Ad Code

តារា​សិល្បៈ​ខ្មែរ​៥​ដួង​មាន​រឿងរ៉ាវ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ឆ្នាំ​២០១៤

ភ្នំពេញ​ ៖​ នៅក្នុង​ឆ្នាំ​២០១៤​ដែល​ទើប​កន្លង​ផុតទៅ​កាលពីពេល​ថ្មីៗ​នេះ​មានរឿង​រ៉ាវ​របស់​តារា​សិល្បៈ​ខ្មែរ​ចំនួន​៥​ដួង​បាន​ក្លាយ​ជា​ហេតុការណ៍​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន ទូទៅ​។​

. តារាចម្រៀង អូ រស្មីៈ នៅក្នុង​ឆ្នាំ​២០១៤​តារា​ចម្រៀង​រូបនេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា ផ្ដោត ការចាប់អារម្មណ៍​ខ្លាំង​តាមរយៈ​រឿងហេតុ​នាំ​ក្មេង​ស្រី​ទៅ​រួមភេទ​ជាមួយ​ភ្ញៀវ​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤​។ តារាចម្រៀង​សំនៀង​រដឺន​ដែល​មាន​វ័យ​ប្រមាណ​៣៦​ឆ្នាំ​រូបនេះ ត្រូវបាន​កម្លាំង នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល ​រាជ ធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​ពីបទ​នាំ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ទៅ​រួមភេទ​ជាមួយ​អាណិកជន​ក្រោម​ការ ​​សន្យាថា ក្រោយ​រួមភេទ​ជាមួយ​ភ្ញៀវ​រួច​នាង​នឹង​ជួយ​ឲ្យ​ក្មេង​ស្រី​រងគ្រោះ​ក្លាយ​ជា​តារាចម្រៀង​ដ៏ ល្បី​នៅ​កម្ពុជា​។​
. អតីត​តារា​សម្ដែង​ល្បី ស្រី​តូច ចំណានៈ នៅក្នុង​ឆ្នាំ​២០១៤ អតីត​តារា​សម្ដែង និង ពិធី​ការិនី អ្នកនាង ម៉ៅ សុ​ចំណាន ហៅ​ស្រី​តូច ចំណាន ហាក់​បានចេញ​មុខមាត់​ពិត​ច្រើន​បន្ទាប់ពី នាង​បានរស់នៅ​ក្នុងស្ថានភាព​លាក់បាំង​ទាក់ទង​នឹង​រឿងរ៉ាវ​ស្នេហា​មិន​ចេញមុខ​ក្រោយពី​បាន​ផ្តាច់ ខ្លួន​ចេញពី​ពិភព​សិល្បៈ​អស់​រយៈពេល​ជាង​១០​ឆ្នាំកន្លងមក​នោះ។ ខណៈ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​សុភមង្គល​នៃ​ចំណង​ស្នេហា​របស់​នាង​ជាមួយនឹង​លោក​ឧកញ៉ា គិត ម៉េង រួមទាំង​កូនៗ ត្រូវបាន​បែកធ្លាយ​នោះ ពោល​គឺ​ព័ត៌មាន​ស្ដីពី​រឿងរ៉ាវ​ស្នេហា​របស់​អតីត​តារា​សម្ដែង និង​ជា​ពិធី​ការិនី ល្បី​រូបនេះ​ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ផ្ដោត​ការចាប់អារម្មណ៍​ខ្លាំង ក្នុងនេះ​ក៏មាន​មហាជន​ភាគច្រើន​បាន សម្ដែង​ការកោតសរសើរ​ចំពោះ​ជោគវាសនា​របស់​នាង​ដែល​មាន​ស្វាមី​ជា​អ្នកជំនួញ​មានទ្រព្យ​សម្បត្តិ ស្ដុកស្ដម្ភ​ថែមទៀត។
. កំពូល​តារាចម្រៀង ព្រាប សុវត្ថិៈ កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៤ កំពូល​តារា ចម្រៀង​ដ៏​ល្បីល្បាញ​ប្រចាំ​ផលិតកម្ម ហង្ស​មាស និង​រស្មី​ហង្ស​មាស រូបនេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ទាក់ទិន​នឹង​រឿងរ៉ាវ​ជម្លោះ​ដ៏​ចម្រូងចម្រាស​មួយ​ជាមួយនឹង​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ Smart រហូត ឈានដល់​ការប្តឹង​ឲ្យ​បិទ​ការប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​ដែល​ធ្វើឡើង​នៅ​ខេត្តស្ទឹងត្រែង។ បញ្ហា​ជម្លោះ​នេះ​កើត ឡើង​ដោយសារ​តារាចម្រៀង​ដ៏​ល្បី​រូបនេះ​បាន​ខឹងសម្បា​ទៅនឹង​អ្នកគ្រប់គ្រង​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​បាន រចនា​ផ្ទាំង​ផ្សព្វផ្សាយ​ដាក់​រូប​តារា​ចម្រៀង ខេមរៈ សេរី​មន្ត នៅ​ពីលើ និង​ធំ​ជាង​រូបភាព​ខ្លួន​។​
. តារា​សម្ដែង ពិធី​ការិនី និង​ជា​តារា​បង្ហាញ​ម៉ូដ ច​ន ច័ន្ទ​លក្ខិណាៈ បន្ទាប់ពី​រឿងរ៉ាវ​លែង លះ​គ្នា​ជាមួយ​នឹង​អតីត​ស្វា​មីនោះ តារា​សម្តែង ពិធី​ការិនី និង​ជា​តារា​បង្ហាញ​ម៉ូដ អ្នកនាង ច​ន ច័ន្ទ លក្ខិណា ក៏​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​រឿង​ប្រមូល​ស្នាម​មេដៃ​មិត្ត​អ្នក សិល្បៈ​ដើម្បី​ស្នើសុំ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​ពន្យារពេល​ក្នុងការ​អនុញ្ញាត​ឲ្យ​ចាក់ បញ្ចាំង​ខ្សែភាពយន្ត​ភាគ​ថៃ​ជាថ្មី​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា​នៅក្នុង​ស្រុក។ ក្រៅពី​ទទួល​បាន​នូវ​ប្រតិកម្ម និង​ការរិះគន់ ខ្លះៗ​នោះ សកម្មភាព​របស់​តារា​សិល្បៈ​មួយ​ដួង​នេះ​ក៏​ទទួលបាន​នូវ​ការគាំទ្រ ការ​កោតសរសើរ និង ទទួល​បាន​នូវ​លទ្ធផល​មួយ​ជំហាន​ផងដែរ។
. តារា​កំប្លែង នាយ ពែ​កមីៈ ក្រោយពី​ជួប​នូវ​ព្យុះ​ព័ត៌មាន​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់ ជាមួយ​តារា​កំប្លែង​ស្រី​រួម​ក្រុម​គឺ​នាង​ខ្ញុង​នោះ តារា​កំប្លែង​ដែលជា​អតីត​កម្មករ​សំណង់​រូបនេះ​ក៏​បានធ្វើ ឲ្យ​មជ្ឈដ្ឋាន​មហាជន​មានការ​ចាប់អារម្មណ៍ និង​ធ្វើការ​រិះគន់​ផងដែរ​ទាក់ទិន​នឹង​ការ​លាក់បាំង​រឿងរ៉ាវ កើតមាន​ករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ខេត្តកំពត​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងមក​៕

Post a Comment

0 Comments

Close Menu