ភ្នំពេញ ៖ បុរសឆ្កួតវង្វេងថ្នាំញៀនម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពដោយប្រើដាវមកភ្ជង់គំរាមប្លន់គេយកទ្រព្យសម្បត្តិកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសជាប់ចោទមានឈ្មោះ ស៊ឹម ប៊ុនរ័ត្ន អាយុ១៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងឈូក។ ប៉ូលិសនិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ មាន សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានធ្វើដំណើរមកផ្ទះមិត្តភក្ដិកំពុងឆ្លងស្ពានឈើក៏លេចមុខជនជាប់ចោទពីរនាក់លីដាវមកភ្ជង់គំរាមយកលុយ ទូរស័ព្ទ និងគ្រឿងអលង្ការរួចគេចខ្លួនបាត់ភ្លាមៗ។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីស្គាល់ភិនភាគជនល្មើស ប៉ូលិសបានស្រាវជ្រាវចាប់ខ្លួនបាននៅរសៀលថ្ងៃកើតហេតុ និងរឹបអូសបានដាវ លុយ ទូរស័ព្ទ ប្រគល់ឲ្យជនរងគ្រោះវិញ៕ សឿន
0 Comments