Ad Code

ឃុំខ្លួន​អតីត​សង្ឃ​ដែល​ចាក់​សម្លាប់​គ្រូសូត្រ​សង្ឃ​


ភ្នំពេញ ៖ អតីត​សាមណេរ​ម្នាក់ ដែល​បាន​ចាក់​សម្លាប់​ព្រះសង្ឃ​មួយ​អង្គ​នៅក្នុង​វត្ត​សាមគ្គី​រង្សី ត្រូវ​បាន​ចៅក្រម​ស៊ើបអង្កេត​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ ហើយ​នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ២០១៥​។​

អតីត​សាមណេរ​រូប​នេះ​មានឈ្មោះ លី តឹង អាយុ​១៨​ឆ្នាំ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង ជា ម៉េ​ត ចោទប្រកាន់​ពី​បទ " ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ " តាម​មាត្រា​២២៤​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥។​

ចំណែក​ព្រះសង្ឃ​ដែល​សុគត​នោះ មាន​ព្រះនាម ព្រះ​តេជគុណ ថាច់ ខាន់ ព្រះជន្ម​៣៧​វស្សា មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម មកពី​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម គង់នៅ​វត្ត​សាមគ្គី​រង្សី សព្វថ្ងៃ​មាន​តួនាទី​ជា​គ្រូសូត្រឆ្វេង។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥ នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​អំពើ​ហិង្សា​រវាង​សង្ឃ​និង​សង្ឃ គឺ​បាន​កើតឡើង​ដោយសារតែ​ការ​ទាស់​ពាក្យសម្ដី។​

ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា ព្រះ​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​បាន​មាន​សង្ឃដីកា​ថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា​នេះ​ថា មូល​ហេតុ​ដែល​ឈាន​ដល់​ការ​ចាក់​សម្លាប់​ព្រះ​តេជគុណ ថាច់ ខាន់ គឺ​ដោយ​សារតែ​ព្រះ​តេជគុណ លី តឹង ខឹង​ព្រះ​តេជគុណ ថាច់ ខាន់ ណែនាំ​កុំ​ឲ្យ​មានការ​លេងសើច​ច្រើន ទាំង​នៅក្នុង​វត្ត និង​ទាំង​នៅ​ក្រៅ​វត្ត ដែល​វា​មិន​សមរម្យ។ នៅ​ពេល​ដែល​ព្រះ​តេជគុណ ថាច់ ខាន់ និមន្ត​ព្រះ​តេជគុណ លី តឹង មក​ណែ​នាំ​នៅ​កុដិ ក៏​ស្រាប់តែ​សាមណេរ​នោះ យក​កាំបិត​ចាក់​មក​លើ​ព្រះ​តេជ​គ​គុណ ថាច់ ខាន់ បណ្ដាល​ឲ្យ​សុគត​តែម្តង។​

ព្រះ​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​បាន​បញ្ជាក់​ថា ព្រះ​តេជគុណ ថាច់ ខាន់ ត្រូវ​ព្រះ​តេជគុណ លី តឹង ចាក់​ចំនួន​២​កាំបិត ត្រូវ​ចំ​ដៃ​និង​ក បាន​បណ្ដាល​ឲ្យ​ស្លាប់​។ សព​ព្រះ​តេជគុណ ថាច់ ខាន់ ត្រូវ​បាន​ដឹក​ពី​មន្ទីរពេទ្យ​យក​មក​តម្កល់​ធ្វើ​ប​បុណ្យ​នៅក្នុង​វត្ត​សាមគ្គី​រង្សី។​

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វត្ត​សាមគ្គី​រង្សី​បាន​ឈ្លោះប្រកែក​ទាស់​ពាក្យសំដី​គ្នា​បង្ក​ឲ្យ​មាន​ការប្រើ​អំពើ​ហិង្សា​ដាក់គ្នា និង​ប្រើ​កាំបិត​ចុង​ស្រួច បាន​បណ្ដាល​ឲ្យ​ព្រះសង្ឃ​មួយ​អង្គ​ដែល​ជា​គូ​ជម្លោះ សុគត​នៅក្នុង​ថ្លុកឈាម រីឯ​ព្រះសង្ឃ​ដែល​ជា​ជន​ដៃ​ដល់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ និង​បញ្ជូន​ឡើង​តុលាការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់៕ មករា​

Post a Comment

0 Comments

Close Menu