Ad Code

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អនុម័ត​សេចក្តីព្រាង​យុទ្ធសាស្ត្រ CTIS ជំនា​ន់ទី​៤ និង​ស្នើ​អន្តរក្រសួង​ចូលរួម​អនុវត្តន៍ ដើម្បី​ធានា​ប្រសិទ្ធភាព​ខ្ពស់



​ភ្នំពេញ​ ៖​ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​អនុម័ត​ឯកសារ​ព្រាង CTIS ឆ្នាំ​២០១៩-២០២៣ ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ កន្លង​មក​នេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មការ​អភិវឌ្ឍ​ន៍​ពាណិជ្ជកម្ម និង​វិនិយោគ​ពាក់ព័ន្ធ​ពាណិជ្ជកម្ម បានប្រកាស​អនុម័ត​ជា​គោលការណ៍​លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ជំនា​ន់ទី​៤ ជាមួយ​តារាង​សកម្មភាព ឆ្នាំ​២០១៩-២០២៣ និង​បានស្នើ​តំណាង​អន្តរក្រសួង ចូលរួម​អនុវត្តន៍ និង​តាមដាន​រួមគ្នា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។



​នៅក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​តំណាង​អន្តរក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ផ្តល់​មតិ និង​ធាតុ​ចូល​ល្អៗ ដល់​ក្រុមការងារ​បច្ចេកទេស ដើម្បី​ចងក្រង​ឯកសារ​ទស្សនាទាន (Concept Note) នៃ​យុទ្ធសាស្ត្រ CITS និង​ជំពូក​នីមួយៗ តាំងពី​ដំណាក់កាល​ដំបូង រហូត​សម្រេចបាន​នូវ​សេចក្តីព្រាង​យុទ្ធសាស្ត្រ ប្រកបដោយ​ខ្លឹមសារ​សំខាន់​ថ្ងៃនេះ​។



លោក រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ជាតិ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ត្រៀមខ្លួន និង​បន្ត​ធ្វើ​កំណែទម្រង់​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់ខ្លួន សំដៅ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ព្រមទាំង​ផលិតផល​ថ្មីៗ ដែលមាន​សក្តានុពល​នាំចេញ​ខ្ពស់ ដូច​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ និង​សេចក្តីព្រាង​ឯកសារ CTIS ជំនាន់​ទី៤។

​លោក​បញ្ជាក់ថា «​ឯកសារ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ជំនា​ន់ទី​៤ ២០១៩-២០២៣ មិនមែន​សម្រាប់​តែ​ក្រសួងពាណិជ្ជកម្ម​តែម្នាក់ឯង​នោះ​ទេ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​រួម ដែល​ទាមទារ​ឲ្យ​ក្រសួង​-​ស្ថាប័ន​ទាំងអស់ សហការគ្នា​អនុវត្តន៍ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ក្នុង​បរិបទ​បច្ចុប្បន្ន និង​អនាគត​»។



សូម​ជម្រាប​ថា ប្រធានបទ​ចម្បង​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​ឯកសារ CTIS ជំនា​ន់ទី​៤ ឆ្នាំ២០១៩-២០២៣ ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន​ពីរ​គឺ​៖ ១.​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការវិវត្តន៍​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) និង ២.​ទាញ​យក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ជាពិសេស​សេវាកម្ម និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ (Industrial Revolution 4.0)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu