Ad Code

រថយន្ត​ដឹក​ដី​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​កិន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​


ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើតហេតុ ​ដោយសារ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​មកពី​ក្រោយ​ ហើយ​បុក​ជនរងគ្រោះ ​រួច​កិន​ស្លាប់​បណ្ដាល​ឲ្យ​សព​ជនរងគ្រោះ​ត្រូវ​ខ្ទេច​មើល​សព​ស្ទើរ​មិន​យល់​ ហើយ​ម៉ូតូ​ក៏​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​ផង​ដែរ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១៧​និង​៤០​នាទី​ព្រលប់ ​ថ្ងៃទី​១៣​ ខែមករា ​ឆ្នាំ​២០១៥ ​នៅ​តាម​បណ្ដោយ​ផ្លូវ​អូ​ដឹ​មក​ប់​ស្រូវ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្នង់​ សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនរងគ្រោះ​មានឈ្មោះ ​ភាព ចាន់ណា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​សាក់​ប្រយុទ្ធ​ សង្កាត់​ស្នោ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុ​យ​គី​វិ​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ឃ ៦០៧៣​ភព​១។ រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ​ ប្រភេទ​កង់​១០​យី​ឌុប​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A 8391 អ្នកបើកបរ​មានឈ្មោះ​ ព្រឿង សុធី​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​គិរី​ថ្មី​ ឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល ​ខេត្តកណ្តាល។​

តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ​ជិះ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​រថយន្ត​បង្ក​ក៏​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​គ្នា​ដែរ លុះ​មកដល់​ចំណុច​កើតហេតុ​ដោយសារ​ចំណុច​នោះ​មាន​ជង្ហុក​ច្រើន​រថយន្ត​ខំ​បើក​គេច​ជង្ហុក​ម៉ូតូ​ក៏​ខំ​បើក​គេច​ដូចគ្នា ជាហេតុ​នាំ​ឲ្យ​យក​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​ រួច​កិន​ពីលើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ម៉ូតូ​ជនរងគ្រោះ​ក៏​រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​ផង​ដែរ។​

ក្រោយពេល​កើតហេតុ​រថយន្ត​និង​ម៉ូតូ ​ត្រូវ​បាន​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី ហើយ​សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

វិទូ​

Post a Comment

0 Comments

Close Menu