Ad Code

សម្ដេច​ប្រធានរដ្ឋសភា ៖ អ្នក​កាន់​ព្រះពុទ្ធសាសនា​ត្រូវ​មាន​សច្ចៈ​ធម៌ ស្គាល់​គុណ​ស្គាល់​ទោស​


ត្បូងឃ្មុំ ៖ សមិទ្ធផល​ចេតិយ​ថ្មី​មួយទៀត កសាង​ក្នុង​ស្រះ​ទឹក​ទំហំ (៣១​ម៉ែត្រ គុណ​នឹង​២០​ម៉ែត្រ​)​មាន​រចនា​ជា​ស្ពាន​នាគ​ឆ្លង​ចេញចូល មាន​បង្កាន់ដៃ​ព័ទ្ធជុំវិញ​ស្រះ​យ៉ាង​ស្រស់​ស្អាត ដែល​ផ្ដួចផ្ដើម​កសាង​ឡើង​ដោយ​សម្ដេច​ប្រធានរដ្ឋសភា និង​លោកជំទាវ នៅក្នុង​វត្ត​ជម្ពូ​សុវណ្ណ ហៅ​វត្ត​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៥​នេះ។​

មាន​មតិ​សំណេះសំណាល​ទៅកាន់​ពុទ្ធ​បរិស័ទ អាជ្ញាធរ​ដែនដី ដែល​បាន​ចូលរួម​ពិធី​កាត់​ខ្សែបូ​សម្ពោធ​នេះ​ សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន​មានប្រសាសន៍​លើក​ឡើង​ថា សម្ដេច ​និង ​លោកជំទាវ​ផ្ដើម​កសាង​ចេតិយ​នេះ​ឡើង​ដើម្បី​ជា​កន្លែង​ដ៏​សមគួរ​មួយ​សម្រាប់​តម្កល់​អដ្ឋិ​ធាតុ​ព្រះ​ចៅអធិការ​វត្ត​ព្រះនាម សេក មាន និង​ ព្រះ​គ្រូសូត្រ នង សូ ដែល​ជា​ព្រះ​គ្រូ​របស់​សម្ដេច​កាល​សម្ដេច​នៅ​ក្មេង​ធ្លាប់​បួស​រៀន​ក្នុង​វត្ត​នេះ។ សំណង់​ចេតិយ​នេះ​ផ្ដើម​កសាង​ពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ រហូត​បញ្ចប់​ការ​កសាង​នៅ​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤ ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ១៨៩.​៨៥៦.២០០​រៀល ដែល​ជា​ថវិកា​បាន​មក​ពី​ការចូលរួម​កសាង​របស់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត សប្បុរស​ជន​គ្រប់ទិសទី ព្រមទាំង​មានការ​ចូលរួម​ពី​សម្ដេច និង​លោកជំទាវ​នូវ​ថវិកា​ចំនួន​១០៥​លាន​រៀល​ផង​ដែរ។ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង ស​រិ​ន បាន​រំលឹក​ថា យើង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា យើង​ត្រូវ​មាន​សច្ចៈ​ធម៌ ចេះ​ស្គាល់​គុណ​និង​ទោស​ ទើប​មាន​សេចក្តី​សុខ តែបើ​យើង​មិន​ស្គាល់​គុណ​ទោស​ទេ សេចក្តី​សុខ​ពិតជា​មិនអាច​កើតមាន​ដល់​ខ្លួន​យើង​នោះ​ឡើយ។​

សម្ដេច​បន្ត​ថា​ ចំពោះ​សមិទ្ធផល​នានា​ក្នុង​វត្ត​នេះ ​ក៏​ដូច​នៅ​ទូទាំង​ប្រទេស​ដែរ គឺ​ពិតជា​កើត​ឡើង​ដោយ​គុណបុណ្យ​២​ធ្នូ និង​ថ្ងៃ​៧​មករា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ​មានតែ​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​១៩៧៨ និង​ថ្ងៃ​ទី​៧​ ខែ​មករា ឆ្នាំ​១៩៧៩​ទេ ដែល​ជា​ថ្ងៃ​ផ្តល់​កំណើត​ទី​២​ឲ្យ​យើង​ ដែល​យើង​ក៏​ត្រូវ​មិន​បំភ្លេច​គុណ​ដែរ នេះ​ហើយ​ជា​សច្ចៈ​ធម៌។ កាល​ជំនាន់​របប​ប៉ុលពត ប្រទេស​ជាតិ​បាន​ទទួល​រង​នូវ​ភាព​ខ្ទេចខ្ទាំ ប្រជាពលរដ្ឋ​រស់នៅ​យ៉ាង​សែន​មហាលំបាក​វេទនា​បំផុត សូម្បីតែ​ទី​វត្ត​អារាម​ដែល​ជា​ទីកន្លែង​សក្ការៈ​បូជា​របស់​ពុទ្ធបរិស័ទ​ខ្មែរ​យើង ក៏​ត្រូវ​ពួកវា​បំផ្លាញ​គ្មាន​សល់​ដែរ។ តួយ៉ាង​ដូច​វត្ត​ត្រពាំង​ព្រឺ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​យើង​នេះ មិន​ខុស​ពី​វត្ត​ដទៃទៀត​ក្នុង​ទូទាំង​ប្រទេស​ដែរ រាល់​សមិទ្ធផល​ក្នុង​វត្ត​ត្រូវ​បាន​បំផ្លាញ​គ្មាន​សល់ កុំ​តែ​មាន​ថ្ងៃ​ទី​២​ ខែ​ធ្នូ និង​ថ្ងៃ​ទី​៧​ ខែ​មករា​ទេ ទើប​មាន​ថ្ងៃនេះ។ សម្ដេច​បន្ថែម​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការ​ខិតខំ​ប្រែង​ណាស់ ដើម្បី​សុខ​សន្តិភាព ការ​រីកចម្រើន​ប្រទេសជាតិ និង​ប្រជាជន។ គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​ស្តា និង​អភិវឌ្ឍន៍​ឡើងវិញ សាលារៀន មន្ទីរពេទ្យ ផ្លូវជាតិ ផ្លូវលំ សំណង់​ធារាសាស្ត្រ វត្ត​អារាម មានការ​រីក​ដុះដាល​ដូច​ផ្សិត បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ប្រសើរ។​

សម្ដេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន បាន​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​វត្ត​នេះ​សម្ដេច និង​លោក​ជំទាវ តែង​បាន​ជួយ​រួម​ចំណែក​កសាង​សមិទ្ធផល​នានា​ជូន​វត្ត​ត្រពាំង​ព្រឺ​ង​ជា​បន្តបន្ទាប់ សម្រាប់​ជា​ប្រយោជន៍​ដល់​ព្រះសង្ឃ ពុទ្ធបរិស័ទ ក្នុង​មូលដ្ឋាន​នេះ​រួមមាន ព្រះវិហារ ដងទង់ ក្លោងទ្វារ កុដិ ឧបដ្ឋានសាលា ស្រះ​ទឹក និង​ចេតិយ​ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងថ្ងៃនេះ។

លោកតា ធា​ម សេង​គ្រុយ អាចារ្យវត្ត​ត្រពាំង​ព្រឺ​ង​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា វត្ត​នេះ​សម្ដេច​ធ្លាប់​បួស​រៀន​កាល​នៅ​ពី​ក្មេង មាន​អាយុកាល​យូរលង់​ជាង​២០០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត វត្ត​នេះ​ត្រូវ​បាន​បំផ្លាញ​គ្មាន​សល់​អ្វី​ទេ ទើបតែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ត្រូវ​បាន​កសាង​ជាថ្មី​ឡើងវិញ​ទាំងអស់។ លោក​បន្ត​ថា ​កាលសម័យ​ដើម វត្ត​នេះ​ខ្វះខាត​ណាស់​សំណង់​ធ្វើ​តែ​ពី​ឈើ​ប៉ុណ្ណោះ ទើបតែ​ឥឡូវ​ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​គ្រប់បែបយ៉ាង​ពី​សម្ដេច​ចក្រី ហេង សំរិន និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី​របស់​សម្ដេច រួម​ជា​មួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ វត្ត​ត្រពាំង​ព្រឺ​ង​មានភ័ព្វ​សំណាង​បាន​ទទួល​បានការ​អភិវឌ្ឍន៍ រីកចម្រើន​ជា​បន្តបន្ទាប់។​

ក្នុង​ពិធី​នេះ​ដែរ​ សម្ដេច​និង​លោកជំទាវ ក៏បាន​ប្រគេន​បច្ច័យ​ចំនួន​២០​លាន​រៀល​សម្រាប់​ជួយ​កសាង​វត្ត​នេះ​បន្ថែម​ទៀត ព្រមទាំង​បាន​ចែក​ជូន​ដល់​លោកយាយ លោកតា​ចំនួន​២០០​នាក់​នូវ​ក្រណាត់​សរ​ម្នាក់​មួយ​ដុំ ថវិកា​១​ម៉ឺន​រៀល និង​ផ្តល់​ជា​អំណោយ​ដល់​សិស្សានុសិស្ស​១៥០​នាក់ ម្នាក់ៗ​ទទួល​បាន​សៀវភៅ​១​ក្បាល ថវិកា​២.០០០​រៀល​៕

សុង​យោ​


Post a Comment

0 Comments

Close Menu