Ad Code

ក្មេង​ប្រុស​ម្នាក់​បើក​រថយន្ត​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​២​នាក់​ និង​ក្មេង​ប្រុស​ម្នាក់​របួស​ធ្ងន់

ព្រះសីហនុ ​៖ ​ស្ត្រី​មាន​ផ្ទៃពោះ​ពីរ​នាក់ និង​ក្មេង​ប្រុស​ម្នាក់​បាន​រង​របួស​ធ្ងន់ ខណៈ​​ពេល​ពួកគេ​ជិះ ម៉ូតូ​ឌុប​គ្នា ​ហើយ​ត្រូវ​រថយន្ត​ក្មេង​ស្ទាវ​បើក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​តុលា ​ឆ្នាំ​២០១៥​ នៅ​ត្រង់​ចំណុច​ផ្លូវ​១០៨ (​កែង​មហោស្រព​ចាស់​) ទល់មុខ​ធនាគារ​កម្ពុជា​សាធារណៈ​ និង​សណ្ឋាគារ​កោះ តា​គៀវ។


បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ជាច្រើន​នាក់​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​កាមរី​បា​ឡែ​ន បើកបរ​ដោយ​ក្មេង​ប្រុស​ម្នាក់​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត។ លុះ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជនរងគ្រោះ​ទាំង​៣​នាក់ ​ដែល​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​នៅ​ខាងមុខ​(​គោលដៅ​ស្រប​ទិស​គ្នា​) យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​បី​នាក់​ក្នុងពេលនោះ​តែ​ម្តង។ ជនរងគ្រោះ​ទាំង​៣​នាក់ ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​​សង្គ្រោះ​ ភ្លាមៗ ផង​ដែរ។


ក្រុម​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ទី​១.​ឈ្មោះ​នឿន ស្រី​ប៉ាក អាយុ​២៥ មាន​ផ្ទៃពោះ​៤​ខែ​, ទី​២. ​ឈ្មោះ ហាស់ សាវឿន ​មាន​ផ្ទៃពោះ ​៨​ខែ រួម​នឹង​ក្មេង​ប្រុស​អាយុ ៤​ឆ្នាំ​​ម្នាក់​រង​របួស​ធ្ងន់​ផង​ដែរ។ ម៉ូតូ​ជនរងគ្រោះ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​ 1D-0897​រង​ការ​ខូចខាត​ជា​ដំណំ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​កាមរី​ បា​ឡែ​ន​ ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A 4158​បើកបរ​ដោយ​ក្មេង​ស្ទាវ​ម្នាក់​​សង្ស័យ​មិនទាន់​គ្រប់​អាយុ​ និង​មិន​មាន ប័ណ្ណ​បើកបរ​បើក។


បច្ចុប្បន្ន​ទាំង​រថយន្ត​បង្ក​​ហេតុ​ និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។


សមត្ថកិច្ច​ប៉ូលិស​បាន​ធ្វើ​ការ​អះអាង​ថា ​ភាគី​រថយន្ត​កំពុង​ព្យាយាម​ធ្វើ​សម្របសម្រួល​ផ្ដល់​សំណង់​ដល់​ជនរងគ្រោះ​តាមរយៈ​ចេញ​ថ្លៃ​ព្យាបាល។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ​ជុំវិញ​បញ្ហា​​ខាង​លើ​នេះ​ប្រជាពលរដ្ឋ​បាន​ធ្វើការ​សំណូមពរ​ទៅ​ដល់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ក៏​ដូចជា​មន្ត្រី​​ពាក់ព័ន្ធ ​ដែល​ជា​អ្នក​អនុវត្ត​​ច្បាប់​មេត្តា​ធ្វើការ​ពិនិត្យ​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់​ពាក់​​ព័ន្ធ​នឹង​អ្នកបើកបរ​រថយន្ត​បង្ក​​ហេតុ​​ផង ​ដើម្បី​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ពីព្រោះ​អ្នកបើកបរ​រថយន្ត បង្ក​​ខាង លើ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា មិនទាន់​គ្រប់​អាយុ​ក្នុង​ការ​បើកបរ​ និង​មិន​មាន​ប័ណ្ណ​បើក​នោះទេ៕
M30-10-15-n


M30-10-15-n1


M30-10-15-n2



ក្មេង​ប្រុស​ម្នាក់​បើក​រថយន្ត​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​២​នាក់​ និង​ក្មេង​ប្រុស​ម្នាក់​របួស​ធ្ងន់

Post a Comment

0 Comments

Close Menu