ព្រះសីហនុ ៖ លោក នង ឌីណារ៉ា មេឃុំកែវផុសបានឲ្យដឹងថា ប្រជាពលរដ្ឋបីភូមិ នៅក្នុងឃុំកែវផុសសរុបចំនួន៣២០នាក់ ទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥កន្លងមកនេះ ដែលពួកគាត់បានធ្វើកាលពីខែសីហា ឆ្នាំ២០១៤។ យើងបានស្រង់ស្ថិតិប្រជាពលរដ្ឋគ្រប់អាយុ និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណដើម្បីស្នើសុំមកការិយាល័យជំនាញ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ព្រោះប្រជាពលរដ្ឋគ្រប់អាយុមកធ្វើអត្តសញ្ញាណប័ណ្ណ និងប្ដូរអត្តសញ្ញាណប័ណ្ណគំរូថ្មី ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ។ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមឲ្យប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២មកម្ល៉េះ ហើយរហូតមកដល់ពេលនេះប្រជាពលរដ្ឋក្នុងឃុំកែវផុសទទួលបានអត្តសញ្ញាណប័ណ្ណប្រភេទគំរូថ្មីជាបន្តបន្ទាប់។
លោកមេឃុំបានឲ្យដឹងបន្តថា ក្នុងមួយឆ្នាំយើងស្រង់ស្ថិតិប្រជាពលរដ្ឋដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យពួកគាត់មកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យបានគ្រប់ៗគ្នា ដោយក្នុងមួយឆ្នាំយើងស្រង់ស្ថិតិចំនួនពីរលើក គឺនៅដើមឆ្នាំ និងចុងឆ្នាំ។ លោកមេឃុំកែវផុសបានឲ្យដឹងបន្តថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានអនុវត្តន៍ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ដោយតម្រូវឲ្យប្រជាពលរដ្ឋបង់លុយក្នុងម្នាក់ចំនួន១០.០០០រៀល ជាថ្លៃពន្ធអាករចូលថវិកាជាតិ ដែលគិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤មក រហូតដល់ដើមឆ្នាំ២០១៥នេះ ហើយអាជ្ញាធរឃុំបានចុះទៅចែកអត្តសញ្ញាណប័ណ្ណប្រភេទគំរូថ្មីជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំង៣ គឺភូមិឬទ្ធីទី១ ភូមិឬទ្ធីទី២ និងភូមិកែវផុសសរុបចំនួន៣២០នាក់។
លោក នង ឌីណារ៉ា បានបន្តថា ការចុះទៅដល់ភូមិទាំង៣ខាងលើនេះ ដើម្បីជួយសម្រួល និងកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយរបស់ប្រជាពលរដ្ឋ ដោយកន្លងមកការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីបានហើយ ពួកគាត់ខ្លះមិនបានទៅទទួលយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួននៅស្នាក់ការឃុំនោះទេ ធ្វើឲ្យមន្ត្រីរបស់យើងពិបាកក្នុងការថែរក្សាទុកជូនពូកគាត់បន្ថែមទៀតផង។
ក្នុងឱកាសចែកអត្តសញ្ញាណប័ណ្ណគំរូថ្មី លោកមេឃុំ ក៏បានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃការប្រើប្រាស់អត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ ព្រោះវាមានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់ការប្រើប្រាស់រាល់ការងាររដ្ឋបាលផ្សេងៗ ព្រមទាំងបានគ្រប់គ្រងទិន្នន័យប្រវត្តិរូបទីកន្លែងស្នាក់នៅ ក្រយៅដៃ អត្តសញ្ញាណ ស្ថានភាពផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ព្រោះការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ ស្របតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបតាមស្តង់ដារអន្តរជាតិ។ ក្រៅពីនេះវាមានសភាពជាប់ស្វិតមិនបាក់រហែក ឬឆេះភ្លើង និងរយៈពេលប្រើប្រាស់មានសុពលភាពរហូតដល់រយៈពេល១០ឆ្នាំទើបអស់សុពលភាព។
លោក នង ឌីណារ៉ា បានឲ្យដឹងថា ឃុំកែវផុសមានប្រជាពលរដ្ឋរស់នៅចំនួន៣.៨៦១នាក់ ប្រុស១.៩០៧នាក់ ស្មើនឹង៨៨១គ្រួសារ ចែកចេញជា០៣ភូមិ គីភូមិឬទ្ធី១ ភូមិឬទ្ធីទី២ និងភូមិកែវផុស នេះតែម្តង៕
ស៊ុយ ចាន់ធា
1 Comments
0963846598
ReplyDelete