ព្រះសីហនុ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមបណ្តោយផ្លូវ២ធ្នូ ស្ថិតក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ហើយបានផ្ទុះការតវ៉ាមួយជាមួយនឹងក្រុមមន្ត្រីជំនាញរៀបចំពង្រីកអភិវឌ្ឍន៍ផ្លូវ ដែលដឹកនាំដោយលោក លី វ៉ាន់ដា អភិបាលរងក្រុងព្រះសីហនុ ដោយក្រុមប្រជាពលរដ្ឋយល់ថាការវាស់វែងមានភាពមិនប្រក្រតី រំលោភបំពានប៉ះពាល់សិទ្ធិសេរីភាពរស់នៅរបស់ពួកគាត់។ ប៉ុន្តែក្រោយមកក៏បានស្ងប់ស្ងាត់ទៅវិញ ខណៈពេលដែលមន្ត្រីជំនាញទាំងនោះទទួលយកការស្នើសុំពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ពួកគាត់ទាំងអស់គ្នាមិនមានការជំទាស់អ្វីទៅនឹងការអភិវឌ្ឍន៍សាងសង់ផ្លូវ ពង្រីកផ្លូវ របស់អាជ្ញាធរខេត្តព្រះសីហនុនោះឡើយ។ ពួកគាត់យល់ព្រមគ្រប់យ៉ាង ប៉ុន្តែរឿងដែលពួកគាត់នាំគ្នាធ្វើការតវ៉ានេះ ដោយសារតែក្រុមមន្ត្រីជំនាញដែលចុះមកធ្វើការវាស់វែងកំណត់អ័ក្សផ្លូវដើម្បីពង្រីកផ្លូវនេះគឺពួកគេធ្វើការអនុវត្តន៍ផ្ទុយពី(ស.ជ.ណ)របស់ថ្នាក់ខេត្តដែលបានសម្រេច ហើយនឹងធ្វើការកំណត់អ័ក្សផ្លូវខុសបច្ចេកទេសនៃច្បាប់ភូមិបាល ហាក់មានការលំអៀងដោយក្រុមមន្ត្រីជំនាញទាំងនោះបានជ្រើសរើសយកចិញ្ចើមផ្លូវខាងភាគីប្រជាពលរដ្ឋក្រីក្ររស់នៅធ្វើជាអ័ក្ស និងធ្វើការវាស់វែងតែផ្នែកដីចិញ្ចើមផ្លូវខាងប្រជាពលរដ្ឋរស់នៅ រីឯដីចិញ្ចើមផ្លូវម្ខាងទៀតដែលជាដីរបស់ក្រុមអ្នកមានលុយ មានអំណាច និងគ្មានមនុស្សរស់នៅ មានតែធ្វើរបងថ្មហ៊ុមព័ទ្ធទុកចោលនោះ បែរជាមិនវាស់ដោយយកលេះថា ដីទាំងនោះមានប្លង់ដី ហើយថាប្រជាពលរដ្ឋគ្មានប្លង់ដីទៅវិញ។ ទង្វើបែបនេះគឺជាការរំលោភបំពានទាំងស្រុងនៅសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាច្បាប់ភូមិបាលផងដែរ។ ប៉ុន្តែក្រោយមកការតវ៉ានោះបានធូរស្រាលឡើងវិញ ខណៈពេលក្រុមមន្ត្រីជំនាញទាំងនោះសុខចិត្តទទួលយកការវាស់វែងយកអ័ក្សនៅចំពាក់កណ្ដាលផ្លូវធ្វើជាគោល និងចាប់ផ្តើមធ្វើការវាស់វែងទាំងសងខាង ដោយម្ខាងៗប្រវែង១២ម៉ែត្រ សរុបទំហំ២៤ម៉ែត្រ។
លោក លី វ៉ានដា អភិបាលរងក្រុងព្រះសីហនុ ដែលដឹកនាំក្រុមមន្ត្រីជំនាញចុះទៅធ្វើការវាស់វែងផ្លូវខាងលើនេះបានធ្វើការបញ្ជាក់នៅចំពោះមុខប្រជាពលរដ្ឋថា បញ្ហាទាំងអស់ខាងលើនេះ ជារឿងរបស់មន្ត្រីជំនាញ ហើយការវាស់វែងទៀតសោតគឺអាស្រ័យលើជំនាញទាំងអស់។ ប៉ុន្តែនៅក្នុងការវាស់វែង បើមានការតវ៉ាតពីសំណាក់ប្រជាពលរដ្ឋ លោកត្រូវតែធ្វើការដោះស្រាយភ្លាមៗតាមតែអាចធ្វើទៅបាន មិនឲ្យមានបញ្ហាវែងឆ្ងាយនោះទេ ជាក់ស្តែងដូចជាបញ្ហាខាងលើនេះអញ្ចឹង ការតវ៉ារបស់ប្រជាពលរដ្ឋសុំធ្វើការវាស់វែងពីអ័ក្សចំពាក់កណ្តាលផ្លូវ ហើយមន្ត្រីជំនាញមានការឯកភាពផងនោះ ក៏សម្រេចតាមការស្នើសុំរបស់ប្រជាពលរដ្ឋតែម្តង ហើយបញ្ហាក៏ចប់ រីឯមន្ត្រីជំនាញក៏អាចធ្វើការបានយ៉ាងរលូនផងដែរ និងមាន(លទ្ធផលល្អទាំងសងខាង)។
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈលោក ឈិត សុខុនឡើងការកាន់ដំណែងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គេពិនិត្យឃើញថា នៅលើទឹកដីក្រុង/ខេត្តព្រះសីហនុ ហាក់មានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យគួរឲ្យកត់សម្គាល់ ដោយក្នុងនោះវិស័យផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធហាក់មានភាពលេចធ្លោជាងគេ ដោយផ្លូវជាច្រើនខ្សែដែលបានរងការខូចខាតរយៈពេលជាច្រើនឆ្នាំពីមុនៗមក ត្រូវបានជួសជុលពង្រីក និងធ្វើការកសាងចាក់អ៊ុតកៅស៊ូយ៉ាងល្អប្រណិត ធ្វើឲ្យសោភ័ណភាពទីក្រុងទេសចរណ៍ ឆ្នេរសមុទ្រ រឹតតែមានភាពទាក់ទាញដល់ភ្ញៀវទេសចរបន្ថែមមួយកម្រិតទៀត។
ការដឹកនាំដែលមានភាពច្បាស់លាស់និងរីកចម្រើនបែបនេះ គឺជាសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងក្រុង/ខេត្តព្រះសីហនុទាំងមូលចង់បាន៕
កោះពស់




0 Comments