Ad Code

មនុស្ស​២​នាក់​ក្នុង​ការដ្ឋាន​កិន​ថ្មភ្នំ​ថ្លុក​ត្របែក​ បាន​ស្លាប់​ភ្លាមៗ​ ដោយសារ​ដី​ភ្នំ​បាក់​សង្កត់​លើ​អេស​ស្កា​វ៉ា​ត់​ទ័​រ​ ដែល​ពួកគេ​កំពុង​ជីក​កកាយ​


កំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​នៅក្នុង​ការដ្ឋាន​កិន​ថ្មភ្នំ​ថ្លុក​ត្របែក ដែល​ម្នាក់​ជា​អ្នកបញ្ជា​គ្រឿង​ចក្រ​អេស​ស្កា​វ៉ា​ទ័​រ និង​ម្នាក់ទៀត​ជា​សិស្ស​កំពុង​រៀន​បើក​និង​បញ្ជា បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ដីភ្នំ​មួយ​ផ្ទាំង​ដ៏​ធំ​បាក់​ធ្លាក់​សង្កត់ពីលើ​គ្រឿងចក្រ​របស់គេ​រួចមក។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ការដ្ឋាន​កិន​ថ្មភ្នំ​ថ្លុក​ត្រ​បែក ស្ថិតក្នុង​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​២​មាន​១.​ឈ្មោះ យន់ សៅ​នឿន អាយុ​៣១​ឆ្នាំ ជា​អ្នកបញ្ជា​គ្រឿងចក្រ​អេស​ស្កា​វ៉ា​ទ័​រ រស់នៅ​ភូមិ​ស្រាំង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​,​ទី​២.​ឈ្មោះ ភុ​ន សុ​ផែន អាយុ​២៣​ឆ្នាំ នៅ​លីវ​ជា​អ្នករៀន​បើកបរ រស់នៅក្នុង​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ពួកគេ​ទាំង​២​នាក់​ជា​កម្មករ​បើក​គ្រឿងចក្រ​អេស ស្កា​វ៉ា​ទ័​រ​អោយ​ក្រុមហ៊ុន​កិន​ថ្ម ឡុ​ច ច័ន្ទ​ណា​រិ​ទ្ធ ដែល​មាន​ទីតាំង​ក្នុងភូមិ​ឃុំ​ខាងលើ។

មុនពេល​កើតហេតុ​ឈ្មោះ យន់ សៅ​នឿន បាន​បង្រៀន​បើកបរ​ដល់​ឈ្មោះ ភុ​ន សុ​ផែន ឲ្យ​ចេះ​បញ្ជា​គ្រឿងចក្រ នៅពេល​ពួកគេ​កំពុងតែ​កាយ​ដី​នៅ​ជើងភ្នំ​នោះ ស្រាប់តែ​ដីភ្នំ​១​ផ្ទាំង​ធំ ដែលមាន​កំពស់​ប្រមាណ​ជិត​១០​ម៉ែត្រ និង​មាន​ទម្ងន់​រាប់​តោន​ បាន​ធ្លាក់​សង្កត់​លើ​គ្រឿងចក្រ​របស់​ពួកគេ បណ្តាលឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់​កប់​ក្នុង​ដី​ស្លាប់​តែម្តង។ នៅក្នុង​លំនៅដ្ឋាន​ជនរងគ្រោះ​ទាំង​២ ក្រុមគ្រួសារ​របស់​ពួកគេ​ បាន​និយាយ​ឲ្យដឹងថា ឈ្មោះ ភុ​ន សុ​ផែន អាយុ​២៣​ឆ្នាំ បាន​ស្លាប់​បាក់ឆ្អឹង​ខ្នង បាក់​ចង្កេះ និង​បែក​ទ្រូង ចំណែក​ឈ្មោះ យន់ សៅ​នឿន បាន​ស្លាប់​ដោយសារ​បាក់ជើង​ស្តាំ ដាច់​អណ្តាត និង​បែក ដើមទ្រូង​ដូចគ្នា។

សមត្ថកិច្ច​បានឲ្យដឹង​បន្ថែមទៀតថា ក្រោយពេល​កើតហេតុ​សព​ជនរងគ្រោះ ទាំង​២​នាក់ ត្រូវ​បាន​កម្មករ​ក្នុង​ការដ្ឋាន​ដឹកបញ្ជូន​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ មិន​ទុកឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​នោះឡើយ។

លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ បាន​និយាយ​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥​នេះ​ថា ក្រោយពី​បានដឹង​នូវ​ករណី​ដែលមាន​មនុស្ស​ស្លាប់​ក្នុង​ពេលធ្វើ​ការងារ​នៅក្នុង​ការ​ដ្ឋាន​ខាងលើនេះ លោក​បាន​រាយការណ៍​ និង​សុំ​យោបល់​ទៅ​ក្រសួង ហើយ​ក្រសួង​បាន​បញ្ជា​ឲ្យ​បិត​ការដ្ឋាន​កិន​ថ្ម របស់​ក្រុមហ៊ុន​ឡុ​ច ច័ន្ទ​ណា​រិ​ទ្ធ ជា​បណ្តោះអាសន្ន ដើម្បីឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ឲ្យបាន​ច្បាស់លាស់​ក្នុងករណី​គ្រោះថ្នាក់​ខាងលើនេះ៕



Post a Comment

0 Comments

Close Menu