ភ្នំពេញ ៖ មនុស្សវ័យចំណាស់ទាំងស្ត្រី និងបុរសចាប់ពីអាយុ ៦០ឆ្នាំឡើងទៅច្រើនប្រឈមនឹងជម្ងឺបេះដូង និងសរសៃឈាមខ្ពស់បំផុត នោះបើយោងតាមឯកសារសិក្សាលើមនុស្សវ័យចំណាស់នៅកម្ពុជា។
ការផ្ទុកមេរោគនៅក្នុងប្រទេសកម្ពុជាត្រូវបានរំពឹងថា ប្រែទៅជាផលលំបាកលើប្រជាជនវ័យចំណាស់។ ការផ្ទុកជម្ងឺក្នុងក្រុមអាយុ (៦០ឆ្នាំ និងចាស់ជាងនេះ) ច្រើនប្រឈមនឹងជំងឺបេះដូង និងសរសៃឈាម គឺជាជម្ងឺដែលស្ត្រី និងបុរសវ័យចំណាស់ប្រឈមខ្លាំងបំផុតហើយបើតាមតួលេខក្នុងឆ្នាំ២០០៤ជំងឺមិនឆ្លងនេះបានកើនដល់ ៧៩% នៃជំងឺទូទៅ ដែលទាមទារឲ្យមានការពិគ្រោះជម្ងឺ ការពិនិច្ឆ័យរោគឲ្យបានទាន់ពេលវេលា។
យោងតាមឯកសារសិក្សាលើមនុស្សវ័យចំណាស់ និងសុខភាពនៅកម្ពុជា បានបង្ហាញដែរថា ចំនួនប្រជាជននៃប្រទេសកម្ពុជានឹងកើនឡើងដល់ ១៧លាននាក់ ត្រឹមឆ្នាំ២០៣០។ សមាមាត្រនៃប្រជាជន ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅនឹងមានចំនួនកើនឡើងពី ៦,២% នៃចំនួនប្រជាជនក្នុងឆ្នាំ២០១០ ដល់ ១០.៩%ក្នុងឆ្នាំ២០៣០ ក្នុងនោះស្ត្រីវ័យចំណាស់មានចំនួនច្រើនជាងបុរស។ សមាមាត្រនៃប្រជាជនចាប់ពីអាយុ ៦០ឆ្នាំឡើងទៅនឹងមានចំនួនច្រើនជាងប្រជាជនអាយុពី ០-១៤ឆ្នាំនៅឆ្នាំ២០៤០។
លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ហិរញ្ញប្បទានសុខាភិបាល និងការរៀបចំការគាំពារសុខភាពសង្គម សម្រាប់ប្រជាជនវ័យចំណាស់ ប្រជាជនពិការ និងប្រជាជនមានជម្ងឺមិនឆ្លងរ៉ាំរ៉ៃ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៥ សណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញថាក្នុងបរិការណ៍ខាងលើនេះ ធុរកិច្ចស្នូលនៃផែនការយុទ្ធសាស្ត្រសុខាភិបាលប្រទេសកម្ពុជា សម្រាប់បណ្តាឆ្នាំខាងមុខ គឺការអភិវឌ្ឍន៍យន្តការគាំពារសុខភាពសង្គមមានលក្ខណៈជាប្រព័ន្ធនិងមាននិរន្តភាព ដោយផ្តោតជាចំបងទៅលើអភិក្រមនៃដំណើរឈានជាជំហានឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ដែលផ្តល់ការយកចិត្តទុកដាក់ទាំងស្រុងទៅលើទស្សនៈទាន នៃការគ្របដណ្តប់ប្រជាជនទាំងអស់ និងការពង្រឹងប្រព័ន្ធសុខាភិបាលទាំងមូល៕
0 Comments