នៅពេលដែលលោកស៊ី ជិនពីង ប្រធានាធិបតីចិន ចង់ថ្លែងសារនយោបាយមួយទៅកាន់ក្រុងហុងកុង នៅពេលដែលបាតុករទាមទារការបោះឆ្នោតដោយសេរីបានគំរាមកាន់កាប់ផ្លូវថ្នល់ទាំងឡាយនោះ លោកបានកោះហៅសេដ្ឋីៗដែលគ្របសង្កត់ទីក្រុងនេះមកប្រជុំ។
សម្ដីរបស់មេដឹកនាំចិន នៅក្នុងកិច្ចប្រជុំថ្ងៃទី២២ ខែកញ្ញា នៅទីក្រុងប៉េកាំង មិនមានការសម្របសម្រួលឡើយ ប៉ុន្ដែក៏មិនមានការភ្ញាក់ផ្អើលនោះដែរ។ លោកស៊ី មិនបានធ្វើឲ្យរីករាយដល់ការទាមទារណាមួយស្ដីពីសិទ្ធិបោះឆ្នោតពេញលេញនៅហុងកុងនោះទេ។ មនុស្ស២នាក់ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះបាននិយាយឲ្យដឹងដូច្នេះ។
តែ៦ថ្ងៃក្រោយមកប៉ុណ្ណោះ សកម្មជននិយមប្រជាធិបតេយ្យបានធ្វើតាមការគំរាមរបស់ពួកគេដោយការធ្វើបាតុកម្មនៅតាមដងផ្លូវអស់រយៈពេលជាង២ខែ។ ប៉ុន្ដែសាររបស់លោកស៊ី នៅថ្ងៃនោះនៅមហាសាលរបស់ប្រជាជន មិនបានធ្វើឲ្យញញើតដល់បាតុករនោះឡើយ។ នៅក្នុងការនិយាយដោយផ្ទាល់ទៅកាន់ពាណិជ្ជករ និងអភិជនមានវិជ្ជាជីវៈរបស់ទីក្រុងនោះ លោកបានបង្ហាញអំពីជំនឿរបស់ក្រុងប៉េកាំង ចំពោះអំណាចពិតប្រាកដរបស់អ្នករស់នៅហុងកុង។
គឺនៅទីនោះហើយ នៅក្នុងវិស័យសេដ្ឋកិច្ចរបស់ទីក្រុងដែលចិនមិនអាចទប់បាននូវការរឹតបន្ដឹងនូវការត្រួតត្រារបស់ខ្លួននៅលើទឹកដីអតីតអាណានិគមអង់គ្លេសនេះនោះ។ ទោះបីជាក្រុងប៉េកាំង តស៊ូដើម្បីបង្ក្រាបក្រុងហុងកុងខាងនយោបាយក៏ដោយ ក៏ក្រុមហ៊ុនរបស់ចិនកំពុងតែប្រើប្រាស់កាន់តែធំនូវផ្នែកសំខាន់ៗរបស់ទីក្រុង រួមទាំងអចលនទ្រព្យ ហិរញ្ញវត្ថុ ថាមពល សំណង់ និងផ្សារភាគហ៊ុននោះផង។
ភាគច្រើននៃឧស្សាហកម្មទាំងនេះ ត្រូវបានគ្របសង្កត់រាប់ទសវត្សមកហើយដោយសេដ្ឋីសេដ្ឋកិច្ច ដែលបានចូលរួមប្រជុំជាមួយលោកស៊ី ជិនពីង។ គឺបុរសទាំងឡាយដូចជាលោកលី កាសីុង អ្នកមានបំផុតនៅអាស៊ី សេដ្ឋីកាស៊ីណូ និងការទទួលភ្ញៀវលោកលីវ ចេវូ និងសេដ្ឋីដូងប្រេងលោករ៉ូបឺតកុក។ ឥឡូវនេះពួកគេកំពុងតែ ធ្វើជាសាក្សីនៃការលុកលុយសេដ្ឋកិច្ចរបស់ចិនដីគោក នៅទីក្រុងនេះ។
សញ្ញានៃការផ្លាស់ប្ដូរបំផុតមួយគឺកិច្ចសន្យាជួលរបស់ក្រុមហ៊ុនចិនដីគោក នៅស្រុក Central ជាបេះដូងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ហុងកុង។ ក្រុមហ៊ុនទាំងនេះឥឡូវនេះមានជាង៥០ភាគរយនៃកិច្ចសន្យាជួលថ្មី ដែលបានចុះ ហត្ថលេខាសម្រាប់ការិយាល័យនៅទីនោះ។ នេះបើយោងទៅតាមរបាយការណ៍ខែកញ្ញាពីជើងសារជំនួញ CLSA ដែលមានមូលដ្ឋាននៅហុងកុងបានឲ្យដឹង។ របាយការណ៍បាននិយាយថា បញ្ហានេះបានឡើង២០ភាគរយនៅក្នុងឆ្នាំ២០១២។
ទំនោរនេះគឺដូចគ្នានៅក្នុងស្រុកពាណិជ្ជកម្មសំខាន់ៗទាំងអស់។ ការកាន់កាប់របស់ចិននូវអគារការិយាល័យ Grade A សំខាន់ៗចំនួន២៥ ឬក៏កន្លែងការិយាល័យដែលល្អជាងគេនៅស្រុក Central, Admiralty, Sheung Wan និង Won Chai បានកើនឡើងពី១៣ភាគរយនៅក្នុងឆ្នាំ២០០៨ ទៅដល់២១ភាគរយនៅដើមឆ្នាំនេះ៕
ថាលីយ៉ាន
0 Comments