ប្រទេសជាតិជាមាតុភូមិ ឬភូមិកំណើតនេះ ហើយដែលទុកជាម្តាយជាអ្នកមានគុណលើកូនចៅប្រុសស្រី។ ម្តាយឪពុកជាអ្នកស្រឡាញ់ និងថែរក្សាកូនចៅប្រុសស្រីដោយចង់ឲ្យកូនចៅមានការរីកចំរើនសុខសប្បាយថ្កុំថ្កើងរុងរឿងយ៉ាងណាប្រទេសជាតិ ឬមាតុភូមិក៏ចង់ឲ្យយុវជនបន្តគ្រប់ជំនាន់ទាំងអស់មានការរីកចំរើនយ៉ាងនោះដែរ។ ដូចនេះក្នុងដំណើរឆ្ពោះទៅរកការរីកចំរើនរបស់យុវជននេះហើយដែលជាក្តីសង្ឃឹមរបស់ប្រទេសជាតិ។ តើក្នុងសកម្មភាពនៃការរីកចំរើនរបស់យុវជនមានដូចម្តេចខ្លះ?
កន្លងមកគេតែងបានឃើញពាក្យស្លោកដែលបិទនៅតាមរបងសាលារៀនថា ទៅរៀននិងទៅបង្រៀនគឺស្នេហាជាតិ។ អ៊ីចឹងមានន័យថា ទាំងការរៀននិងទាំងការបង្រៀនសុទ្ធតែជាកុសល ឬជាអំពើល្អសម្រាប់ជាតិទាំងអស់។ តើអ្វីទៅដែលហៅថា ជាតិ? ចំពោះចម្លើយដែលបង្ហាញអំពីជាតិបើតាមទស្សនៈរបស់អ្នកវិទ្យាសាស្ត្រនយោបាយបានបញ្ជាក់ថា មានធាតុ៤ទើបផ្គុំគ្នាបានជាជាតិ គឺទី១-ប្រជាជន ទី២-ដែនដី ឬប្រទេស ទី៣-រដ្ឋធម្មនុញ្ញ និងទី៤-អធិបតេយ្យភាព។ បើនិយាយដោយសង្ខេបមកនោះជាតិសំដៅទៅលើមនុស្សទាំងអស់គ្នា ដែលជាសមាជិកក្នុងរដ្ឋមួយ ឬក្នុងប្រទេសមួយដែលគេចំណាំតែហៅថា សហគមន៍ជាតិ។ បានសេចក្តីថា វឌ្ឍនភាពនៃសហគមន៍ជាតិសាសន៍មួយវាស្ថិតនៅលើមនុស្សដែលនៅក្នុងសហគមន៍នោះជាធនធានដ៏ប្រសើរ។ ធនធានដ៏សំខាន់ទាំងនោះមានទាំងកម្លាំងប្រាជ្ញាពលកម្ម និងកំលាំងកាយពលកម្ម។
ចំពោះមនុស្សដែលជាធនធានដ៏មានតំលៃសម្រាប់ប្រទេសជាតិនោះ គឺធនធានខាងចំណេះប្រាជ្ញារបស់មនុស្សតែម្តង ហើយដែលធនធានទាំងនេះមានការដុះដាល និងលូតលាស់ឡើងដោយសារសាលារៀនតាមរយៈការសិក្សារៀនសូត្រ។ យ៉ាងនេះហើយទើបគេឃើញសិស្ស និងយុវជនតែងមានភារកិច្ច ឬជាកាតព្វកិច្ចរបស់ខ្លួនដែលមានការជាប់រវល់ជាមមាញឹកនោះ គឺការសិក្សារៀនសូត្រ ឬហៅថាជាការអភិវឌ្ឍខ្លួនទាន់ខ្លួននៅក្មេង។ ប៉ុន្តែបើទុកឲ្យឱកាសមាសនេះកន្លងហួសទៅដោយមិនបានសិក្សារៀនសូត្រនោះវាជាការគួរឲ្យស្តាយបំផុត។
តាមធម្មតាមនុស្សចាស់តែងមានភាពទ្រុឌទ្រោមខាងកំលាំងកាយចិត្ត ម្លេ៉ោះហើយតែងមានក្តីសង្ឃឹមដ៏កក់ក្តៅទៅលើកូនចៅជំនាន់ក្រោយក្នុងការផ្លាស់ប្តូរវេនបន្តការងារជាថ្មីទៀតប្រៀបដូចរលកថ្មីរុញច្រានរលកចាស់បន្តគ្នាយ៉ាងនោះដែរ។ ប្រការដែលជាការនិយម ឬហៅថាជាការដើរតាមឲ្យទាន់សម័យកាលនោះមានតែការសិក្សារៀនសូត្រហ្នឹងទេ។ ដូចយើងឃើញនាពេលនេះស្រាប់ហើយចំណេះវិជ្ជា និងសំភារៈទំនើបដែលកើតពីការងារសិក្សាស្រាវជ្រាវរបស់មនុស្សចេះតែមានលក្ខណៈជឿនលឿនបំផុត។ នាពេលនេះផងដែរ បើយើងឈប់រៀននោះប្រាកដជាយើងដើរមិនទាន់គេ ឬគេហៅថាជាអនក្ខរជនជាមិនខាន។ ទន្ទឹមនេះដែរ បើយើងនៅតែប្រើប្រាស់ និងនៅតែមានទម្លាប់ចាស់នោះប្រាកដជាយើងមិនអាចរស់រានបានឡើយ។ ប្រការសំខាន់នៃការសិក្សានេះគឺជាការអភិវឌ្ឍទាំងចំណេះវិជ្ជាផ្ទាល់ខ្លួនផង ហើយក៏ជាមធ្យោបាយក្នុងការកសាងសេដ្ឋកិច្ចគ្រួសារផង។ បានសេចក្តីថា សេចក្តីសុខ និងភាពសំបូររុងរឿងរបស់បុគ្គលហ្នឹងហើយដែលជាទិសដៅរបស់រដ្ឋនោះ។ ដូចអ្នកវិទ្យាសាស្ត្រនយោបាយបានបញ្ជាក់ថា "ត្រើយនាយរបស់រដ្ឋ គឺសុភមង្គលរបស់សមាជិកទាំងអស់របស់រដ្ឋ"។
ដូចនេះចំពោះយុវជនដែលកំពុងអភិវឌ្ឍន៍ខ្លួនឯងតាមរយៈការសិក្សាគ្រប់ជំនាញទាំងអស់នេះហើយដែលជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់រដ្ឋថា ពិតជាយុវជនទាំងអស់នឹងក្លាយទៅជាធនធានដ៏មានតំលៃសម្រាប់ប្រទេសជាតិទៅអនាគត៕
លី ហាក់សេង

0 Comments