សារព័ត៌មានតំបន់ឲ្យដឹងថា ក្រុមសាជីវកម្មថៃបីធំជាងគេបង្អស់ បានស្នើជាគម្រោងលក់រាយ និងឧស្សាហកម្ម នៅប្រទេសវៀតណាម ដែលអាចបង្កើនការវិនិយោគរបស់ថៃនៅក្នុងប្រទេស សមាជិកអាស៊ានមួយនេះ ដល់ ៥០០%។ យោងតាម VietnamNet ប្រធានកំពូលៗ នៃក្រុមហ៊ុន PTT Plc, the Central Group និង Amata Corp Plc បានស្នើសុំទៅនាយករដ្ឋមន្ត្រី ង្វៀន តាន់ យុង នូវគម្រោងមួយចំនួន ដែលបើសម្រេចបានសព្វគ្រប់ នឹងបង្កើនការវិនិយោគនៃប្រទេសថៃ បួន ទៅ ប្រាំដង នៃទំហំបច្ចុប្បន្ន៧ ពាន់លានដុល្លារ ជាទុនចុះបញ្ជី។
គម្រោងទាំងនោះរួមមានការពង្រីក គម្រោងចម្រាញ់ប្រេង នៅតំបន់សេដ្ឋកិច្ចពិសេស Nhom Hoi ក្នុងខេត្ត ប៊ិញឌិញ គម្រោងនគរោបនីយកម្ម ៥ ពាន់លានដុល្លាររបស់ Amata ក្នុងខេត្ត ក្វាងនិញ និងការពង្រីកមជ្ឈមណ្ឌលលក់ដូរ Robins Shopping Centre ពីក្រុង ហាណូយទៅក្រុង ហូជីមិញ។ គិតត្រឹមថ្ងៃ ១៥ ធ្នូ ក្រុមអ្នកវិនិយោគថៃ បានដាក់ឲ្យដំណើរការគម្រោងចំនួន ៣៧៤ នៅប្រទេសវៀតណាម មានទំហំប្រមាណ ៦,៧ ពាន់លានដុល្លារ ដាក់ប្រទេសថៃនៅលំដាប់ទី ១០ ក្នុងចំណោមប្រទេស និងទឹកដី ១០១ ដែលបានវិនិយោគ នៅវៀតណាម។
អ្នកវិនិយោគថៃ បានផ្តោតជាសំខាន់ទៅលើឧស្សាហកម្មកែច្នៃ និងកម្មន្តសាលកម្ម ជាមួយ ១៧៩ គម្រោង និងប្រាក់ទុនចុះបញ្ជីសរុប ៥,៧ ពាន់លានដុល្លារ ព្រមទាំងវិស័យកសិកម្ម ព្រៃឈើ និងនេសាទ មាន ២៨ គម្រោង និងមានទុន ៤៧៥ លានដុល្លារ។ វិស័យផ្សេងទៀត ដែលមានការចាប់អារម្មណ៍ដែរ រួមមាន សំណង់ ពាណិជ្ជកម្មជាដុំ និងរាយ ការស្នាក់នៅ និងការបម្រើអាហារ៕

0 Comments