ភ្នំពេញ ៖ រហូតមកដល់ពេលនេះមានពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសមានសរុបចំនួន៦៤ម៉ឺននាក់ក្នុងនោះមានពលករមិនស្របច្បាប់ចំនួនប្រមាណជា៥០ម៉ឺននាក់។
តាមរាបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថាបច្ចុប្បន្ននេះកម្ពុជាបានផ្តល់ឱកាសការងារដល់ពលករកម្ពុជាទៅធ្វើការនៅបរទេសសរុបចំនួន៧២១៦១១នាក់ក្នុងនោះពលករនៅប្រទេសថៃច្រើនជាងគេ គឺមានចំនួន៦៤ម៉ឺននាក់ម៉ាឡេស៊ីចំនួន៤៥៣៥៧នាក់សឹង្ហបុរីចំនួន២៩៩នាក់ជប៉ុនចំនួន៦០១នាក់ និងសាធារណរដ្ឋកូរ៉េចំនួន៣៥៣៥៤នាក់។ ប៉ុន្តែក្នុងចំណោមពលករទាំងនោះមានតែពលករធ្វើការនៅប្រទេសថៃទេដែលមានពលករមិនស្របច្បាប់ច្រើន។ ក្នុងចំណោមពលករ៦៤ម៉ឺននាក់នោះមានពលករមិនស្របច្បាប់ប្រមាណ៥០នាក់។ក្រៅពីនេះមានពលករនៅម៉ាឡេស៊ីនិងសាធារណរដ្ឋកូរ៉េមួយចំនួនទៀតផងដែរ។
ប្រទេសកម្ពុជានិងថៃបានសន្យារួមគ្នាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានិងជម្រុញការដោះស្រាយបញ្ហាពលករឆ្លងដែនដោយការយោគយល់ខ្ពស់តាមរបៀបអ្នកជិតខាងគ្នាបន្ថែមទៅលើអនុស្សារណៈដែលបានចុះរួមគ្នាកន្លងមកជៀសវាងការប្រើវិធីសាស្ត្រដែលប៉ះពាល់ដល់សុវត្ថិភាពនិងអាយុជីវិតពលករ។ ខណៈពេលដែលរដ្ឋជាសមាជិកក្នុងបណ្តាប្រទេសអាស៊ានកំពុងតែមមាញឹកធ្វើផែនការនានាក្នុងការត្រៀមខ្លួនចូលជាសហគមន៍ សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥នោះប្រទេសប្រទេសកម្ពុជា បាននឹងកំពុងសហការជាមួយប្រទេសថៃលើមុខជំនាញចំនួនពីរគឺផ្នែកសំណង់ និងការតបណ្តាញអគ្គិសនីដើម្បីឲ្យពលករប្រទេសទាំងពីរទទួលបានប្រយោជន៍ស្មើៗគ្នា។
លោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ឲ្យដឹងថារហូតមកដល់ពេលនេះមានពលករកម្ពុជាធ្វើការនៅប្រទេសថៃ បានចុះបញ្ជីនៅប្រទេសថៃជាង៦០ម៉ឺននាក់ហើយក្រុមការងារចំរុះរបស់យើង បានកំពុងខិតខំផ្តល់ឯកសារនានាដើម្បីឲ្យពួកគេមានភាពស្របច្បាប់។
លោក ប្រាវីដ ឃៀងប៉ុលអគ្គនាយកការងារ នៃក្រសួងការងារនៃព្រះរាជាណាចក្រថៃធ្លាប់បានមានប្រសាសន៍ថា ប្រទេសថៃមានការខ្វះខាតកំលាំងពលកម្មច្រើននាពេលបច្ចុប្បន្ន ហើយព្រះរាជាណាចក្រថៃមានការពេញចិត្ត និងសូមអរគុណប្រទេសកម្ពុជា ដែលបានបញ្ជូនពលករកម្ពុជាទៅធ្វើការងារនៅប្រទេសថៃ។
លោកអគ្គនាយករូបនោះបានឲ្យដឹងទៀតថា ពលករកម្ពុជានៅប្រទេសថៃមាន២ប្រភេទ ទី១ពលករដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃ និង២ធ្វើការនៅតាមព្រំដែន ហើយរាជរដ្ឋាភិបាលថៃមានគោលបំណងចង់ឱ្យពលករកម្ពុជាអាចទទួលបានសិទ្ធិនិងអត្ថប្រយោជន៍ការងារដូចជាប្រជាពលរដ្ឋថៃទូទៅដែរ។
កាលពីចុងខែមេសាឆ្នាំ២០១៤កន្លងទៅនេះក្រុមការងារបច្ចេកទេសភាគី កម្ពុជា និងថៃ ចាប់ផ្ដើមពិភាក្សាទៅលើរបៀបវារៈចំនួន៤ ពាក់ព័ន្ធ នឹងផលប្រយោជន៍ពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃក្នុងនោះបានដែលរបៀបវាទាំងនោះរួមមាន ទី១ ច្រកចេញចូលតែមួយតាមព្រំដែនអន្តរជាតិកម្ពុជា ថៃ។ ទី២ ការចេញប័ណ្ណធ្វើការងារ នៅបរទេស សម្រាប់ពលករកម្ពុជាទាំងអស់ដែលចេញទៅ និងកំពុងធ្វើការនៅបរទេស ដើម្បីឲ្យភាគីនៃប្រទេសទទួល ងាយស្រួលផ្ដល់ប័ណ្ណអនុញ្ញាតការងារ និងប័ណ្ណអនុញ្ញាតស្នាក់នៅជូនពលករកម្ពុជាបានឆាប់។ ទី៣ នីតិវិធីសម្រាប់គ្រប់គ្រងពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃ និងការផ្ដល់ភាពស្របច្បាប់ ជូនពលករកម្ពុជាដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ ដោយរៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការចេញប័ណ្ណធ្វើការនៅបរទេសសម្រាប់ពលករកម្ពុជា។ និងទី៤ នីតិវិធីក្នុងការបញ្ជូន និងគ្រប់គ្រងពលករកម្ពុជាទៅធ្វើការព្រឹក វិលល្ងាច និងតាមរដូវនៅតាមច្រកព្រំដែនកម្ពុជា-ថៃ និងបញ្ហាផ្សេងៗ៕

0 Comments