នៅក្នុងទឹកដីនៃភូមិភាគអាស៊ីអាគ្នេយ៍ឬនៅ ក្នុងឥណ្ឌូចិននេះ គេបានសម្គាល់ឃើញថា មាន តែប្រទេសកម្ពុជាទេដែលមានមរតកវប្បធម៌ បុរាណច្រើនជាងគេ។ មានភស្ដុតាងជាក់ស្តែង តាំងពីបុរាណកាលដែលមានរយៈពេលកន្លង មកជាច្រើនសតវត្សរ៍មកហើយ មកទល់នឹងបច្ចុប្បន្ននេះគឺសំណង់នៃប្រាង្គប្រាសាទជាច្រើន កន្លែងរាយពាសពេញប្រទេស។
មិនតែប៉ុណ្ណោះ ចំពោះប្រទេសជិតខាងដែលជាអតីតទឹកដីខ្មែរ ផងនោះ ដូចជាប្រទេសថៃ, ឡាវ និងវៀតណាម ក៏មានប្រាង្គប្រាសាទជាមរតកវប្បធម៌ខ្មែរបានបន្សល់នៅជាភស្តុតាងមកទល់នឹងសព្វថ្ងៃនេះ ដែរ។ អាស្រ័យលើមរតកវប្បធម៌ដ៏មានតម្លៃមិន អាចកាត់ថ្លៃបាននេះហើយ ទើបគេបានប្រសិទ្ធ នាមប្រទេសកម្ពុជាថា ជាទឹកដីអច្ឆរិយៈនោះ។ តើជាការពិតដែរឬទេ?
ស្នាដៃដូនតាខ្មែរក្នុងអំឡុងពេលពីរពាន់ឆ្នាំ មកនេះ លោកអ្នកប្រាជ្ញខាងប្រវត្តិសាស្ត្របាន ធ្វើការចែកជា៣សម័យសំខាន់ៗនៃស្ថាបត្យកម្មប្រាង្គប្រាសាទ គឺទី១-សម័យអាណាចក្រ នគរភ្នំ(គ.ស ៦៨ ដល់ គ.ស ៦២៧) ទី២-សម័យចេនឡា (គ.ស ៦២៧ ដល់ គ.ស ៨០២) និងសម័យអង្គរ (គ.ស ៨០២ ដល់ គ.ស ១៤៣២)។ ក្នុងនោះសំណង់នៃប្រាង្គ ប្រាសាទភាគច្រើនគឺនៅសម័យចេនឡានិងសម័យអង្គរដ៏រុងរឿងប៉ុណ្ណោះ។ នៅក្រោយ សម័យអង្គរ គេលែងឃើញមានការកសាង ប្រាង្គប្រាសាទថ្មទៀតហើយ។ នៅក្នុងសម័យ ចេនឡា ដូនតាបានកសាងប្រាង្គប្រាសាទអំពី ឥដ្ឋដែលជាដីដុតដែលមានប្រាសាទភាគច្រើន ដូចជាប្រាសាទសំបូរព្រៃគុកជាដើម។ ប៉ុន្តែនៅ សម័យអង្គរដែលមានរយៈពេល៦៣០ឆ្នាំនោះ បុព្វបុរសខ្មែរកសាងប្រាង្គប្រាសាទអំពីថ្ម។
ចំពោះមតិពីមជ្ឈដ្ឋានអ្នកប្រវត្តិសាស្ត្រក៏ដូច ជាអ្នកសិក្សាផ្នែកបុរាណវិទ្យានិងមតិអ្នកទស្សនាប្រាង្គប្រាសាទបុរាណ តែងមានការស្ងើច សរសើរយ៉ាងក្រៃលែងអំពីសំណង់ប្រាសាទដ៏អច្ឆរិយៈដែលមានលក្ខណៈល្អកម្ររកបាន ឬ ស្ទើរតែហួសនិស្ស័យពីកម្លាំងមនុស្សធ្វើបាន ទៀតផង។ ជាក់ស្តែងសំណង់ប្រាសាទអង្គរវត្ត ដ៏ស្កឹមស្កៃនេះ តែងមានការស្ងើចសរសើរនិង មានការវាយតម្លៃដែលគេបានដឹងតាមរយៈ រឿងព្រេងថា ជាស្ថាបត្យកម្មកើតឡើងដោយ ទេពនិម្មិតទៀតផង។ ជាពិសេសតាមរយៈរឿង ព្រេងនិទានបានឲ្យដឹងថា ប្រាង្គប្រាសាទ អង្គរវត្តជាស្នាដៃទេវតាចុះមកកសាងតាមរយៈ ការបញ្ជាពីព្រះឥន្ទ្រាធិរាជ្យក្នុងការផ្តល់តាម បំណងព្រះកេតុមាលាជាបុត្រព្រះអង្គដែលចង់បានតាមប្លង់នៃក្រោលគោព្រះឥន្ទ្រឯឋាន សួគ៌។
ជាការពិតណាស់ ចំពោះចក្ខុវិស័យនៃភ្ញៀវ ទស្សនាប្រាង្គប្រាសាទបុរាណសម័យអង្គរក៏ គេបានយល់ថា ជាសំណង់ដ៏អស្ចារ្យដែលលើសពីកម្លាំងរបស់មនុស្សពិតប្រាកដ។ គេតែង យល់ថា បើក្នុងសម័យបច្ចុប្បន្ននេះ គឺមានគ្រឿង ម៉ាស៊ីនស្ទូចយោងនិងលើកដាក់សម្ភារៈធ្ងន់ៗ ធំៗទៅបានដូចជាការកសាងអគារខ្ពស់ៗនៅ ប្រទេសជាច្រើនក្នុងពិភពលោកនេះ។ ប៉ុន្តែបើ គេគិតទៅ ក្នុងរយៈពេលជាងមួយពាន់ឆ្នាំកន្លង មកនោះ គឺពេលនោះវិទ្យាសាស្ត្រនៃសំណង់មិន ទាន់មានការរីកចម្រើននោះទេ ចុះហេតុអ្វីក៏សិល្ប ករខ្មែរបុរាណអាចលើកថ្មមានទម្ងន់រាប់តោន មកបន្តុបគរលើគ្នាយ៉ាងរឹងមាំបានជារូបរាងនៃប្រាសាទយ៉ាងនេះ? តើថ្មមានប្រភពពីណា មកដែលបានលើករំកិលឡើងខ្ពស់ដូចកំពូលភ្នំយ៉ាងនេះ? ទាំងសំណង់នៃប្រាង្គប្រាសាទដែលស្តែង ចេញពីចំណេះវិជ្ជាខាងគណិតវិទ្យា ជាពិសេស បញ្ហាមេរៀនអំពីការប្រជុំទម្ងន់ដែលបង្កលក្ខណៈ ដ៏រឹងមាំកើតឡើងពីការតម្រៀបថ្មសង្កត់លើគ្នា ប្រកបដោយការផ្ចិតផ្ចង់បំផុត។ ក្នុងនោះក៏មាន សណ្ឋានទ្រង់ទ្រាយទៅតាមក្បាច់ក្បូរគួរឲ្យ ទាក់ទាញចិត្ត។ ជាពិសេសក្បាច់ចម្លាក់តាម ជញ្ជាំងប្រាសាទឬនៅតាមផ្តែរនិងហោជាងព្រមទាំងចម្លាក់ទោលនៃបដិមាព្រះអាទិទេព ឬទេវរូបផងនោះ សុទ្ធសឹងបង្ហាញអំពីភាព អស្ចារ្យដែលកើតឡើងដោយជំនឿនិងការព្យា យាម ព្រមទាំងទទួលខុសត្រូវខ្ពស់ពីដូនតាខ្មែរពិតមែន។
ដូចនេះ តាមរយៈប្រាង្គប្រាសាទជាសម្បត្តិ វប្បធម៌ខ្មែរដ៏សំបូរបែបនៅរាយពាសពេញផ្ទៃ ប្រទេសមកទល់នឹងបច្ចុប្បន្ននេះទើបគេបាន ប្រសិទ្ធនាមថា ជាទឹកដីអច្ឆរិយៈនៅលើពិភពលោកនេះ គឺប្រទេសកម្ពុជាពិតប្រាកដ៕
ឥន្ទ្រីយ៍ខ្មៅ

0 Comments