Ad Code

ប៉ូលិស​ចរាចរណ៍​បញ្ជូន​ជនជាតិ​រុស្សី​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ពី​​បទ​បើកបរ​បង្ក​​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ស្ថានភាព​ស្រវឹង

ព្រះសីហនុ ​៖ ​ជនជាតិ​រុស្ស៊ី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​​​សម្រេច​​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​​២​ ខែ​មករា ​ឆ្នាំ​២០១៥​នេះ​​ដើម្បី​ចាត់ការ​តាម​នីតិវិធី​​​ច្បាប់​​ពាក់ព័ន្ធ​បទ​ចោទ​ប្រកាន់​បើកបរ​បង្ក​​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ស្ថានភាព​ស្រវឹង។
នេះ​ជា​លើកទីមួយ​ហើយ​ដែល​គេ​មើល​ឃើញ​ពីរ​ភាព​ច្បាស់លាស់​ក្នុង​ការ​អនុវត្តន៍​ច្បាប់​របស់​មន្ត្រី​ប៉ូលិស​​​ចរាចរណ៍​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី​ក៏​មាន​ប្រភព​មួយ​បាន​លូច​ខ្សឹប​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ចាប់​បញ្ជូន​ជនជាតិ​រុស្សី​ខាង​លើ​នេះ​ទៅ​តុលាការ​វា​ជា​ជម្រើស​ចុងក្រោយ​ ខណៈ​ពេល​ការ​ចរចា​គ្នា​​ពាក់ព័ន្ធ​រឿង​លុយកាក់​បិទ​សំណុំរឿង​មិនបាន​សម្រេច​​នោះ។
ជនជាតិ​រុស្សី​ខាង​លើ​មាន​ឈ្មោះ​Victorstupakiv​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​បើកបរ​រថយន្ត​ម៉ាក​(PAELVDE)​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​2A.4670​មាន​ទីលំនៅ​បណ្ដោះអាសន្ន​នៅ​ក្នុង​សង្កាត់​លេខ​៤​ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះសីហនុ។
គួរ​បញ្ជាក់​ថា​ជនជាតិ​រុស្សី​ខាង​លើ​នេះ​កាល​ពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​០១​ ខែ​មករា ​ឆ្នាំ​២០១៥​ស្ថិតនៅ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​បាន​បើក​រថយន្ត​របស់​ខ្លួន​ម៉ាក​(PAELVDE)​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ឯករាជ្យ​ក្នុង​គោលដៅ​ពី​រង្វង់​មូល​តោ​២​ទៅ​ផ្សារ​លើ​ ហើយ​ក៏​បាន​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយូតា​(​កាមរី​)​ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2X9363​ ដែល​បើកបរ​ដោយ​ឈ្មោះ​ឡាំ​ឆាយា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មាន​មុខរបរ​លក់​ដូរ​.​​មាន​ទីលំនៅ​សង្កាត់​បឹង​សាឡាង​ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ​គឺ​បុក​នៅ​ត្រង់​ចំណុច​ខាងមុខ​ហាង​លក់​ស៊ុប​ណាក់​ណាក់​ក្នុង​គោលដៅ​បញ្ច្រាស​ទិស​គ្នា​បណ្ដាល​ឲ្យ​រង​ការខូចខាត​ជា​​ទម្ងន់​​ក្នុង​ពេល​នោះ​តែ​ម្ដង។ ក្រោយ​ពេល​កើតហេតុ​​រថយន្ត​រងគ្រោះ​ និង​រថយន្ត​បង្កហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​នាំ​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ជើងគោ​ខេត្ត​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា។
ការ​ចរចារ​រវាង​ជនរងគ្រោះ​ និង​ជន​បង្ក​​ហេតុ​ជនជាតិ​រុស្សី​ពាក់ព័ន្ធ​នឹង​សំណង់​ថ្លៃ​​​ការខូចខាត​មិនសូវ​ចោទ​ជា​បញ្ហា​នោះ​ទេ​គឺ​អាច​និយាយ​គ្នា​បាន ​ប៉ុន្តែ​ការ​ចរចា​​បិទ​សំណុំរឿង​ស៊ីដាច់​ត្រឹម​ប៉ូលិស​មិន​បញ្ជូន​ទៅ​តុលាការ​មិន​សម្រេច ​ដោយសារ​មាន​ចំនួន​ច្រើនពេក​ធ្វើ​ឲ្យ​ជនជាតិ​រុស្សី​នោះ​គ្មាន​លទ្ធភាព​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដូចនេះ​តែម្តង៕

Post a Comment

0 Comments

Close Menu