំណាង បាន​ឲ្យ​ដឹង​ថា ក្នុងការ​ចុះបង្ក្រាប​នេះដែរ កម្លាំង​នគរបាល​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​រូបលោក បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ទ្រង់ទ្រាយ​ធំ ស្ថិត​នៅ​គោលដៅ​ភូមិ​ក្រាំង​ក្រ​ចាង​ ខាង​ជើងវត្ត​ពោធិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្ត​តាកែវ កាលពី​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ ២០១៩។ ដោយ​ក្នុងពេល​ចុះបង្ក្រាប​នៅផ្ទះ​របស់​ជនសង្ស័យ​កំពុង​ស្នាក់នៅ​នោះ ​ស្រាប់តែ​ជនល្មើស​មាន​អាវុធ​បាញ់​មកលើ​សមត្ថកិច្ច​របស់​យើង​ តែ​មិន​បណ្តាលឲ្យមាន​របួស​ស្នាម​អ្វី​លើ​សមត្ថកិច្ច​ឡើយ ។ ភ្លាមនោះ​កម្លាំង​របស់​យើង​ ក៏បាន​ផ្ទុះអាវុធ​ឡើងលើ​ជាច្រើន​គ្រាប់​ផងដែរ​ ដើម្បី​គំរាម​ជនសង្ស័យ​វិញ ​រួច​ក៏​ធ្វើការ​ដកថយ​សិន រួច​ឡោមព័ទ្ធ​ទីតាំង ​រង់ចាំ​កងកម្លាំង​អន្តរាគមន៍​ពិសេស​របស់​ក្រសួង​មហាផ្ទៃ​ចុះ យើង​បានរៀបចំ​ផែនការ​ថ្មី​ក្នុង​ការចូល​បង្ក្រាប ដោយ​ប្រើពេល​អស់​មួយ​កំណាត់​ថ្ងៃ ​ទើប​អាច​ឃាត់ខ្លួន​ជនសង្ស័យ​បានម្នាក់​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ យឹម វណ្ណឌី ភេទប្រុស អាយុ២២​ឆ្នាំ ស្រុកកំណើត ភូមិ ដូង ឃុំ​ដូង ស្រុក​បាទី ខេត្ត​តាកែវ។ ក្នុង​នោះ​ផង​ដែរ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួមមាន កាំភ្លើង​ខ្លី​១​ដើម​ ម៉ា​កឡុក ដាវ​សា​ម៉ូ​រៃ​២​ដើម ទូរស័ព្ទ៤​គ្រឿង ស្នាប់ដៃ​១ និង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​ផង​ដែរ ដែល​គ្រឿងញៀន​ទាំងនេះ​ជនល្មើស​នៅ​សេសសល់​ក្រោយ​ការលក់​ចែកចាយ​ពី​យប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu