ក្រោយពីសមាជិកជាន់ខ្ពស់ក្នុងបក្សបានព្យាយាមនិយាយការពារថាគ្មានការបែកបាក់ផ្ទៃក្នុងទេ ពេលនេះការការពារទាំងនោះបានក្លាយទៅជាមោឃៈ។ ក្លាយទៅជាមោឃៈនៅត្រង់ថា សមាជិកជាន់ខ្ពស់ម្នាក់របស់បក្សត្រូវបានគេបណ្តេញចេញពីបក្ស ដោយចោទប្រកាន់ថានិយាយគ្មានមូលដ្ឋាន ឬបរិហារបក្សខ្លួនឯង។ ស្ថានការណ៍បច្ចុប្បន្នរបស់បក្សសង្គ្រោះជាតិ ហាក់ដូចជាធ្ងន់ធ្ងរទៅៗ ពោលគឺបញ្ហានៃការបែកបាក់គ្នារបស់សមាជិកជាន់ខ្ពស់កំពុងតែត្រូវបានសារព័ត៌មាននានា ចុះផ្សាយយ៉ាងគគ្រឹកគគ្រេង។ តើការបែកបាក់នេះ បណ្តាលមកពីកត្តាអ្វីខ្លះ?
រហូតមកដល់ពេលនេះ គណបក្សប្រឆាំងនៅតែអះអាងថាមិនមានការបែកបាក់គ្នា ដូចពាក្យចចាមអារ៉ាមមួយចំនួននោះទេ។ យ៉ាងណាមិញ ការបែកបាក់បានបង្ហាញមកកាន់តែច្បាស់បន្តិចម្តងៗ ហើយវាក៏ជាសារមួយប្រាប់ទៅអ្នកគាំទ្រមួយចំនួនថាការនិយាយ ឬការលើកឡើងរបស់អ្នកដទៃគឺជាការពិត។ ទោះបីជាយ៉ាងនេះក្តី ហេតុផលមួយចំនួនត្រូវបានប្រើ ដើម្បីជាលេសថាគ្មានការបែកបាក់ផ្ទៃក្នុងនោះទេ។ តើអ្វីជាការបែកបាក់ផ្ទៃក្នុងរបស់គណបក្សប្រឆាំងនៅកម្ពុជា? ការបែកបាក់ផ្ទៃក្នុងបានលេចឡើងកាន់តែច្បាស់ នៅពេលដែលសមាជិកជាន់ខ្ពស់ក្នុងបក្សម្នាក់បានបកអាក្រាតរឿងរ៉ាវពុករលួយរបស់លោកប្រធានបក្ស និងការបែកបាក់ផ្ទៃក្នុងរបស់បក្ស។ ក្រោយពីការបកអាក្រាត គណៈកម្មាធិការវិន័យរបស់គណបក្សសង្គ្រោះជាតិបានសម្រេចបណ្តេញអ្នកដែលបានបកស្រាយបញ្ហាផ្ទៃក្នុងរបស់បក្សចេញពីបក្ស។
រឿងមួយមិនអាចកើតឡើងប្រាសចាកហេតុផលនោះទេ នេះមានន័យថាការបែកបាក់ផ្ទៃក្នុងរបស់បក្សសង្គ្រោះជាតិអាចមកពីមូលហេតុមួយចំនួនដូចជា ការចែកលាភ និងបក្ខពួកនិយមក្នុងបក្ស។ អ្នកស្រីឡាក់ សុភាព ដែលគេបានបណ្តេញចេញពីបក្សបានប្រាប់អ្នកកាសែតថា គេបានចោទប្រកាន់ថា អ្នកស្រីបាននិយាយថា លោកសម រង្ស៊ី យកលុយ ៤០ លានដុល្លារ បាន ២០ លានដុល្លារ នៅ ២០ លានដុល្លារ នោះគឺមិនមែនជារឿងពិតទេ គឺលោក កឹម សុខា គាត់បានលើកឡើងនៅក្នុងអង្គប្រជុំ ហើយបានទម្លាក់កំហុសមកលើអ្នកស្រី។ នេះគឺជារឿងរ៉ាវកាន់តែធំមួយទៀតរបស់បក្សប្រឆាំង ប្រសិនបើរឿងនេះវាជាការពិតមែននោះ។
បក្ខពួកនិយមក្នុងបក្សក៏ជាមូលហេតុធំមួយ ដែលបណ្តាលឲ្យមានជម្លោះផ្ទៃក្នុងបក្ស ដែលឈានទៅដល់ការបែកបាក់។ អ្វីដែលយើងត្រូវចាប់អារម្មណ៍គឺ គណបក្សប្រឆាំងមាននិន្នាការពីរ ពោលគឺអ្នកគាំទ្រលោកកឹម សុខា និងអ្នកគាំទ្រលោកសម រង្ស៊ី។ ជាក់ស្តែង មុនពេលដែលគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្សសមរង្ស៊ី របស់លោកសមរង្ស៊ី បានផ្គុំគ្នា បង្កើតគណបក្សសង្គ្រោះជាតិ ពេលនោះមានសមាជិកជាន់ខ្ពស់របស់គណបក្សសមរង្ស៊ី មួយចំនួនបានរត់ចូលគណបក្សសិទ្ធិមនុស្ស។ នេះបានន័យថាពួកគេមិនពេញចិត្ត នឹងការគ្រប់គ្រងរបស់លោកសមរង្ស៊ី ទើបពួកគេរត់មករកលោកកឹម សុខា។
តែជាអកុសលលោកប្រធានគណបក្សសិទ្ធិមនុស្ស ក៏សម្រេចចិត្តចូលគ្នាជាមួយគណបក្សសមរង្ស៊ី ដើម្បីបង្កើតបក្សមួយថ្មីគឺគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន។ សូមបញ្ជាក់ថាមុនពេល ដែលគណបក្សទាំងពីរច្របាច់បញ្ចូលគ្នា គណបក្សទាំងពីរនេះតែងតែជេរគ្នាទៅវិញទៅមក ឬបកអាក្រាតពីគ្នាទៅវិញទៅមក។ ដូច្នេះ ការច្របាច់បញ្ចូលគ្នា គឺធ្វើឡើងតែសម្បកក្រៅតែប៉ុណ្ណោះ ពោលគឺបក្ខពួកនិយមនៅក្នុងគណបក្សនេះនៅតែមាន ព្រោះមនុស្សមួយចំនួនមិនពេញចិត្តនឹងលោកសមរង្ស៊ី។ អ៊ីចឹងស្នាមបែកប្រេះស្រាំនេះ គឺកើតមានចាប់តាំងពីពេលដែលគណបក្សប្រឆាំងនេះ បង្កើតឡើងមកម៉្លេះ ហើយពេលវេលាដែលត្រូវបែកក៏ជិតចូលមកដល់ដែរ។
យ៉ាងណាមិញ ការបណ្តេញសមាជិកជាន់ខ្ពស់ម្នាក់របស់គណបក្ស ដោយមិនបានសួរឬឆ្លើយឆ្លងពីមេបក្ស គឺជាការបែកបាក់ផ្ទៃក្នុងមួយបាត់ទៅហើយ។ ជាការបែកបាក់ ដែលបានកើតឡើងខណៈពេល លោកប្រធាន និងលោកអនុប្រធានរបស់បក្សបានប្រាប់អ្នករស់នៅក្រៅស្រុកថាគណបក្សសង្គ្រោះជាតិមិនមានការបែកបាក់ផ្ទៃក្នុងនោះទេ។
ម្យ៉ាងវិញទៀត ការបណ្តេញសមាជិកបក្សប្រឆាំង ក៏បានបង្ហាញឲ្យឃើញ ពីភាពផ្តាច់ការរបស់គណបក្សនេះផងដែរ។ ផ្តាច់ការនៅត្រង់ថា ការបណ្តេញចេញនោះ បានធ្វើឡើងនៅពេលដែលមានការរិះគន់ទៅលើថ្នាក់ដឹកនាំកំពូល។ កន្លងមកគណបក្សប្រឆាំង តែងតែអះអាងថាខ្លួនជាគណបក្សប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែការអនុវត្តន៍ជាក់ស្តែងក្នុងបក្សរបស់ខ្លួនគឺជាលទ្ធិផ្តាច់ការសុទ្ធសាធ។ ដូច្នេះ មិនយូរមិនឆាប់ ដំបៅមួយរបស់គណបក្សប្រឆាំងនឹងរីកកាន់តែធំឡើងៗ ដែលពីបាកនឹងរកថ្នាំព្យាបាល ហើយអាចបណ្តាលឲ្យបក្សប្រឆាំងឈានទៅរកដំណាក់កាលចុងក្រោយ ពោលគឺការបែកបាក់ជាពីរទៀតផង៕
0 Comments