Ad Code

វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រំ​ នៅ​លើ​ភ្នំ​ត្បែង ​មានបុណ្យ​បារមី​ស័ក្តិសិទ្ធិ​ និង​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្អ​ប្រណីត​


ព្រះវិហារ ៖ វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រំ​តាំងខ្លួន​នៅ​លើ​កំពូលភ្នំ​ត្បែងមានជ័យ​ ស្ថិតនៅ​ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង ​ស្រុក​ត្បែងមានជ័យ​ ជាទី​កន្លែង​គោរព​សក្ការៈបូជា​មួយ​ដ៏​ល្បី​ដែល​ប្រជាជន​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​តែងតែ​ចងចាំ​និង​និយាយ​រំលឹក​ពី​ជំនឿ​បារមី​លោកតា​ឥសី​គង់​ស្ថិត​ថែរក្សា​ទី​វត្ត​អារាម ​និង​ប្រជាជន​រស់នៅ​ជុំវិញ​ទីនោះ​ទទួល​បាន​ភាព​សុខសាន្ត​រហូតមកដល់​បច្ចុប្បន្ន។​

ភាព​ល្បីល្បាញ​ដូច​បាន​អធិប្បាយ​នេះ​ គឺ​បាន​ទាក់ទាញ​សប្បុរសជន​ក្នុង​ និង​ក្រៅប្រទេស​ចូល​រួម​បរិច្ចាគ​ថវិកា ធនធាន​សម្ភារៈ​មាន​តំលៃ​យ៉ាងច្រើន​ដើម្បី​ចូល​រួម​ចំណែក​កសាង​សំណង់​ព្រះវិហារ​និង​ជណ្ដើរ​បេតុង​បង្កាន់ដៃ​នាគ​មាន​កាំជណ្តើរ​ជាង​៧០០​កាំ​ទ្បើង​ទៅកាន់​វត្ត​ដំបូក​ខ្មៅ​ ស្ថិត​នៅ​លើ​កំពូលភ្នំ​ត្បែងមានជ័យ។ នៅ​សងខាង​ជណ្ដើរ​ទ្បើង​ទៅកាន់​កំពូលភ្នំ​មាន​គម្រប​ព្រៃ​ប្រឹក្សា​ពណ៌​បៃតង ​និង​ដើមឈើ​តូច​-​ធំ​ដុះ​មីរដេរដាស​ ចាប់តាំងពី​ក្រោម​ជើងភ្នំ​រហូតដល់​កំពូល​ភ្នំ ​គួរ​ឲ្យ​យើង​ចង់​ទស្សនា​គយគន់។​

ទីតាំង​ភូមិសាស្ត្រ​ចូល​ទៅ​កាន់​ទី​វត្ត​អារាម​ គឺ​មាន​ចម្ងាយ​ផ្លូវ​ប្រវែង​៥០០​ម៉ែត្រ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦២​អម​ដោយ​លំនៅដ្ឋាន​ប្រជាជន​,​ចំការកៅស៊ូ​និង​ចំការ​ចេក​រឹតតែ​ទាក់ទាញ​អារម្មណ៍​យើង​ឲ្យ​មាន​ភាព​ធូរស្បើយ​សប្បាយរីករាយ​ថែមទៀត។ នៅ​តំបន់​ក្បែរ​ជើងភ្នំ​ត្បែងមានជ័យ​ជិត​វត្ត​ដំបូក​ខ្មៅ​ក៏​មាន​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​១​កន្លែង​ទៀត​គួរ​ឲ្យ​យើង​ចង់ទៅ​ទស្សនា​ដើរ​កំសាន្ត​សប្បាយ​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ថែមទៀត។​

ប្រជាជន​នៅ​មូលដ្ឋាន​ និង​ពុទ្ធបរិស័ទ​គោរព​ព្រះពុទ្ធសាសនា​មកពី​ទី​ជិត​ឆ្ងាយ​នៅ​ទូទាំង​ព្រះរា​ជាណាចក្រ​កម្ពុជា​បាន​ផ្ដល់​គុណ​តំលៃ ​ចាត់ទុក​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រំ​ជាទី​កន្លែង​គោរព​សក្ការៈ​បូជា​ផង​ និង​ជាទី​កន្លែង​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ប្រណីត​ថែមទៀត​ ព្រោះ​រាល់ពេល​មាន​ពិធីបុណ្យ​ធំ​មាន​មនុស្ស​ចាស់​-ក្មេង​ជាច្រើន​នាក់ បាន​នាំគ្នា​ទៅ​ជួបជុំ​ដើរ​កំសាន្ត​សប្បាយ​នៅ​ទីនោះ។​

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្បែរ​វត្ត​ដំបូក​ខ្មៅ​ឈ្មោះ ​ទេព ​ចាន់​ស៊ី​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ បាន​រៀប​រាប់​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ថា ​សព្វថ្ងៃ​នេះ​សមិទ្ធផល​វត្ត​ដំបូក​ខ្មៅ​មានការ​រីកចម្រើន​ជា​លំដាប់​ដោយ​សារ​កម្លាំង​សាមគ្គី​មានការ​ចូល​រួម​ចំណែក​ធនធាន​ផ្ទាល់​ពី​សំណាក់​ប្រជាជន​នៅ​មូលដ្ឋាន​ និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ។ ម្យ៉ាង​ទៀត​ដោយមាន​កត្តា​គ្រប់គ្រង​ល្អ​របស់​ព្រះ​ចៅអធិការ​វត្ត​ដែល​បាន​ខំ​សន្សំ​បច្ច័យ​ទុក​សម្រាប់​តែ​កសាង​អភិវឌ្ឍន៍​ទី​វត្ត​អារាម​និង​ព្រះវិហារ។​

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា​ ការ​ចាប់​កំណើត​កសាង​ជណ្ដើរ​ដ៏​វែង​អស់​រយៈពេល​៧​ឆ្នាំ​កន្លង​មក​ដើម្បី​ធ្វើដំណើរ​ទ្បើង​ទៅកាន់​វត្ត​ដំបូក​ខ្មៅ​គឺ​បាន​ទទួល​ភាព​ល្បីល្បាញ​ និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចាប់តាំងពី​ពេល​នោះ​មក។ ជណ្ដើរ​ទ្បើង​ទៅកាន់​កំពូលភ្នំ​មាន​កំពស់​១.៨០០​ម៉ែត្រ​ ហើយ​មាន​សាលា​ដំណាក់​សង់​អំពី​ថ្ម​បេតុង​ចំនួន​៣​សម្រាប់​ឈប់​សម្រាក​ពី​ការនឿយហត់។

នៅ​ក្បែរ​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រំ​លើ​កំពូលភ្នំ​ត្បែងមានជ័យ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៣​គ្រួសារ​ផង​ដែរ៕

មង្គល​


Post a Comment

0 Comments

Close Menu