នគរបាលប៉ុស្តិ៍ចតុមុខនិងនគរបាលខណ្ឌចាប់បង្ក្រាបគ្រឿងញៀន២ករណីផ្សេងពីគ្នាឃាត់ខ្លួនស្ត្រី៣នាក់ដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនធំ
ភ្នំពេញ ៖ ក្រុមស្ត្រីជួញដូរគ្រឿងញៀនចំនួន៣នាក់ក្នុងនោះមានខ្មែរ២នាក់និងជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខនិងកម្លាំងផ្នែកជំនាញខណ្ឌ ដូនពេញចាប់បង្ក្រាបក្នុង២ករណីផ្សេងពីគ្នាព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនមួយធំផងដែរ។
ករណីទី១កម្លាំងនគរបាលផ្នែកជំនាញខណ្ឌដូនពេញបានចាប់បង្ក្រាបកាលពីវេលាម៉ោង១២និង៤៥នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នៅចំណុចមុខផ្ទះលេខ ១ផ្លូវលេខ៧០ភូមិ២១សង្កាត់ស្រះចកខណ្ឌដូនពេញ។ ក្រុមជនសង្ស័យ២នាក់ដែលបង្ក្រាបបាននេះទី១ឈ្មោះសូរ ស្រីពៅ ភេទស្រី អាយុ៣២ឆ្នាំទី២ឈ្មោះយ៉ា កញ្ជនា ភេទស្រីអាយុ១៨ឆ្នាំ មុខរបរមិនពិតដូចគ្នាស្នាក់នៅសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។ ត្រូវបានដកហូតវត្ថុតាងថ្នាំញៀន១ថង់ទម្ងន់១ជី។
ករណីទី២កម្លាំងនគរបាលប៉ុស្តិ៍ចតុមុខបានធ្វើការបង្ក្រាបកាលពីវេលាម៉ោង១៣និង៥០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នៅចំណុចផ្លូវលេខ២៥២កែងផ្លូវ លេខ៦៣ភូមិ៧សង្កាត់ចតុមុខខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះឡេ ធីម៉ាយ ភេទស្រីអាយុ៥០ឆ្នាំជនជាតិវៀតណាមស្នាក់នៅផ្ទះជួលនៅផ្លូវលំសង្កាត់គឺឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវត្រូវបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទដុំម្សៅចំនួន០៦កូនថង់ និង៣២កញ្ចប់តូចនិងទូរស័ព្ទដៃ១គ្រឿងលុយ៥ម៉ឺនរៀល។
សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះគឺកម្លាំងប៉ុស្តិ៍ចតុមុខនិងកម្លាំងផ្នែកជំនាញខណ្ឌបានចេញល្បាតទប់ស្កាត់រាលបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួនស្រាប់តែទទួលព័ត៌មានសំងាត់ពីសកម្មភាពនៃការជួញដូររបស់ក្រុមជនសង្ស័យទាំងនោះនៅចំណុចកើតហេតុពេលកម្លាំងទៅដល់ឃើញ ជាក់ស្តែងដែលក្រុមជនសង្ស័យកំពុងនៅរង់ចាំដើម្បីចែកចាយបន្តទៀតនោះក៏ឃាត់ខ្លួនឆែកឆេរឃាត់លាក់ទុកសារជាតិញៀននៅជាប់ខ្លួនក៏បញ្ជូនមកចាត់ការតាម ផ្លូវច្បាប់តែម្តង៕
រស្មី
0 Comments