Ad Code

អណ្តាត​និង​ធ្មេញ

មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​ប្រយោជន៍​សម្រាប់ គ្នាឯង​ក្នុងការ​រួមរស់​ជាមួយគ្នា​ដែល​មិនអាច​អត់​បាន ទាំង​ក្នុង​រង្វង់​គ្រួសារ​, ទាំង​នៅក្នុង​អង្គភាព​ក៏ដូចជា​នៅក្នុង​សង្គម​ផង​។ យ៉ាងនេះ​ហើយ​ទើប​ពាក្យចាស់​បាន​លើក​ជា​ឧទាហរណ៍​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​មនុ​ស្សនឹង​មនុស្ស​ប្រៀប​ដូច​អណ្ដាត​និង​ធ្មេញ​យ៉ាង​នោះដែរ​។​

ធម្មជាតិ មនុស្ស សត្វ តែង​រស់នៅ​ដោយ សារ​អាហារ​ក្នុងការ​បរិភោគ​ឬ​ហៅថា​ជាការ​ស៊ីចុក​តាមរយៈ​ការ​ទំពា​ដោយសារ​ធ្មេញ​និង​មានការ​ចូលរួម​ដឹង​រសជាតិ​ពី​អណ្ដាត ហើយក៏​អណ្តាត​ជួយ​បញ្ចេញ​សកម្មភាព​របស់ខ្លួន​ជាមួយនិង​ការ​ទំពា​ដោយ​ធ្មេញ​ព្រម​ជាមួយគ្នា​។ បានសេចក្តីថា ក្នុងការ​ចិញ្ចឹម​រាងកាយ​អោយ​មានការ​ធំធាត់​ដោយសារ​ការបរិភោគ​អាហារ​តាមរយៈ​មាត់​ដែលមាន​អណ្ដាត​និង​ធ្មេញ​មាន​តួនាទី​ប្រកបដោយ​សកម្ម​ភាពរស់រវើក​ឬ​ហៅថា​លើក​ព្រម​ដាក់​ព្រមជាមួយ​គ្នា​។ ក្នុងនោះ​ក៏​គេ​អាច​និយាយថា អណ្ដាត​និង​ធ្មេញ​បានធ្វើការ​ជាមួយគ្នា​ទៅតាម​លក្ខណៈពិសេស​រៀង​ខ្លួន​។​

គេ​តែង​និយាយថា មនុស្ស​ដែល​បាក់ធ្មេញ​អស់​គឺ​នៅសល់តែ​អណ្ដាត​ក៏​មិនអាច​ទំពា​អាហារ​បានល្អ​ដូច​កាល​នៅមាន​ធ្មេញ​ល្អ​នោះ​ដែរ​។ គឺ​អាហារ​ណា​រឹង​ឬ​ស្វិត​នោះ​អ្នក​ដែល​អស់​ធ្មេញ​មិនអាច​ទំពា​បាន​ម៉ដ្ឋ​នោះឡើយ​។ នៅពេល​អាហារ​ក្នុង​មាត់​មិនមាន​ការ​ទំពា​នោះ ក៏​បណ្ដាលអោយ​មាត់​មិន​បានដឹង​រសជាតិ​នោះទេ ព្រោះ​ដោយសារតែ​អណ្តាត​មិនបាន​គ្រប់គ្រង​អាហារ​ដែល​កើតចេញពី​ការ​ទំពា​របស់​ធ្មេញ​។ ប៉ុន្តែ​បើ​មនុស្ស​គ្មាន​អណ្ដាត​វិញ ហើយ​មានតែ​ធ្មេញ​នោះ ក៏​គ្រាន់​តែមាន​សកម្មភាព​ទំពា​អាហារ​ដោយ​មិនអាច​ធ្វើអោយ​មាត់​បានទទួល​ឱជា​រស​ពី​ចំណីអាហារ​នោះ​ទាល់តែសោះ​។​

នេះ​គឺជា​ការប្រៀបធៀប​របស់​ដូនតា​សំដៅ​ទៅលើ​កិច្ចការ​ទំនាក់ទំនងរ​បស់​មនុស្ស​ក្នុងសង្គម​ដែល​ហៅថា មនុស្ស​ត្រូវការ​មនុស្ស​ទោះ​តិច​ទោះ​ច្រើន​វា​ផ្អែក​ទៅតាម​តម្រូវការ​នៃ​ការងារ​។ ជា​ពិសេស​ក្នុង​បំណង​របស់​ដូនតា​ចង់អោយ​កូនចៅ​មានការ​រួមរស់​ជាមួយគ្នា​ប្រកបដោយ​ភាព​សុខសាន្ត​ដោយ​យោល​ទៅតាម​សមត្ថភាព​និង​លទ្ធភាព​ដែល​មនុស្ស​ម្នាក់ៗ​ធ្វើ​បាន​។ បាន​សេចក្តីថា មនុស្ស​ម្នាក់ៗ​មិន​អាច​រស់នៅ​ដោយ​ឯកោ​បាន​នោះទេ ព្រោះ​មនុស្ស​ត្រូវមាន​ទំនាក់ទំនង​គ្នា​ដោយ​ប្រការ​ណាមួយ​ជាមិនខាន​។ ជាក់ស្តែង ដូច​អក្សរសិល្ប៍​បុរាណ​របស់​ខ្មែរ​រឿង​សេដ្ឋី​ខ្វះ​អំបែង​ក៏​ជាការ​បញ្ជាក់​អោយដឹងថា មិនមែន​អាង​ថា ខ្លួន​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ហើយ​រស់នៅ​ដោយ​មិន​ពឹងពាក់​ឬ​ដោយ​មិនមាន​ការប្រាស្រ័យ​ទាក់ទង​នឹង​អ្នកក្រីក្រ​នោះទេ​។ គឺ​ដូច​រឿង​សេដ្ឋី​ខ្ចី​អំបែង​ពី​អ្នកក្រ​ដើម្បី​យកទៅ​ដាល់អំបុក​យ៉ាងនោះ​ដែរ​។ នេះ​មកពី​សេដ្ឋី​ខ្វះ​អំបែង ហើយ​នៅពេល​បែក​អំបែង​ចាស់​របស់គេ​ត្រូវគេ​ឡាំប៉ា​ទាមទារ​អោយ​សង​អំបែង​ចាស់​ដដែល​វិញ ដែល​ធ្វើអោយ​សេដ្ឋី​ទាល់ច្រក​ឬ​ដោះស្រាយ​មិន​ចេញ​។​

ជាការ​ពិតណាស់ ចាស់​បុរាណ​បាន​បន្សល់ទុក​នូវ​បណ្ដាំ​ដើម្បីអោយ​កូនចៅ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បានល្អ និង​ស្អិតរ​មួ​ត​ដូច​អណ្ដាត​និង​ធ្មេញ ដូច​មាន​ឃ្លា​កំណាព្យ​បទ​ព្រហ្មគីតិ​មួយ​ឆន្ទ​ថា​៖ "​អ្នកមាន​រក្សា​ខ្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​នូវ​សំប៉ាន​"​។ និង​មាន​សុភាព​សិត​មួយ​ឃ្លា​ទៀត​ពោលថា "​ខ្លែង​ហើរ​ត្បិត​ខ្យល់ នាយ​ថ្កើង​ត្បិត​ពល​"​។ ទាំងអស់នេះ​គឺមាន​ន័យ​អោយ​មនុស្ស​ចេះ សាមគ្គី​គ្នា​ផង​និង​ចេះ​គោរព​គ្នា​ទៅវិញទៅមក​ផង និង​ចេះ​ទទួលយក​ចំណុចខ្លាំង​របស់គេ​ក្នុងការ​បង្កើត​នូវ​ផលប្រយោជន៍​ជុំវិញ​ជីវភាព​រស់នៅ​ទៀតផង​។​

ត្បិត​លក្ខណៈ​ធម្មជាតិរ​ប​ស់មនុស្ស លោក អ្នកប្រាជ្ញ​បានធ្វើការ​កត់សំគាល់ឃើញ​ថា ព្រះ​លោក​ប្រទាន​នូវ​ភាព​ពិសេស​ដល់​មនុស្ស​ម្នាក់ៗ​រៀងខ្លួន​។ មានន័យថា ភាព​ពិសេស​ដែល​មនុស្សម្នា​ក់មាន​នោះ តែ​មនុស្ស​ម្នាក់ទៀត​មិនមាន​តែ​គេ​មាន​ភាព​ពិសេស​ម្យ៉ាងទៀត​របស់គេ​ដែរ​។ ក្នុងការ​រួមរស់​ជាមួយគ្នា ឬ​ហៅថា សម្ព័ន្ធភាព​ក្នុងការ​រស់នៅ គឺ​មនុស្ស​ម្នាក់ៗ​តែង​បំពេញ​នូវ​ករណី​កិច្ច​ដែលជា​ភាព​ពិសេស​របស់ខ្លួន​ឬ​ទៅតាម​ចំណុចខ្លាំង​របស់ខ្លួន​។​

សរុប​សេចក្តី​មក ចំពោះ​គុណភាព​ដែល​ស្តែង​ចេញពី​សមត្ថភាព​រប​ស់​បុគ្គល​ម្នាក់ៗ​ត្រូវបំពេញ​នោះ តែងមាន​ការពាក់ព័ន្ធ​និង​ផលប្រយោជន៍​ដែល​មិនអាច​កាត់ផ្ដាច់​នូវ​ទំនាក់ទំនង​នឹង​គ្នា​នោះឡើយ​។ ជាពិសេស​បញ្ហា​ទំនាក់ទំនង​ទៅវិញទៅមក​នោះ វា​មិន​ខុសពី​អណ្ដាត​និង​ធ្មេញ​ដែល​ត្រូវ​រួមរស់​ដ៏​រលូន​ជាមួយគ្នា​ឬ​មិនអាច​កាត់ផ្ដាច់​ខាង​ណាមួយ​នោះទេ​៕

លី ហាក់​សេង​

Post a Comment

0 Comments

Close Menu