Ad Code

រថយន្ត​ដឹក​ឥដ្ឋ​បើក​វ៉ា​រថយន្ត​ដឹក​ដី​ បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ក្រណាត់​រោងចក្រ​ក្រឡាប់​ធ្លាក់​ប្រឡាយ​


ភ្នំពេញ ៖ មនុស្ស​៣​នាក់ ​បាន​ទទួល​រងរ​បួស​ធ្ងន់ធ្ងរ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ឥដ្ឋ​បើក​វ៉ា​ជែង​ជាមួយ​នឹង​រថយន្ត​ដឹក​ដី​ក្នុង​ទិសដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ហើយក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ក្រណាត់​រោងចក្រ​ដែល​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ភូមិ​ស្រែ​ញ័រ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

នគរបាល​ចរាចរណ៍​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង ម៉ាក HYUNDIA ប្រភេទ​១​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3B-6438 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ហើយ​បាន​បើក​វ៉ា​ជែង​នឹង​រថយន្ត​ដឹក​ដី​១​គ្រឿង​ផ្សេងទៀត ក្នុង​ទិស​ដៅ​ស្របគ្នា ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ដឹក​ក្រណាត់​រោងចក្រ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ ហើយ​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​ឃើញ​សភាព​មិន​ស្រួល​ក៏​រត់គេច​បាត់​ស្រមោល​ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ។​

ប្រភព​បន្ត​ថា ចំណែក​រថយន្ត​រងគ្រោះ​ដឹក​ក្រណាត់​រោងចក្រ​នោះ​វិញ ម៉ាក HYUNDAI ប្រភេទ​១​តោន​កន្លះ​ដូចគ្នា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0719 ធ្វើដំណើរ​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ ខាន់ សេង​ហ៊​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ (​រង​របួស​បាក់​ភ្លៅ​) និង​ព្រូ​រថយន្ត​ម្នាក់ទៀត​ឈ្មោះ ទឹម វុត្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រង​របួស​ចង្កេះ និង​ជនរងគ្រោះ​ម្នាក់​ផ្សេងទៀត​ឈ្មោះ ជា សិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​ឡឥដ្ឋ (​រង​របួស​បាក់ជើង​) ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន ឃឹម រ៉ានី ស្ថិត​នៅ​ក្នុង​ខណ្ឌទួលគោក។​

អ្នក​បើកបរ​រថយន្ត​ដឹក​ក្រណាត់​រោងចក្រ​ឈ្មោះ ខាន់ សេង​ហ៊​ត បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា រូប​គាត់​ត្រូវ​បាន​ថៅកែ​រោងចក្រ​ឲ្យ​បើករថយន្ត​ទៅ​ដឹក​ក្រណាត់​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់​ចាម ដោយ​តម្រូវ​ឲ្យ​ងើប​ពី​យប់​ចេញដំណើរ​ទៅ លុះ​ពេល​គាត់​បើករថយន្ត​មកដល់​ចំណុច​កើតហេតុ​ខាង​លើ ក៏​ស្រាប់តែ​រូប​គាត់​បានឃើញ​រថយន្ត​ដឹក​ឥដ្ឋ​នោះ បើក​វ៉ា​ជែង​រថយន្ត​ដឹក​ដី​១​គ្រឿង​ទៀត មក​ពី​ខាងជើង​ទៅ​ត្បូង​យ៉ាង​លឿន ហើយក៏​ជ្រុល​ចូល​មក​ខាងឆ្វេង​ដៃ ពេលនោះ​រូប​គាត់​ក៏​ខំ​គេច​ចេញ​ដែរ តែ​គេច​មិនទាន់​ក៏​បុក​គ្នា​ពេញទំហឹង​តែម្តង បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ប្រឡាយ​ទាំង​២​គ្រឿង ហើយ​រូប​គាត់​ក៏បាន​កៀប​ជាប់​ក្នុង​រថយន្ត គ្រូពេទ្យ​ប្រាប់​ថា រូប​គាត់​បាក់​ភ្លៅ​ស្តាំ។​

ចំណែក​កម្មករ​ឡឥដ្ឋ​ដែល​រង​របួស​បាក់ជើង​ក្នុង​ហេតុការណ៍​នេះ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រូប​គេ​មាន​ឈ្មោះ ជា សិត អាយុ​២៥​ឆ្នាំ ទើបតែ​ចូល​ធ្វើការ​ជា​កម្មករ​ឡឥដ្ឋ​បានតែ​៣​ថ្ងៃ​ប៉ុណ្ណោះ ហើយ​នៅ​ព្រឹក​កើតហេតុ​នេះ គឺ​ថៅកែ​ឡឥដ្ឋ​ឲ្យ​តាម​ឡាន​ដឹក​ឥដ្ឋ​ពី​ច្រាំង​ចំរេះ​ទៅ​ដាក់​ឲ្យ​ម៉ូយ​នៅ​ខេត្តតាកែវ ស្រាប់តែ​មកដល់​ចំណុច​កើតហេតុ ក៏​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​តែម្តង។ ក្រោយ​កើត​ហេតុ​អ្នកបើកបរ និង ​ព្រូឡាន​ម្នាក់ទៀត​ បាន​រត់​គេច​ខ្លួន​បាត់ ហើយ​រូបគេ​រត់​មិន​រួច​ទេ ព្រោះ​បាក់​ជើង។ ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​លោក ប៉ែន រា​ហ៊ុល នាយរង​ផ្នែក​ចរាចរណ៍ ​ខណ្ឌ​ដង្កោ​ ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​ទាំង​២​គ្រឿង​នោះ​បាន​ប្រគល់​ឲ្យ​ទៅ​ខាង​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យក​ទៅ​រក្សាទុក​រង់ចាំ​ការ​ដោះស្រាយ​តាមច្បាប់ ចំណែក​ជន​រងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ឃឹម រ៉ានី ក្នុង​ខណ្ឌទួលគោក៕

រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu