Ad Code

អាវុធហត្ថ​ខណ្ឌដង្កោ​ឃាត់​ជនសង្ស័យ​២​នាក់​ ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​


ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខណ្ឌដង្កោ ធ្វើការ ឃាត់​ខ្លួន ជាក់ស្តែង​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​មិនបាន​សម្រេច។
ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង ២៣ និង​៣៥​នាទី យប់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​០៩ ផ្លូវ​បេតុង​បឹង​តា​ម៉ា​ត ស្ថិតក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។
ជនសង្ស័យ​ទី​១​ឈ្មោះ ប៊ុន ណា​រ៉ូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ មាន​ទីលំ​នៅ​ផ្ទះជួល​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ទី​២​ឈ្មោះ អាន ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​នៅផ្ទះ​ជួល​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អាង សមិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីន បច្ចុប្បន្ន​រស់នៅ​ផ្ទះជួល​លេខ​០៩ កន្លែងកើតហេតុ។
លោក​អនុសេនីយ៍ឯក ជា ផល្លា មេបញ្ជាការរង​អាវុធហត្ថ​ខណ្ឌដង្កោ ទទួលបន្ទុក ស្រាវជ្រាវ យុត្តិធម៌ ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២​នាក់ ត្រូវបាន​កម្លាំង​ល្បាត​របស់លោក​ឃាត់ខ្លួន​ជាក់​ស្តែង ខណៈដែល​ពួកវា​ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក ស៊ុប​ព័រ គុប ជ្រុង សេ​៥០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រៃវែង 1A-8708 ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ជនរងគ្រោះ​ខាងលើ តែ​មិនបាន​សម្រេច ដោយ​ម្នាក់​ជា​អ្នកធ្វើ​សកម្មភាព និង​ម្នាក់ទៀត​ជា​អ្នក​ចាំ​ម៉ូតូ។
លោក​អនុសេនីយ៍ឯក ជា ផល្លា ប្រាប់​បន្តថា ក្រោយ​ឃាត់ខ្លួន​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​២​នាក់ ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆ្កឹះសោរ និង​គាស់​ផ្ទះ ប្រជាពលរដ្ឋ ដើម្បី​លួច​ទ្រព្យសម្បត្តិ​ប្រាកដ​មែន ប៉ុន្តែ​មិនបាន​សម្រេច​នោះទេ ត្រូវ​សមត្ថកិច្ច ឃាត់​ជាប់​ទាំង​២​នាក់​។ ក្នុងនោះ​ជនសង្ស័យ​ឈ្មោះ អាន ពៅ ក៏​ធ្លាប់​ជាប់គុក​ព្រៃ​ស ចំនួន ៣​ឆ្នាំ ពីបទ​លួច ហើយ​ជនសង្ស័យ​ទាំង ២​នាក់ ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ​។ ជន សង្ស័យ​ទាំង​២​នាក់ ក្រោយពី​ធ្វើការ​សាកសួរ បាន​បញ្ជូនបន្ត​ទៅកាន់​ទីបញ្ជាការដ្ឋាន​កង​រាជ​អា វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី។
លោក​អនុសេនីយ៍ឯក ជា ផល្លា ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា ការបញ្ជា​ផ្ទា​ល់ពី​លោក​វរសេនីយ៍ទោ ស សុភ​ណ្ឌ័ មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ លោក​តែងតែ​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​នៅក្នុង​មូលដ្ឋាន​ទាំងយប់​ទាំង​ថ្ងៃ ពួនស្ទាក់ ទប់ស្កាត់​រាល់​បទល្មើស​ទាំងឡាយ កុំ​ឲ្យ​កើតមានឡើង ដើម្បី​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព ជួន​ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងការ​បង្ក្រាប​ជនសង្ស័យ​នេះ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ឧបត្ថម្ភ​នូវ​ទឹកប្រាក់​ចំនួន ១​លាន​រៀល និង​លោក វើក សាមឿន ចៅសង្កាត់​ដង្កោ ក៏បាន​ឧបត្ថម្ភ​នូវ​ទឹកប្រាក់​ចំនួន ២០​ម៉ឺន​រៀល ផងដែរ ដល់​កងកម្លាំង​អាវុធហត្ថ​៕


Post a Comment

0 Comments

Close Menu