Ad Code

ជាតិនិយម​ជ្រុល​ គឺជា​ឫសគល់​នៃ​សង្គ្រាម

នៅក្នុង​សម័យបុរាណ​ការធ្វើ​សង្គ្រាម​ដណ្តើម​ទឹកដី​បានកើត​ឡើង​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក ពោលគឺ​ជាតិ​សាសន៍​ណា ដែលមាន​សមត្ថភាព​ខ្លាំង នោះគេ​អាចមាន​លទ្ធភាព​ក្នុងការ​ដណ្តើមយក​ទឹកដី​របស់​ជាតិ​សាសន៍​ដទៃទៀត​មក​គ្រប់គ្រង​។ ប៉ុន្តែ​ការធ្វើ​សង្គ្រាម​បែបនេះ មិនបាន​បញ្ចប់​ត្រឹម​នោះទេ នេះ​មានន័យថា​ថ្ងៃ​ណាមួយ​ជាតិ​សាសន៍ ដែល​ធ្លាប់តែ​ខ្សោយ​នឹង​ងើប​តបត​ឡើងវិញ​ជាមិនខាន​ឡើយ​។ ហេតុដូច្នេះ ការកាប់សម្លាប់​គ្នា​មាន​ជា​បន្តបន្ទាប់ ដែល​កើតឡើង​ពី​ការស្រឡាញ់​ជាតិ​សាសន៍​ខ្លួនឯង ហើយ​ចង់​ឲ្យ​ជាតិ​សាសន៍​ខ្លួនឯង​ល្អ រហូត​ឈានដល់​ការបំផ្លាញ​ជាតិ​សាសន៍​ដទៃ​។
យ៉ាងណាមិញ រហូតមកដល់​សតវត្ស​ទី​២១​នេះ សង្គ្រាម​ដោយសារ​ការស្រឡាញ់​ជាតិ​ជ្រុល​នៅតែ​បន្ត​កើតមាន​។ ស្រលាញ់​ជាតិ​សាសន៍​ខ្លួនឯង វា​ជា​រឿង​ដែល​ជនជាតិ​ណា​ក៏​ធ្លាប់មាន​ចំពោះ​ជនជាតិ​ខ្លួនឯង និង​មាតុភូមិ​របស់ខ្លួន​ដែរ។ មិនថាតែ​ជាតិ​សាសន៍​នោះ​អាក្រក់ ឬ​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ​យ៉ាងណា​នោះទេ ប៉ុន្តែ​ជនជាតិ​នៃ​ប្រទេស​នោះ​មិន​បោះបង់ចោល​នូវ​ជាតិ​សាសន៍​របស់ខ្លួន​ឡើយ។ យ៉ាងណាមិញ ការស្រឡាញ់​ជាតិ​សាសន៍​ខ្លួនឯង​ជ្រុល​ហួសហេតុ​ពេក ឬ​ជាតិនិយម​ពេក​ក៏បង្ក​ជា​បញ្ហា​ច្រើន​ណាស់ដែរ​។ ហេតុអ្វី​បានជា​ជាតិនិយម​ធ្វើ​ឲ្យ​មាន​សង្គ្រាម ឬ​មាន​បញ្ហា​ក្នុងសង្គម​?
បញ្ហា​ជាតិ​សាសន៍​និយម​គឺជា​បញ្ហា​ដ៏​រសើប​មួយ​ក្នុងសង្គម​ខ្មែរ តាំងពី​យូរលង់​ណាស់​មកហើយ​។ បច្ចុប្បន្ននេះ បញ្ហា​ជាតិ​សាសន៍​ត្រូវបាន​គេ​យកមកប្រើ​ក្នុងការ​ប្រមូលយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ជាការ​អុចអាល​ឲ្យ​មាន​ជម្លោះជាតិសាសន៍​រវាង​ជាតិ​សាសន៍​ដទៃ​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០០៣ បញ្ហា​ជាតិ​សាសន៍​និយម​បានធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​សង​ការខូចខាត​ជាច្រើន​លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ភាគី​ថៃ​។ ព្រឹត្តិការណ៍​ឆ្នាំ​២០០៣ បានធ្វើ​ឲ្យ​ស្ថានទូត​ថៃ​ត្រូវបាន​ដុតបំផ្លាញ ដោយសារតែ​ក្រុមបាតុករ​មានការ​ខឹង​សម្បា​នឹង​ពាក្យ​ចចា​ម​អា​រ៉ា​ម​ជុំវិញ​រឿងរ៉ាវ​ប្រាសាទអង្គរវត្ត​។ នេះ​បង្ហាញថា​ជាតិនិយម​ជ្រុល​ពេក​បានធ្វើ​ឲ្យ​កម្ពុជា​ខ្លួនឯង​ត្រូវ​សងការ​ខូចខាត​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​។
ក្នុងការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះដែរ កម្ពុជា​ក៏បាន​ជួបនឹង​បញ្ហា​ជាតិ​សាសន៍​និយម​នេះ​ម្តងទៀត​។ ជាក់ស្តែង​ក្នុង​រាជធានី​ភ្នំពេញ​មានការ​ដុត​ឡាន​របស់​ប៉ូលីស​ក្រោយពេល ដែល​ក្រុម​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់ថា​មានឈ្មោះ​ជនជាតិ​វៀតណាម​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ជា​លទ្ធផល​ទ្រព្យសម្បត្តិ​សាធារណៈ​ត្រូវបាន​បំផ្លាញ​ដោយសារតែ​កំហឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​។ ចំពោះ​ដំណោះស្រាយ​វិញ ប្រសិនបើ ប្រជាពលរដ្ឋ​រកឃើញ​ថា​ពិតជា​មានឈ្មោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​មែន គួរ​ណាស់​តែ​ពួកគាត់​ឃាត់​មនុស្ស ដែល​សង្ស័យ​នោះ​ទុក ហើយ​រាយការណ៍​មកកាន់​សមត្ថកិច្ច។ ម្យ៉ាងវិញទៀត ការដុត​កម្ទេច​រថយន្ត​របស់​រដ្ឋ​មិនមែនជា​ដំណោះស្រាយ​នោះទេ ហើយ​សកម្មភាព​នេះ​គឺ​បញ្ជាក់ថា​អ្នកធ្វើ​មិនមែនជា​មនុស្ស​មានចំណេះ​ដឹង សមជា​ពលរដ្ឋ​ខ្មែរ​ឡើយ​។​
ងាក​មក​និយាយ​ពី​ប្រវត្តិ​នៃ​សង្គ្រាមលោក​ឯណោះ​វិញ ក៏បាន​កើតឡើង​ដោយសារតែ​ការប្រកាន់​ពូ​សាសន៍ ឬ​ជាតិនិយម​ជ្រុល​ពេក​នេះដែរ​។ ជាក់ស្តែង​មេដឹកនាំ​របស់​អាឡឺម៉ង់​បាន​បង្កើត​ខ្សែភាពយន្ត​មួយ ដែលមាន​លក្ខណៈ​បន្តុះ​​បង្អាប់​ចំពោះ​ជនជាតិ​ជ្វី​ហ្វ ដែល​នេះ​បង្ហាញ​ពី​ការរើសអើង​ជាតិ​សាសន៍​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។
រហូតមកដល់​ពេលនេះ ជាតិ​សាសន៍​និយម​មិនថាតែ​ក្នុងប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​នៅលើ​ពិភពលោក​បាន​កំពុងតែបន្ត​កើតមាន​ឡើងជា​ហូរហែ​។ ជាក់ស្តែង​ដូចជា​សង្គ្រាម​នៅ​តំបន់​ម​ជ្ឈិ​បូព៌ា​ជាដើម ដែលមាន​សង្គ្រាម​ប្រដាប់អាវុធ​ស្ទើរតែ​រាល់ថ្ងៃ​។ ចំណែកឯ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​វិញ រឿងរ៉ាវ​នៃ​ជាតិ​សាសន៍​និយម​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្អប់​គ្នាឯង​ផងដែរ​។ ស្អប់​គ្នា​នៅត្រង់ថា​ពួកគេ​លាប​ពណ៌​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ពោលគឺ​បើ​គេ​ស្អប់​អ្នកណាម្នាក់​ហើយ នោះគេ​នឹង​ចោទ​អ្នកនោះ​ថា​ជា​ជនជាតិ​នេះ ឬ​ជា​ជនជាតិ​នោះ​ជាដើម​។
ជាការ​ពិតណាស់ថា​ ការស្រឡាញ់​ជាតិ​សាសន៍​ខ្លួនឯង​គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ការស្រឡាញ់​ជាតិ​ហួសហេតុ អាច​បង្ក​ជា​បញ្ហា​ផ្សេងៗ ដូចដែល​បាន​រៀបរាប់​ខាងលើ​មកនេះ​។ ម្យ៉ាងវិញទៀត ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុននេះ សមាហរណកម្ម​សេដ្ឋ​អ​កិច្ច​អាស៊ាន​នឹង​កើតឡើង ហេតុដូច្នេះ​ការបើក​ចិត្ត​ឲ្យ​ទូលាយ​រួមគ្នា​ជា​ធ្លុង​មួយ​រវាង​ជាតិ​សាសន៍​ដទៃ​គឺជា​សញ្ញា​នៃ​សន្តិភាព​។ យើង​ត្រូវ​ចងចាំ​ថា​គ្មាន​អ្នកណាម្នាក់​គេ​មក​យក​ទឹកដី​យើង​ទេ បើ​យើង​ជា​ពលរដ្ឋ ដែល​ខ្លាំង​ទាំង​ស្មារតី ទាំង​ប្រាជ្ញា​នោះ​។ ប៉ុន្តែ​បើជា​តិ​សាសន៍​យើង​នៅពេលនេះ និយាយ​ហាក់ដូចជា​ស្តាប់​គ្នា​មិនបាន​ផង តើ​នេះ​មិន​ហៅថា​ចំណុចខ្សោយ​របស់​យើង​ទេ​ឬ?
ប្រសិនបើ​យើង​ដក​តែ​សញ្ជាតិ​ចេញ នោះ​មនុស្ស​គ្រប់គ្នា​នៅលើ​ពិភពលោក​នឹងមាន​លក្ខណៈ​ដូចគ្នា ហើយ​មនុស្ស ដែលមាន​លក្ខណៈ​ដូចគ្នានេះ ក៏​ចង់បាន​នូវ​សន្តិភាព​មួយ​ដូចគ្នា​ផងដែរ​។ ដូច្នេះ យើងទាំងអស់គ្នា​គួរតែ​ធ្វើខ្លួន​ជា​ពលរដ្ឋ​នៃ​ពិភពលោក ពោលគឺ​កុំ​ប្រកាន់ពូជសាសន៍ ឬ​ជា​បុគ្គល​ម្នាក់​ជាតិនិយម​ជ្រុល​ពេក​។ តាមរយៈ​លក្ខខណ្ឌ​​នេះ មនុស្ស​គ្រប់គ្នា​នៅលើ​ពិភពលោក​នឹង​ទទួលបាន​សន្តិភាព​គ្រប់ៗ​គ្នា៕

Post a Comment

0 Comments

Close Menu