Ad Code

ផ្ទះសំណាក់"​ឆាយ វ៉ាង" ​ត្រូវ​អគ្គីភ័យ​ឆេះ​ស្លាប់​នារី​ម្នាក់ និង​បុរស​ម្នាក់​រង​របួស​ធ្ងន់​


រតនគិរី ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ខណៈ​មាន​ផ្សែងហុយ​ចេញពី​ដំបូលផ្ទះ​សំណាក់​យីហោ​"ឆាយ​វ៉ាង​" សង្ស័យ​ទុស្សេ​ខ្សែភ្លើង​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥ ភូមិ​ជ័យជម្នះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។ ករណីនេះ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ស្នាក់​នៅ​ទាំង​ខ្មែរ​និង​បរទេស។

បើ​តាម​សម្ដី​ពី​ម្ចាស់​ផ្ទះសំណាក់​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ រូប​គាត់​ឃើញ​មាន​ផ្សែង​ហុយ​ផ្នែក​ខាងក្រោយ​នៅ​ជាន់​ទី​២ ទើប​មានការ​ភ្ញាក់​ផ្អើលឆោឡោ ហើយ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ចំនួន​១​គ្រឿង​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេល​វេលា។ ម្ចាស់ផ្ទះ​ខាងលើ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​អគ្គីភ័យ​នេះ​បណ្ដាល​មកពី​ទុស្សេ​ខ្សែភ្លើង ហើយ​ពុំ​មាន​ខូចខាត​ទ្រព្យសម្បត្តិ​នោះ​ទេ គ្រាន់​តែ​មាន​ស្នាម​ឆេះ​ខ្លោច​អស់​ស័ង្កសី​ពីរ​បី​សន្លឹក​តែប៉ុណ្ណោះ។​

សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ខាង​លើ​នេះ​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​ភ្ញៀវ​ម្នាក់​ឈ្មោះ លី លី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុកកំណើត​នៅ​ខេត្តតាកែវ មុខរបរ​ជា​អ្នក​បម្រើ​នៅ​ភោជនីយដ្ឋាន​"ពន្លឺ​ថ្មី" បាន​ឆេះ​ខ្លោច​ស្លាប់​ក្នុង​បន្ទប់​០៣២ និង​មាន​មនុស្ស​ប្រុស​ម្នាក់ទៀត​ឈ្មោះ កុល រិទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​អ្នកលក់​ពង​ទា​បោះ​ដុំ និង​រាយ ដែល​មាន​ស្រុកកំណើត​នៅ​ភូមិ​វាល ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​យក​ស្ត្រី​រងគ្រោះ​មក​ស្នាក់នៅ​បន្ទប់​ជាមួយគ្នា​រង​របួស​ធ្ងន់។ សមត្ថកិច្ច​ខាងលើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ករណី​ទុស្សេ​ខ្សែភ្លើង​នេះ​ផ្ដើម​ចេញ​ពី​បន្ទប់​០៣២ នេះ​តែម្តង​ ដោយ​សមត្ថកិច្ច​ត្រួត​ពិនិត្យ​ឃើញ​ឆេះ​ពិតាន និង​កង្ហារ​ខ្ទេច​តែម្តង។ ក្រោយពេល​កើត​ហេតុ​ត្រូវ​រថយន្ត​អគ្គីភ័យ​ចំនួន​២​គ្រឿង​មក​ពន្លត់​ទាន់​ពេល​វេលា ​ទើប​ស្ថានភាព​ប្រសើរ​ឡើងវិញ។ សមត្ថកិច្ច​ចូលរួម​មាន អធិការ​ក្រុង​បាន​លុង និង​បច្ចេកទេស​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះទៅ​អន្តរាគមន៍​ធ្វើ​កំណត់ហេតុ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជន​រងគ្រោះ។

បច្ចុប្បន្ន​ សមត្ថកិច្ច​យក​​សាកសព​ជនរងគ្រោះ​ទៅ​តម្កល់​នៅ​វត្ត​ភូមិ​ថ្មី រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

តា​ជួង​


Post a Comment

0 Comments

Close Menu