Ad Code

អ៊ុង ​វិ​រៈ និង ង៉ែ​ត្រ រដ្ឋា ជួប​ថៃ​លើ​សង្វៀន​អប្សរា​


ភ្នំពេញ ៖ អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​២​នាក់​នឹង​មក​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​កម្ពុជា គឺ ​អ៊ុង វិ​រៈ ក្លិប​កង​ពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​ង៉ែ​ត្រ រដ្ឋា ជើង​ខ្លាំង​នៃ​ក្លិប​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន នៅក្នុង​កម្មវិធី​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ របស់​ស្ថានីយទូរទស្សន៍​អប្សរា នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣១ ​ខែ​មករា​ ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​អប្សរា​។​

ជា​រៀង​រាល់​ខែ ទូរទស្សន៍​អប្សរា​និង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​ពី​ណាហ្គា​វើ​ល​នោះ តែងតែ​រៀបចំ​ការប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នេះ​។ អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Saree Chhai Luckbrabat នឹង​មក​ជួប​ប្រកួត​ជាមួយ អ៊ុង វិ រះ ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម។ Saree Chhai Luckbrabat នេះ មិនដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​។ បើ​តាម​លោក​ សុខ សំណាង អ្នក​ចាត់​ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​អប្សរា​បាន​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ ថ្វីត្បិតតែ​ពុំដែល​មក​ស្រុក​ខ្មែរ តែ​គេ​មិន​អន់​នោះ​ឡើយ។ គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា ដែល​​មាន​បទពិសោធន៍​និង​បច្ចេកទេស​ពេញ​ខ្លួន ដូច្នេះ​ អ៊ុង វិ​រៈ​ មិនអាច​ប្រហែស​បាន​នោះ​ទេ​។​

ទោះជា​យ៉ាងណា​គេ​មិន​ដឹង​ថា ​អ្នក​ប្រដាល់ Saree Chhai Luckbrabat​នេះ មាន​ប្រវត្តិ​ប្រកួត​ប៉ុន្មាន​ដងនោះ​ឡើយ ព្រោះ​អ្នក​ផ្គូផ្គង​មិនបាន​យកចិត្តទុកដាក់​អំពី​បញ្ហា​នេះ​។ សម្រាប់ អ៊ុង វិ​រះ​វិញ ជា​លើក​ទី​១៣​របស់​គេ​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​។ ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង អ៊ុង វិ​រះ ​ហាក់ដូចជា​រក​ដៃគូ​មិនបាន​នោះ​ទេ ព្រោះ​គេ​ឈ្នះ​រហូត ហើយ​ជាមួយ​បរទេស​គេ​ក៏​ថ្នឹក​និង​មាន​ពិសោធន៍​ច្រើន​ដែរ​។ ទោះជា​យ៉ាងណា​ការប្រកួត​ចុងក្រោយ​របស់​គេ គឺ​វាយ​ឈ្នះ​ថៃ ​Bou Ngen ក្នុង​ទឹក​ទី​២​។ អ៊ុង ​វិ​រះ​ មានចិត្ត​ប្រដាល់​ធំ មិន​ចេះ​ខ្លាច មិន​ចេះ​ញញើត គ្រាន់តែ​គេ​ខ្វះ​ល្បិចកល​ ក្នុង​ការ​ផ្ដួល​គូប្រកួត​តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងនេះ​ក្តី Saree Chhai Luckbrabat អ្នក​ប្រដាល់​ថៃ​ដែល​មក​នេះ មិន​ប្រាកដ​ថា ​អាច​យកឈ្នះ​លើ ​អ៊ុង ​វិ​រះ​ បាន​នោះ​ឡើយ​។ ដោយសារ​ អ៊ុង​ វិ​រះ គេ​រឹងមាំ កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​មិន​ចាញ់​ស៊ុ​ហ្វ​អ្នក​ប្រដាល់​បរទេស​នោះ​ទេ​។ ប៉ុន្តែ​យ៉ាងណា​ អ៊ុង វិ​រះ ក៏​មិនអាច​មើល​ស្រាល​អ្នក​ប្រដាល់​ថៃ​នោះ​បាន​ដែរ​។​

អ៊ុង វិ​រះ មាន​ប្រវត្តិ​ប្រកួត​ប្រហែល​៦១​ដង ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​៥៥​ដង ចាញ់​៦​ដង​ប៉ុណ្ណោះ ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​ដែរ​នៅក្នុង​ស្រុក​ខ្មែរ​នេះ​។ ចាំ​មើល តើ​ អ៊ុង ​វិ​រះ ឬ​Saree Chhai Luckbrabat ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​គ្នា​នេះ​។ ចំពោះ​អ្នក​ប្រដាល់​ថៃ​ដែល​នឹង​មក​ជួប​ប្រកួត​ជា​មួយ​ ង៉ែ​ត្រ រដ្ឋា​នោះ មានឈ្មោះ​ Back Jo kiat kam phon ទម្ងន់​៦០​គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ ក៏​ថ្មី​មិនដែល​មក​ប្រកួត​នៅ​កម្ពុជា​ដែរ​នា​ពេល​កន្លងមក​។​

តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​ថា Back Jo kiat kam phon នេះ​នៅ​ស្រុក​ថៃ គេ​ជា​ជើង​ខ្លាំង​គ្មាន​អ្នកណា​ឈ្នះ​គេ​ទេ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ​។ កាលដែល​គេ​ចង់​មក​ជួប​ ង៉ែ​ត្រ រដ្ឋា នេះ គឺ​ដោយ​សារ​ចង់​ស្គាល់​ថ្វីដៃ​របស់ ​រដ្ឋា តែប៉ុណ្ណោះ​។​

ង៉ែ​ត្រ រដ្ឋា ជើង​ខ្លាំង​របស់​កម្ពុជា​យើង​នេះ ធ្លាប់​វាយ​ចាញ់​ថៃ​ពីរ​នាក់​មក​ហើយ លើ​សង្វៀន​អប្សរា​នេះ ដែល​ការ​ជួប​ថៃ​លើក​ចុង​ក្រោយ​នេះ រដ្ឋា ​វាយ​ចាញ់​ Sokhunh Panhavong ​ដោយ​ពិន្ទុ​។ ដូច្នេះ ចាំ​មើល ​ង៉ែ​ត្រ រដ្ឋា​លើក​នេះ អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Back Jo kiat kam phon ដែល​មក​លើក​នេះ​បាន​ឬ​អត់ ?​

សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ បឹង កា​យ៉ាក អ្នក​ប្រដាល់​ជើងចាស់​ក្លឹប​អប្សរា​គុន​ខ្មែរ​នឹង​ជួប​ប្រកួត​ជាមួយ​ជើង​ថ្មី​ សោម វិឆ័យ ក្លឹប​សាល​វ័​ន្ត​កីឡា ដោយ​ប្រកួត ក្នុង​ទម្ងន់​៥៧​គីឡូ​ក្រាម​ ។ ​រវាង​អ្នក​ប្រដាល់​ពីរ​នាក់​នេះ សោម វិឆ័យ ប្រហែលជា​មិនអាច​ឈ្នះ​បឹង​កា​យ៉ាក​នោះ​ទេ ដោយ​សារ​បឹង​កា​យ៉ាក គេ​ជា​ជើង​ខ្លាំង​នៅ​ជាយដែន​(​កោះកុង​)​និង​វាយ​មាន​ផ្លែ​ល្អ​ជាង​វិឆ័យ​។ មក​ប្រកួត​នៅ​ភ្នំពេញ​ប្រមាណ​១០​ប្រកួត​នោះ កា​យ៉ាក​ វាយ​ឈ្នះ​ទាំងអស់ មិនដែល​ចាញ់​ទេ ទាំង​អ្នក​ប្រដាល់​បរទេស​ក៏ដូចជា​អ្នក​ប្រដាល់​រួម​ជាតិ​នោះ​។​

សែន រ៉ា​ដេ​ត អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងកសិកម្ម ត្រូវ​គេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​ឡុង បញ្ញា អ្នក​ប្រដាល់​ក្លឹប​សាល​វ័​ន្ត​កីឡា ក្នុង​ទម្ងន់​៥១​គីឡូក្រាម​។ ឡុង បញ្ញា​នេះ ក៏​ប្រហែលជា​ពុំ​អាច​ឈ្នះ ​រ៉ា​ដេ​ត ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​CBF​ ទម្ងន់​៥១​គីឡូក្រាម​នោះ​ដែរ​។​

ចំពោះ​អ្នក​ប្រដាល់​ផល បារាំង ក្លឹប​គីរីវង់​សុខ​សែន​ជ័យ​នឹង​ជួប​ប្រកួត​ជាមួយ​ពេជ្រ បុរី ក្លឹប​កីឡាប្រដាល់​ខេត្តកោះកុង ក្នុង​ខណៈ​ដែល​ ធី សំណាង ក្លឹប​ក្រសួងកសិកម្ម​ដែរ​នោះ ជួប​ប្រកួត​ជា​មួយ​ ស វាសនា ក្លឹប​គីរីវង់​សុខ​សែន​ជ័យ​៕

វិ​សិទ្ធ







Post a Comment

0 Comments

Close Menu