រឿង សារ័ត្ន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងត្រូវទទួលស្វាគមន៍អ្នកប្រដាល់ថៃចំណូលថ្មី ដែលឆ្លងដែនមកជួបប្រកួតជាមួយ នៅប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ លើសង្វៀនBoostrong Fighter On Fire នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ ។
រឿង សារ័ត្ន ត្រូវគេផ្គូឲ្យជួបជាមួយសាណាន់ ភុន (Sanan Phun) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧ គីឡូក្រាម ។ សារ័ត្ន ជាជើងខ្លាំងមួយរូប ដែលការប្រកួតរបស់គេ ទោះឈ្នះក្តី ចាញ់ក្តី មានមានលក្ខណះតឹងតែងបំផុត ពោលគឺមិនមាននរណាយកឈ្នះលើរូបគេ ដោយផុយស្រួលនោះឡើយ ។
ប៉ុន្តែអ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១រូបនេះ ប្រកួតមិនសូវជាទៀងទាត់ប៉ុន្មាននោះដែរ ។ ពោលគឺគេជួបថៃជាង ២០លើក គេវាយឈ្នះ១១លើកចាញ់១០លើកនិងស្មើ១លើក ។ អ្នកណាក៏គេដឹងថា រឿង សារ័ត្នជាជើងខ្លាំងដែរ ទោះបីជាវាយចាញ់ ក៏មិនអាចចាញ់ដោយងាយៗបានដែរ ។
យ៉ាងណា ពេលនេះសារ័ត្ន ត្រូវបានជួបប្រកួតជាមួយសាណាន់ ភុន ដែលជាអ្នកប្រដាល់ជើងខ្លាំងចំណូលថ្មីរបស់ថៃ មិនដឹងថាឈ្នះ ឬចាញ់នោះទេ ? ។
រឿង សារ័ត្ន មានការរីកចំរើននៅក្នុងការប្រកួត៣ប្រកួតចុងក្រោយនេះ។ ការឡើងប្រកួតចុងក្រោយនេះនៅSEATV គេបានវាយស្មើពិន្ទុជាមួយជើងខ្លាំងថៃ ឆ្លាម ភេត (Chhlam Phat) កាលពីថ្ងៃទី៣១មីនា ២០១៩កន្លងទៅនេះ ។
អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១រូបនេះ វាយរាងប្រយ័ត្នប្រយែង តែរាងយឺតបន្តិច ។ សារ័ត្ន ជាអ្នកប្រដាល់ម្នាក់ ដែលប្រកួតនិងផ្តួលគូប្រកួត ដោយសារទិចនិចកណ្តាប់ដៃ កែង និង ជង្គង់ ។ យ៉ាងណា ប៉ះជាមួយសាណាន់ ភុនលើកនេះ ក៏រាងយ៉ាប់ដែរ ។
សាណាន់ ភុន គេក៏ជាជើងខ្លាំងមួយរូបដែរ ។ អ្នកប្រដាល់ថៃរូបនេះ មិនធ្លាប់មកប្រកួតនៅកម្ពុជាទេ គឺទើបមកលើកទី១ប៉ុណ្ណោះ ។ គេមានប្រវត្តិប្រកួត៦២លើក ដោយវាយឈ្នះ៤៩លើក ចាញ់១៣លើក មិនដែលស្មើ ខណះដែលរឿង សារ័ត្ន មានប្រវត្តិប្រកួត៨៧លើក ឈ្នះ៦៥លើក ចាញ់១៨លើក និងស្មើ០៤លើក។ចាំមើល រឿង សារ័ត្ន និង សាណាន់ ភុន តើនរណាជាអ្នកឈ្នះនោះ ? ។
ធឿន វីថាត់ អ្នកប្រដាល់ក្លិបអប់រំកាយនិងកីឡាស្រុកអន្លង់វែង នឹងត្រូវជួបសាកកណ្តាប់ដៃជាមួយ ហេង សំរាំង អ្នកប្រដាល់ក្លិបព្រៃទទឹង ខេត្តបាត់ដំបង ដោយជួបគ្នាក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម។
វីថាត់ គេជាជើងខ្លាំងស្រករក្រោយ មានកណ្តាប់ដៃធ្ងន់ ជើងទាត់ខ្លាំង ហើយវាយមានផ្លែល្អថែមទៀត ។ គេទើបមកប្រកួតនៅសង្វៀនភ្នំពេញម្តងពីរដងប៉ុណ្ណោះ ។ មកប្រកួតលើកចុងក្រោយរបស់ធឿន វីថាត់ កាលពីថ្ងៃទី១៧មីនា២០១៩ គេបានភ្លាត់ស្នៀត ត្រូវឈាន ហុង អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ផ្តួលអោយបោះបង់ការប្រកួតក្នុងទឹកទី៤ ។
ចំពោះ ហេង សំរាំង វិញ គេមិនមែនជាអ្នកប្រដាល់ខ្លាំងល្បីឈ្មោះអ្វីនោះទេ គ្រាន់តែគេមានស្នៀតប្រដាល់ល្អ ពិសេសគឺកែងនិងជង្គង់ ។ តែយ៉ាងណា សំរាំងឡើងប្រកួតឈ្នះតិចជាងចាញ់ ។
ទោះជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះ ក្រុមអ្នកវិភាគក៏ពុំហ៊ានទាយទុកមុនថា អ្នកណាឈ្នះ អ្នកណាចាញ់ឡើយ បើទោះជាសំរាំងជួបជើងថ្មីក្តី ។ ការប្រកួតចុងក្រោយ ហេង សំរាំង វាយស្មើជាមួយលួន សុខខេង អ្នកប្រដាល់ជើងចាស់ក្លិបពុទ្ធសេរីវង្ស ។
សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ទាំងពីរនាក់នេះ គេមិនហ៊ានរំពឹងថា ហេង សំរាំង ឈ្នះឬចាញ់ធឿន វីថាត់ នោះទេ ព្រោះសំរាំងអន់កម្លាំងស៊ុហ្វជាងវីថាត់ ។
ចំពោះពុទ្ធ ភារិន្ទ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្ស នឹងឡើងសងសឹកសៀវ ង៉ុយ អ្នកប្រដាល់ក្លិប កងពលធំអន្តរាគមន៍លេខ២ ។ ពីរនាក់ជួបគ្នាក្នុងទម្ងន់ ៥៧គីឡូក្រាម ។ ពួកគេពីរនាក់នេះ ធ្លាប់ប៉ះគ្នាម្តងកាលពីថ្ងៃទី៣១ធ្នូ២០១៨កន្លងមក ដែលកាលនោះសៀវ ង៉ុយឈ្នះពុទ្ធ ភារិន្ទដោយពិន្ទុ ។
ពុទ្ធ ភារិន្ទ នេះ គេជាអ្នកប្រដាល់ស្រករក្រោយ តែគេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំងគួរសមដែរ ប៉ុន្តែប្រហែលជាមិនអាចសងសឹកសៀវ ង៉ុយ ដែលជាអ្នកប្រដាល់ជើងចាស់បានសម្រេចនោះឡើយ ព្រោះថាសៀវ ង៉ុយ គេមានផ្លែល្អជាង។ ចាំមើល ជំនួបលើកទី២ រវាងពុទ្ធ ភារិន្ទ និង សៀវ ង៉ុយ តើនរណាជាអ្នកឈ្នះនោះ?។
ងឿន វិចិត្រ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ត្រូវគេផ្គូអោយជួបប្រកួតជាមួយ ងួន គា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ។ពួកគេទាំងពីរនេះ ជួបគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ ចំណែក យូ ផានិត អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ នឹងត្រូវជួបប្រកួតជាមួយ លីន សាថាត់ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ដោយជួបប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាមដែរ៕
Source: Kampuchea Thmey Daily
0 Comments