ភ្នំពេញ ៖ ដោយបានទទួលស្គាល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ ក្នុងនាមជាអ្នកដឹកនាំប្រទេសកម្ពុជាក្នុងរយៈពេល៣០ឆ្នាំមកនេះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានក្នុងជីវិតនយោបាយជាប្រវត្តិសាស្ត្រនេះ។
នៅក្នុងពិធីចាក់បេតុងភ្ជាប់តំណស្ពានអ្នកលឿង ដែលត្រូវបានប្រសិទ្ធនាមថា «ស៊ូបាសា» កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ រួមជាមួយឯកឧត្តម ណាកាណេ កាហ្សូយុគិ (NAKANE Kazuyuki) សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុននោះ សម្ដេចតេជោមានប្រសាសន៍ថា ពេលនេះក្នុងថ្ងៃនេះ កាលពី៣០ឆ្នាំមុននៅក្នុងរដ្ឋសភាកំពុងបោះឆ្នោតរើសខ្ញុំធ្វើនាយករដ្ឋមន្ត្រី។ ថ្ងៃនេះជាខួបលើកទី៣០នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោមានប្រសាសន៍បន្តថា ខ្ញុំអរគុណទាំងអស់គ្នា "ទាំងអ្នកថាអាក្រក់ពីខ្ញុំ ទាំងអ្នកថាល្អអំពីខ្ញុំ " ក៏ប៉ុន្តែសូមក្រឡេកមើលថយក្រោយបន្តិចទៅ។
សម្ដេចតេជោបន្តទៀតថ្លែងថា ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៥ ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស ជាការរួមចំណែកដឹកនាំ ហើយពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្នជានាយករដ្ឋមន្ត្រី ដែលគុណសម្បត្តិ និងគុណវិបត្តិតែងតែកើតមាន ប៉ុន្តែសូមក្រឡេកមើលទៅក្រោយបន្តិច នៅពេលខ្ញុំឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥នោះ សង្គ្រាមនៅតែហែកហួរប្រទេសនេះនៅឡើយ។ សូមកុំភាន់ច្រឡំបើគ្មានបាតដៃ ហ៊ុន សែន ទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ចេញមកដែរ។ កុំសង្ឃឹមលើកិច្ចព្រមព្រៀងប៉ារីសថាវាកើត ព្រោះ ហ៊ុន សែន ជាអ្នកទៅចរចា បើហ៊ុន សែន ប្រាប់សម្ដេច ហេង សំរិន និងសម្ដេច ជា ស៊ីម ថាអត់បានទេ មិនចាំបាច់ ចរចាតទៅទៀតទេ ដូច្នេះការវាយប្រយុទ្ធគ្នានឹងមកដល់សព្វថ្ងៃនេះ។
សម្ដេចនាយករដ្ឋមន្ត្រីថ្លែងថា យើងនិយាយពីសមិទ្ធផលនៃសន្តិភាពនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម បើហ៊ុន សែន មិនចូលរូងខ្លាទេ តើចាប់ខ្លាបានដែរឬទេ ? ខ្ញុំបានប្រាប់ម្តាយខ្ញុំ និងម្តាយធំរបស់ខ្ញុំថា ម៉ែនិងធំ បើខ្ញុំមិនទៅ តើអ្នកណាទុកចិត្ត។ បើខ្ញុំទៅខ្ញុំស្លាប់ ស្លាប់តែខ្ញុំ និងអ្នករួមដំណើរតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែបើបានវិញ បានផែនដីទាំងមូលតែម្តង។ ដូចអ្វីដែលបាននិយាយ UNTAC ប្រើលុយ២.០០០លានដុល្លារបញ្ចប់សង្គ្រាមអត់បាន ប៉ុន្តែខ្ញុំយកបានទាំងអស់ ប្រជាជនខ្មែររួមគ្នាកសាងប្រទេស។ ខ្ញុំជាអ្នកដឹកនាំកំណែទម្រង់ដីធ្លី តាំងពីឆ្នាំ១៩៨៥ ហើយបានប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។
សម្ដេចតេជោបានថ្លែងថា ស្ពានអ្នកលឿងនេះពិតមែនតែជប៉ុនអ្នកឱ្យ ប៉ុន្តែអ្នកណាអ្នកសុំ បើធ្វើនយោបាយប្រឆាំងជប៉ុនៗចាំតែឱ្យទៅ ហើយបើដឹកនាំប្រទេសមិនល្អ ស្មានតែជប៉ុនអនុម័តថវិកាមកធ្វើស្ពាននេះឬ ។ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាការពិតខ្ញុំក៏មានកំហុសដែរមិនមែនអត់ទេ ប៉ុន្តែសូមថ្លឹងថ្លែងរវាងត្រូវ និងខុស បើដឹកនាំខុសយើងមិនបានមកជួបជុំគ្នានៅថ្ងៃនេះទេ។ សម្ដេចក៏បានបញ្ជាក់ថា ការកាន់តំណែងរយៈពេល៣០ឆ្នាំគឺជាការកម្រណាស់ ហើយលោកមានអាណត្តិរហូតដល់ឆ្នាំ២០១៨ បន្ទាប់ពីនោះក៏មិនទាន់ចាស់ ព្រោះបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សផ្សេងៗ មានអាយុច្រើនជាង នាយករដ្ឋមន្ត្រីក្នុងតំណែងផង៕
ស្នាយពល
ស្នាយពល
0 Comments