Ad Code

បទល្មើស​នេសាទ​កើត​ពេញបន្ទុក​នៅ​ដែន​អតីត​ឡូត៍​នេសាទ​លេខ (៣,៤,៥) ឯ​ខាង​ជលផល​អត់​ខ្ចី​ធ្វើការ​បង្ក្រាប​សោះ​


កណ្ដាល ​៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្វាយ​ប្រទាល ឃុំ​ត្រើយ​ស្លា ឃុំ​ប្រាសាទ ឃុំ​តា​ល​នី រួម​ជា​មួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ឲ្យ​ដឹង​ថា នៅក្នុង​ដែន​អតីត​ឡូត៍​នេសាទ​លេខ​៣,,៥ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្អាង ខេត្តកណ្តាល កំពុង​កើតមាន​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​យ៉ាង​ពេញបន្ទុក ដោយ​ពុំដែល​ឃើញ​ខាង​ជំនាញ​ជលផល​ខណ្ឌ​កណ្ដាល ផ្នែក​បាសាក់ និង​ជលផល​សង្កាត់​ស្អាង ចុះ​ទៅ​ធ្វើការ​ទប់ស្កាត់ ឬ​បង្ក្រាប​ទាល់តែសោះ។​

ក្នុងករណី​ អាជ្ញាធរ​និង​ជំនាញ​ជលផល​មាន​ភាព​កម្សោយ​ក្នុង​ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឲ្យ​ជន​ល្មើស​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បាន​យ៉ាង​អនាធិបតេយ្យ​បំផុត​តាម​តំបន់​អភិរក្ស​ពូជ​ត្រី​សំខាន់ៗ ធ្វើ​ឲ្យ​មច្ឆជាតិ​ស្ទើរតែ​វិនាស​ហិនហោច​អស់​ទៅ​ហើយ។ ​

ប្រភព​ពី​ប្រជាពលរដ្ឋ​ឃុំ​ស្វាយ​ប្រទាល​បាន​ឲ្យ​ដឹង​ថា នៅ​តាម​បណ្តោយ​ព្រែក​តា​ជ័រ និង​ព្រែ​ក​ទាហាន​សៅ រហូត​ដល់​បឹង​តា​កូវ បឹង​បាតខ្ទះ បឹង​តា​វ៉ា បឹង​គ​ន្ធា​យ ប្រាំបួន គឺ​ពោរពេញ​ដោយ​សម្រាស់ សៃយ៉ឺន​ ស្បៃ​មុង និង​បទល្មើស​ឆក់​ត្រី​ប្រើ​ដោយ​ភ្លើង​អាគុយ​រាប់​រយ​គ្រឿង​ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ពេញទំហឹង ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ខ្លាចញញើត​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ឡើយ។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រើយ​ស្លា​បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ​ថា នៅ​តាម​បណ្តោយ​ព្រែក​ឃ្លោក រហូត​បឹង​ពាម​សូ​អូ​តំរី អូរ​ខ្ចាំ​បឹង​សន្ទៃ រហូតដល់​មាត់​ប្រឡាយ​យាយ​បូ ស្ថិត​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ៣,៤ គឺ​សម្បូរ​ដោយ​បទល្មើស​សម្រាស់ សៃយ៉ឺន ស្បៃ​មុង និង​បូម​បឹង​ធម្មជាតិ​ពង្រីង​រួច​ប្រើ​មង​ឆក់ និង​ដុំ​ឆក់​ប្រមូល​ផល​ត្រី​យ៉ាងច្រើន​កុះករ ដោយ​ពួក​ឈ្មួញ​បាន​ប្រើ​សិទ្ធិ​អំណាច​ជា​ខ្នង​បង្អែក​អ្នកធំ​នៅក្នុង​មន្ត្រី​ជលផល ថ្នាក់​ខេត្ត ឬ​ស្រុក មក​កាង និង​ប្រព្រឹត្ត​ធ្វើ​បទល្មើស​ផ្សេងៗ​យ៉ាង​គឃ្លើន​បំផុត ជាពិសេស​ក្រុម​អ្នក​ឆក់​ត្រី​មាន​រាប់​រយ​នាក់​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​ទាំងនោះ​ដោយសារ​មាន​សមត្ថ​កិច្ច និង​មន្ត្រី​ជលផល​មួយចំនួន​តូច​បាន​យក​លុយ​កាក់ ហើយ​បើកភ្លើង​ខៀវ​ឲ្យ​ពួកគេ​ទៀត​ផង។

អ្នកភូមិ​ប្រាសាទ​តា​យ៉ូ​បាន​ឲ្យ​ដឹង​ថា នៅ​តាម​បឹងបួ ​អូរ​ ព្រែក​ ជុំវិញ​ភូមិ​របស់​ពួកគាត់ បើ​ចង់​ដឹង​ពួកគាត់​ប្រាប់​ថា ឲ្យ​ជិះ​ម៉ូតូ ឬ​ទូក​ដើរ​ក្រឡឹង​មើល​មួយ​ជុំ​ទៅ​ឃើញ​ហើយ​ថា​មាន​អ្វីខ្លះ​នោះ គឺ​គ្រាន់តែ(ពួក​ឆក់​ត្រី​) ចង់​ស្មើ​មួយ​កងពល​ទៅ​ហើយ។ ចំណែក​នៅ​តំបន់​សន្ទៃ អន្លង់ ត្រើយ​ទឹក រហូតដល់​ទ្រនំ​ឡូត៍​លេខ​៤​ចាស់ ធ្លាក់​មកដល់​តំបន់​អភិរក្ស​ឡូត៍​លេខ​៥ ឃុំ​ប្រាសាទ​គឺ​សុទ្ធតែ​សម្រាស់ សៃយ៉ឺន ស្បៃ​មុង ណែនណាន់តាន់តាប់​ទាំងអស់ ដែល​ពួកគាត់​រអ៊ូរទាំ​ថា រកតែ​កន្លែង​រាយ​មង​យក​ត្រី​ស្ល គឺ​ពុំ​បាន​ផង។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ដល់​បទល្មើស​នេសាទ​ទាំងនោះ​កើត​យ៉ាង​ពេញ​បន្ទុក តាំងពី​តាម​បឹងបួ ​ព្រែក ​អូរ រហូតដល់​ក្នុង​ទន្លេបាសាក់ គឺ​មាន​ខួប​ប្រាំង ខួប​វស្សា ហើយ​មិនដឹង​ជា​យ៉ាង​ណា​ទេ​បានជា​មន្ត្រី​ជលផល​ខេត្តកណ្តាល​ក្រោម​ការគ្រប់គ្រង​ពី​លោក ​ឃ្លាំង វណ្ណ​ធុល ជល​ផល​ផ្នែក​បាសាក់​ ក្រោម​ការគ្រប់គ្រង​ពី​លោក សេង ធី​ម ជលផល​ស្រុក​ស្អាង ក្រោម​ការគ្រប់គ្រង​ពី​លោក ​ឃឹម ពេញ ជា​នាយ​សង្កាត់ ​រួម​ជា​មួយ​នឹង​អាជ្ញាធរ​បែរជា​ពុំ​មាន​ចំណាត់ការ​ណាមួយ​ក្នុង​ការ​ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​នេសាទ​ខាង​លើ​នេះ​ទាល់តែសោះ។ ពួកគាត់​រិះគន់​ថា មិនដឹង​ភាព​អន់​កម្សោយ ឬ​អសមត្ថភាព​ក្នុង​ការងារ​ក៏​មិនដឹង​ដែរ។

ជាក់​ស្ដែង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​ត្រង់​ចំណុច​ចុង​ពាម​សួរ មាន​បុរស​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ ឃាង តូ រស់នៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា រួម​ជា​មួយ​នឹង​ឈ្មោះ ឈាង មេភូមិ​លេខ​៨ និង​ជនជាតិ​វៀតណាម​ជាច្រើន​នាក់​ទៀត​បាន​ទៅ​ធ្វើ​សកម្មភាព​បូម​ពង្រីង​បឹង ​រួច​យក​អួន​ក្រឡា​ញឹក​បង្កប់​ដុំ​ឆក់​ដែល​ហៅថា (​មង​ក្តៅ​) និង​ប្រើ​ឧបករណ៍​ឆក់​ដោយ​ភ្លើង​អាគុយ​ជាច្រើន​គ្រឿង​ទៀត សកម្មភាព​នេះ​យ៉ាង​គឃ្លើន​នៅ​នឹង​មុខ​សមត្ថកិច្ច​ជលផល​និង​អាជ្ញាធរ។

គួរ​បញ្ជាក់​ដែរ​ថា ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​អតីត​ឡូត៍​នេសាទ​ខាងលើ ស្ទើរ​វិនាស​ហិនហោច​អស់​ទៅ​ហើយ​ក្នុង​បច្ចុប្បន្ន​នេះ ដោយសារតែ​ត្រូវ​បាន​កាប់​បំផ្លាញ​យក​ធ្វើជា​សម្រាស់​ដាក់​នៅ​តំបន់​ខាងលើ​នោះ ករណីនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​ម៉ៅ ភិ​រុន អភិបាលខេត្ត អាជ្ញាធរ​ស្រុក និង​ជំនាញ​ជលផល​មេត្តា​មាន​វិធានការ​ទប់ស្កាត់​អាជ្ញាធរ​ស្រុក និង​ជំនាញ​ជលផល​មេត្តា​មាន​វិធាន​ការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​វេលា៕

រ៉ា​បូរ​

Post a Comment

0 Comments

Close Menu