Ad Code

ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ ចំនួន ១.៨៣៨​នាក់​នៅ​សាលា​ខណ្ឌ​ទួលគោក

ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ ចំនួន ១.៨៣៨​នាក់​នៅ​សាលា​ខណ្ឌ​ទួលគោក

ភ្នំពេញ ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ១.៨៣៨​សន្លឹក​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក​យក​មក​ប្រគល់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃនេះ​ក្រោយពី​ផលិត​បាន​រួចរាល់ ដែល​ពិធី​ប្រគល់​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១២ ខែមករា ឆ្នាំ​២០១៥ នៅ​សាលា​ខណ្ឌ​ទួលគោក។

ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ​នេះ ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក លោក ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោក​វរសេនីយ៍ត្រី ផន ផែង ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ហ៊ុន សុធី អធិការ​នគរបាល​ខណ្ឌ​ទួលគោក លោក​វរសេនីយ៍ឯក មិន សុ​ផេ​ត នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចៅសង្កាត់ និង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១០ រួម​ទាំង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផង​ដែរ។

លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ក្នុង​ឱកាស​នោះ​បាន​លើកឡើង​ដោយ​សំណូមពរ​ឲ្យ​ប្រជាជន​ដែល​ទើបតែ​ទទួល​បាន​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន និង​អ្នក​ដែល​មាន​ស្រាប់ ត្រូវ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ជៀសវាង​ការ​បាត់ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រើប្រាស់​នៅពេល​ត្រូវការ។ លោក​ក៏បាន​ស្នើ​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់ ត្រូវ​ស្រង់​ស្ថិតិប្រជាជន​ដែល​ជិត​គ្រប់​អាយុ​ធ្វើ​ប័ណ្ណសំគាល់ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឲ្យ​ខាង​ជំនាញ​ងាយស្រួល​ក្នុង​ការ​ធ្វើ​បន្ត​ជូន​ពួកគាត់។

ដោយឡែក​លោក ហ៊ុន សុធី អធិការ​នគរបាល​ខណ្ឌ​ទួលគោក ក៏បាន​លើកឡើង​ផង​ដែរ​ថា ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ខណ្ឌទួលគោក គិត​មកដល់​បច្ចុប្បន្ន គឺ​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ចំនួន ១១១.៩៦២​នាក់ ក្នុង​នោះ​ប្រុស ៥៤.៥៧៣​នាក់។ ហើយ​លើក​នេះ​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ចំនួន ១.៨៣៨​នាក់ ក្នុង​នោះ​មាន​ប្រុស​៨៧៦​នាក់។ ជាមួយគ្នា​នោះ​ដែរ ចំពោះ​អ្នក​ដែល​នៅ​សេសសល់​មិនទាន់​ទទួល​បាន ខាង​ការិយាល័យ​ជំនាញ​កំពុង​ជំរុញ​ការងារ​ផលិត ដើម្បី​យក​ចែក​ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​នៅពេល​ខាងមុខ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ហើយ តែ​មិនទាន់​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ ឬ​អ្នកមាន​ហើយ​បាន​បាត់ ឬ​ខូច ឬ​ហួស​សុពលភាព​នោះ ត្រូវ​មក​ចុះឈ្មោះ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​របស់​ខ្លួន​ដើម្បី​ធ្វើ​ឡើងវិញ ហើយ​លោក​ក៏បាន​សំណូមពរ​ឲ្យ​អ្នក​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ហើយ ត្រូវ​ថែរក្សា​ឲ្យ​បាន​ល្អ ជៀសវាង​បាត់ ឬ​ខូច ព្រោះ​ថាបើ​បាត់បង់​ដោយ​ការ​ធ្វេសប្រហែស ហើយ​ទៅ​ធ្វើ​ឡើងវិញ​នោះ​តាមច្បាប់​ត្រូវ​ពិន័យ​ជា​ប្រាក់​ថែមទៀត​ហើយ​វា​ក៏​ធ្វើអោយ​ខាតបង់​ពេលវេលា​ផង​ដែរ៕

ស្រីរ័ត្ន

Post a Comment

0 Comments

Close Menu