កោះកុង ៖ នៅសណ្ឋាគារ "ថាក់លេភូ" ទីរួមស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ មានរៀបចំកិច្ចប្រជុំមួយរវាងអាជ្ញាធរថ្នាក់ស្រុក និងស្រុកនៅតំបន់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែរឹងមាំមួយកម្រិតបន្ថែមក្នុងការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែន។
ក្នុងកិច្ចប្រជុំ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងជាអនុប្រធានក្រុមការងារការិយាល័យទំនាក់ទំនងការងារព្រំដែន(BLO)Boder Liaison Office បានមានប្រសាសន៍ថា នៅឆ្នាំ២០១៤កន្លងមក ដោយមានកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញមក រវាងអាជ្ញាធរស្រុកនៅជាប់ព្រំដែនទាំងពីរ កម្លាំងសមត្ថកិច្ចស្រុកមណ្ឌលសីមារួមសហការជាមួយកម្លាំងស្នងការប៉ូលិសខេត្ត បង្ក្រាបការជួញដូរគ្រឿងញៀនបានចំនួន៤ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ក្នុងនោះមានស្រី្ត៤នាក់ និងប្រុស៦នាក់ រឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនបានចំនួន៣.៨០៨គ្រាប់ និងម៉ាទឹកកកបានចំនួន៣៧កញ្ចប់តូច និង៩កញ្ចប់ធំ ព្រមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត។ រួចនៅខែមករាដើមឆ្នាំ២០១៥នេះ បង្ក្រាបការជួញដូរគ្រឿងញៀន ក៏បានមួយករណីទៀតផងដែរ ដោយឃាត់ខ្លួនបានជនសង្ស័យពីរនាក់ និងរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៥០គ្រាប់។ ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានលើកឡើងនូវសំណូមពរសុំឲ្យអាជ្ញាធរស្រុកខ្លងយ៉ៃជួយឧបត្ថម្ភសម្ភារៈសម្រាប់ពិនិត្យមើលទឹកនោមថ្នាំសម្រាប់ធ្វើតេស្ដសារធាតុញៀនផងដែរ។
ជាការឆ្លើយតប លោក ប៊ុន លើត វ៉ឡាក់វង្ស អភិបាលស្តីទីស្រុកខ្លងយ៉ៃ បានទទួលយកនូវសំណូមពរ ហើយក៏បានសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចនៅតាមព្រំដែនខាងកម្ពុជាបន្តយកចិត្តទុកដាក់រឹតបន្តឹងត្រួតពិនិត្យការធ្វើចរាចរណ៍គ្រឿងញៀនទាំងតាមផ្លូវគោក តាមផ្លូវទឹក និងច្រករបៀង ព្រោះសព្វថ្ងៃពួកឈ្មួញតែងតែយកច្រកទាំងនេះជាកន្លែងរកស៊ីជួញដូរគ្រឿងញៀនឆ្លងកាន់ព្រំដែន។


0 Comments