បន្ទាយមានជ័យ ៖ បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គរសហរដ្ឋអាមេរិកចំនួន១៧៥នាក់បានចុះមកពិនិត្យនិងព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យចំនួន៦ថ្ងៃចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដោយពុំគិតថ្លៃ។
ពិធីនេះមានការចូលរួមលោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោក ដានីវង្ស ប្រធានគណៈប្រតិភូសុខាភិបាលបេសកកម្មអង្គរបស់សហរដ្ឋអាមេរិក លោក អៀវ ដារាវុទ្ធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។
លោក គោ ស៊ុំសារឿត បានមានប្រសាសន៍ក្នុងពិធីនោះថា ថ្ងៃនេះខេត្តបន្ទាយមានជ័យមានភ័ពសំណាងបានទទួលនូវក្រុមគ្រូពេទ្យបេសកកម្មអង្គរស្ម័គ្រចិត្រចំនួន១៧៥នាក់មានវេជ្ជបណ្ឌិតចំនួន២០នាក់ បានចុះមកពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យក្នុងមន្ទីរពេទ្យបង្អែកក្នុងសិរីសោភ័ណដោយឥតគិតថ្លៃ។ លោកបានបន្តថា គ្រូពេទ្យស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិកមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះមាន ជម្ងឺទូទៅមនុស្សចាស់ កុមារ មាត់ធ្មេញ វះកាត់ជម្ងឺភ្នែកជាដើម។ ក្រៅពីនេះមានកម្មវិធីពិសេសមួយទៀតគឺការផ្តល់ដៃសិប្បនិម្មិតជូនជនពិការដៃម្ខាង ហើយនិងបានធ្វើការចែកវ៉ែនតាពាក់ភ្នែកភ្លឺជូនដល់ប្រជាពលរដ្ឋចំនួន៥០០០វ៉ែនតាទៀតផង។
លោក អៀវ ដារាវុទ្ធិ ក៏បានមានប្រសាសន៍ក្នុងពិធីនេះដែថា កម្មពិធីពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រព្រឹត្តទៅក្នុងបរិវេនមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ដែលអនុវត្តចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៤ល្ងាចរៀងរាល់ថ្ងៃចាប់ពីថ្ងៃទី២មករា ដល់ថ្ងៃទី៦មករា។ លោកវុទ្ធិបាននិយាយបន្តថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយរបស់ខេត្តបន្ទាយមានជ័យ ដែលមិនធ្លាប់មានកាលពីមុនមក។ លោកដានីវង្សក៏បានមានប្រសាសន៍ដែរថា ក្នុងនាមលោកជាប្រធានប្រតិភូសុខាភិបាលបេសកកម្មអង្គសហរដ្ឋអាមេរិកព្រមទាំងសហការីចុះមកសហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណក្រោមការសម្របសម្រួលដោយក្រុមការងារសាលាខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីចុះមកពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យដោយស្ម័គ្រចិត និងឥតគិតថ្លៃទៀតផង។លោកបានបន្តថា ដោយសារតែក្នុងខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋក្រីក្រពុំមានលទ្ធភាពអាចចូលព្យាបាលជម្ងឺក្នុងមន្ទីរពេទ្យធំៗបាន ទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះមកព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃយ៉ាងដូច្នេះ។
លោក គោ ស៊ុំសារឿត បានថ្លែងអអរគុណយ៉ាងជ្រាលជ្រៅ និងវាយតំលៃខ្ពស់ចំពោះបេសកកម្មមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិក ដែលបានមកខេត្តបន្ទាយមានជ័យដើម្បីពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយកាយវិការសប្បុរសធម៌មិនយកកំរៃពីប្រជាពលរដ្ឋ។ លោកបានជូនពរឲ្យការពិនិត្យ និងព្យាបាលរបស់អស់លោកប្រកបទៅដោយសុវត្ថិភាពនិងសុខសប្បាយចាប់តាំងពីអស់លោកមកពិនិត្យ និងព្យាបាលជម្ងឺក្នុងខេត្តបន្ទាយមានជ័យយើងនេះរហូតដល់ចប់ពិនិត្យ និងព្យាបាលជម្ងឺវិលទៅស្រុកវិញ៕

0 Comments