ភ្នំពេញ ៖ បន្ទាប់ពីសាលាខណ្ឌឫស្សីកែវដែលដឹកនាំដោយលោកធុយសុខន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បើកយុទ្ធនាការចុះចែកអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋដល់ផ្ទះ នៅពេលថ្មីៗកន្លងមកនេះ តាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែន ដែលលោកតែងតែណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានថា ត្រូវចុះជាប់ជាមួយប្រពលរដ្ឋដល់លំនៅដ្ឋាននោះ លោក ធុយសុខន ក៏បានជំរុញឲ្យមន្ត្រីប៉ូលិសជំនាញជួយបំផុសនិងបន្តធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋបន្ថែមទៀតចំពោះអ្នកមិនទាន់បានកាលពីលើកមុន។ ពិសេសត្រូវចុះធ្វើជូនប្រជាពលរដ្ឋ ជាជនពិការ ចាស់ជរា ដល់ផ្ទះដែលពួកគាត់ពិបាកក្នុងការធ្វើដំណើរមកធ្វើអត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននោះ។
ជាក់ស្តែងបច្ចុប្បន្ននេះនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មន្ត្រីនគរបាលជំនាញកំពុងមមាញឹកក្នុងការ ធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋមកពីបណ្តាសង្កាត់ផ្សេងៗទាំង៦សង្កាត់ដោយមិនគិតពីការនឿយហត់តាមការណែនាំរបស់លោកអភិបាលខណ្ឌ ជាងនេះទៀត លោកទៀងចាន់សារអធិការនគរបាលខណ្ឌឫស្សីកែវ បច្ចុប្បន្ននេះបានដឹកនាំមន្ត្រីជំនាញចុះស្រង់ទិន្នន័យ ឬបំពេញឯកសារសលាកបត្របែបបទផ្សេងៗជូនបងប្អូនជនពិការចាស់ជរាដើរមិនរួច ដើម្បីចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់ដល់ផ្ទះតែម្តង។
គួរបញ្ជាក់ថា កន្លងមកអាជ្ញាធរខណ្ឌឫស្សីកែវ ដែលដឹកនាំដោយលោក ធុយ សុខន បានបើកយុទ្ធការចុះចែកអត្តសញ្ញាណប័ណ្ណដល់ផ្ទះប្រជាពលរដ្ឋបានចំនួន៤១៨៩ សន្លឹក ក្នុងនោះប្រុស១៩៧៧សន្លឹក ដោយចែកជូនចំនួន៣សង្កាត់ គឺសង្កាត់ទួលសង្កែសង្កាត់ឫស្សីកែវនិងសង្កាត់គីឡូម៉ែត្រលេខ៦។
លោក ទៀងចាន់សារអធិការនគរបាលខណ្ឌឫស្សីកែវ និងមន្ត្រីទាំងអស់នាឱកាសនោះក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវប្រញាប់រួសរាន់បំពេញបែបបទធ្វើនឹងគេ ហើយពេលបានអត្តសញ្ញាប័ណ្ណនេះហើយបងប្អូនត្រូវចេះទុកដាក់ឲ្យបានត្រឹមត្រូវនិងថែរក្សាឲ្យបានគង់វង្ស កុំឲ្យបាត់បង់ព្រោះនេះជាឯកសារផ្លូវច្បាប់មួយយ៉ាងសំខាន់ដើម្បីទុកប្រើប្រាស់តាមតម្រូវការចាំបាច់៕
លោកធុយសុខន ជំរុញឲ្យប៉ូលិសជំនាញបន្តធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ
0 Comments