ភ្នំពេញ ៖ លោក អេង ជាសាន ទទួលបន្ទុកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ បានត្រូវប្រកាសតំណែងជាប្រធានរដ្ឋបាលជលផលជំនួសកន្លែងលោក ណៅ ធួក ដែលត្រូវបានដាក់ឲ្យចូលនិវត្ត។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ក្រោមវត្តមានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្ដីការក្រសួងកសិកម្ម ដែលពិធីនេះក៏មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
លោក អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ ដែលបានត្រាស់បង្គាប់តាមសេចក្តីស្នើរបស់សម្ដេចនាយករដ្ឋមន្ត្រីដើម្បីឲ្យមានអ្នកទទួលខុសត្រូវគ្រប់ផ្នែក តាមរចនាសម្ព័ន្ធដឹកនាំនៅក្នុងក្រសួងនេះ។ លោករដ្ឋមន្ត្រីបានស្នើចំពោះមុខងារថ្មីនេះធ្វើយ៉ាងណាកុំឲ្យបាត់និរន្តរភាពការងារ ទាំងនៅអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានជលផល និងអគ្គនាយកដ្ឋានចំការកៅស៊ូ។ លោករដ្ឋមន្ត្រីបន្តថា យើងមានការងារជាច្រើនដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យនៅចំពោះមុខនេះ ដូចជាជំរុញការនាំចេញអង្កតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បង្កើនផលិតភាពការផលិត កាត់បន្ថយការចំណាយថ្លៃដើម និងជួយរកទីផ្សារបន្ថែមដើម្បីឲ្យចង្វាក់ផលិតកម្មយើងមានដំណើរការទៅមុខប្រកបដោយការរីកចម្រើន ធ្វើយ៉ាងណាឲ្យឆ្លើយតបទៅនឹងកង្វល់របស់ប្រជាកសិករនាពេលកន្លងមកលើបញ្ហាស្រូវចុះថ្លៃ។
ទន្ទឹមគ្នានោះលោកស្នើឲ្យមានការជំរុញការដាំដុះ ការផលិត ការការពារ ការអភិរក្ស ធនធានធម្មជាតិ មច្ឆជាតិ និងរួមគ្នាប្រឹងប្រែងអនុវត្តតាមគោលការណ៍យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះឲ្យបានល្អប្រសើរ។ ពិសេសជាងនេះ សូមឲ្យមានសាមគ្គីភាពក្នុងជួរថ្នាក់ដឹកនាំ និងមានស្មារតីទទួលខុសត្រូវលើមុខងារក្នុងបុព្វហេតុប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ក្នុងពិធីនោះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្រកាសតំណែងមន្ត្រីជាន់ខ្ពស់៣រូប ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មានលោក លី ផល្លា លោក ណៅ ធួក និងលោក ហ៊ួត ប៊ុនណារី ជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា៕
សុងយោ
0 Comments