Ad Code

លោក ឃឹម ស៊ុន​សូ​ដា ដោះស្រាយ​បញ្ចប់រឿង​ថៅកែ​រោងចក្រ​រត់ចោល​កម្មករ​


ភ្នំពេញ ៖ ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​ស្បែកជើង​ខ្នាត​តូច​មួយ​កន្លែង ​ដែល​មាន​ទីតាំង​នៅ​ភូមិ​ប៉ប្រក​ខាងជើង ​សង្កាត់​កា​កាប​ និង​មាន​កម្មករ​សរុប​ចំនួន​១៩០​នាក់ ​ត្រូវ​បាន​ថៅកែ​រោងចក្រ​ជនជាតិ​ចិន​រត់ចោល​ចំនួន​១០​ថ្ងៃ​មក​ហើយ​ដោយ​មិនដឹង​មូលហេតុ។ ប៉ុន្តែ​មកដល់​ល្ងាច​ថ្ងៃទី​១៣​ ខែមករា​នេះ​ត្រូវ​បាន​លោក ​ឃឹម ស៊ុន​សូ​ដា​ អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ​ហៅ​កម្មករ​យក​មក​ដោះស្រាយ​នៅ​សាលា​ខណ្ឌ ជា​លទ្ធផល​លោក​បាន​សម្រួល​ដោះ​ស្រាយ​បាន​ជោគជ័យ។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃទី​៥​ ខែ​មករា​ ឆ្នាំ​២០១៥ ​ថៅកែ​រោងចក្រ​ជនជាតិ​ចិន​បាន​រត់ចោល​កម្មករ​ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​កម្មករ​ឡើយ ​ទុក​ឲ្យ​ក្រុម​កម្មករ​នៅ​ឯកោ​អត់​មាន​លុយ។ ដែល​ការ​រត់ចោល​កម្មករ​បែបនេះ​អ្នកខ្លះ​និយាយ​ថា​ បណ្ដាលមកពី​កម្មករ​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ជាច្រើន​ចំណុច​ធ្វើ​ឲ្យ​រោងចក្រ​អត់​មាន​កិច្ច​ការ​ធ្វើ ​ដោយសារ​លំបាក​ដោះស្រាយ​ពេក​ទើប​ថៅកែ​បាន​រត់ចោល​កម្មករ​តែម្ដង​ទៅ។​

ប្រភព​ខ្លះទៀត​និយាយ​ថា​ កាលណោះ​ថៅកែ​ក៏​ចង់​ដោះស្រាយ​ជូន​កម្មករ​ដែរ​ ប៉ុន្តែ​ហាក់​និយាយ​មិន​ចុះសម្រុង​គ្នា​ ទើប​ថៅកែ​ចិត្ត​ស្លុយ​ដែរ​ក៏​រត់​ចេញពី​បញ្ហា​នោះ​ ទុក​ឲ្យ​កម្មករ​វិលវល់​ដូច​ពស់​ដាច់​ក្បាល​អីចឹង។​

ជា​មួយ​គ្នា​នេះ​ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​បាន​ចុះទៅ​ដោះស្រាយ​តាម​លទ្ធភាព​ជាក់ស្ដែង​ នៅ​ទីបំផុត​បាន​សហការ​ជាមួយ​ម្ចាស់​ទីតាំង​បាន​លក់​ម៉ាស៊ីនដេរ​ឡាយឡុង​ដែល​នៅក្នុង​រោងចក្រ​នោះ​ដើម្បី​យក​លុយ​ដោះស្រាយ​ជូន​កម្មករ។

លោក​បន្ត​ថា​ ការ​លក់​ឡាយឡុង​នោះ​បាន​លុយ​ចំនួន​៨.៥០០​ដុល្លារ ហើយ​ត្រូវ​យក​លុយ​នេះ​មក​ចែក​ឲ្យ​កម្មករ​ចំនួន​១៩០​នាក់​ ដែល​ម្នាក់​អាច​ទទួល​បាន​ចំនួន​៤៤​ដុល្លារ​ដើម្បី​បញ្ចប់រឿង តែ​ការ​ដោះស្រាយ​នេះ​ក៏​មាន​ខាង​ស្ថាប័ន​ក្រសួង​មន្ទីរ​ជំនាញ​ចូលរួម​ដឹង​ឭ​តាម​នីតិវិធី​ដែរ។​

លោក​ ឃឹម​ ស៊ុន​សូ​ដា ​បាន​ប្រាប់​កម្មករ​ថា ​សូម​ឲ្យ​បងប្អូន​កម្មករ​កុំ​ចេះតែ​ជឿ​លើ​ការ​ញុះញង់​ពី​សំណាក់​សហជីព​មួយចំនួន​នោះ​ពេក ​នៅពេល​បងប្អូន​ធ្វើ​កូដកម្ម​ខុសច្បាប់​ធ្វើ​ឲ្យ​ថៅកែ​ជួប​បញ្ហា​ស្មុកស្មាញ​ពេក​ក៏​អាច​រត់ចោល​កម្មករ​ដូច​ពេលនេះ​ជាដើម​ ហើយ​គ្មាន​សហជីព​ណា​ចេញមុខ​មក​ដោះ​ស្រាយ​ជួយ​បងប្អូន​ទេ​ មានតែ​អាជ្ញាធរ​ដែនដី​នេះ​ហើយ​ដែល​ជួយ​ដោះស្រាយ​នោះ៕

វិទូ​

Post a Comment

0 Comments

Close Menu