Ad Code

បើក​ម៉ូតូ ​ត្រូវ​រថយន្ត​កៀរ​បុក​បង្គោល​ភ្លើង​ខ្ទេច​មួយ​កំណាត់​មុខ​ អ្នកបើកបរ​បាក់ជើង​២​កំណាត់​


កំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រង បួស​ធ្ងន់​បាក់ជើង​២​កំណាត់ ដោយសារ​រថយន្ត​បើក​កៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​ម៉ូតូ​ និង​មនុស្ស​ហោះ​បុក​បង្គោល​ថ្ម​អគ្គិសនី​ពេញទំហឹង របួសធ្ងន់​និង​ខូច​ម៉ូតូ​រួញ​មួយ​កំណាត់​មុខ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥ លើ​ផ្លូវ​ជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មានឈ្មោះ សេង រ៉ា អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៤ បាន​រង​របួស​បាក់ជើង​ខាងស្តាំ​២​កំណាត់។​

មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើកបរ​ស្រប​ទិស​គ្នា​កៀរ​ពីក្រោយ ​ធ្វើ​ឲ្យ​ម៉ូតូ​គេ​រេ​ចង្កូត​ទៅ​បុក​បង្គោល​ថ្ម​អគ្គិសនី​នៅ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​ដៃ​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​រូបគេ​របួស​ធ្ងន់ និង​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ។​

ក្រោយពេល​កើតហេតុ ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ទៅ​បាត់ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​មន្ទីរពេទ្យ​ខេត្ត​មក​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ខេត្ត ​ប៉ុន្តែ​ដោយ​សភាព​របួស​ធ្ងន់ធ្ងរ ជនរងគ្រោះ​ត្រូវ​បាន​គ្រូពេទ្យ​ខេត្ត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជួយ​សង្គ្រោះ​ព្យាបាល​បន្ត​ទៀត។​

ចំណែក​ម៉ូតូ​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​មក​រក្សាទុក​នៅក្នុង​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ទុក​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​វិញ ហើយ​សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ជា​បន្ត​ទៀត​ឲ្យ​មក​ទទួលខុសត្រូវ​ជាមួយ​ជនរងគ្រោះ៕

ឈៀង ថា​រិ​ទ្ធ


Post a Comment

0 Comments

Close Menu