Ad Code

ផល​ សោ​ភ័​ណ្ឌ និង​ឯម​ វិចិត្រ ជួបគ្នា​ដណ្ដើម​ពាន​គូ​បូ​តា​


ភ្នំពេញ ៖ ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​តាឡី​ដំរី​មាន​រិ​ទ្ធ និង​ឯម វិចិត្រ​អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​នឹង​ជួបគ្នា​លើ​សង្វៀន​រោង​សៀក នា​រសៀល​ថ្ងៃអាទិត្យ ​ទី​១៥ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នេះ ដើម្បី​ប្រកួត​ដណ្ដើម​ពាន​ប្រចាំខែ​របស់​គូ​បូ​តា ដែល​មាន​តម្លៃ​ស្មើ​១.០០០​ដុល្លារ អ្នកឈ្នះ​បាន​៧០០​ដុល្លារ អ្នក​ចាញ់​បាន​៣០០​ដុល្លារ​។​

ឯម វិចិត្រ និង​ផល សោ​ភ័​ណ្ឌ​នេះ​ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា​ ឆ្នាំ​២០១៣ ដែល​ក្នុង​ការ​ជួបគ្នា​ពេលនោះ ឯម វិចិត្រ វាយ​ចាញ់​ សុ​ភ័​ណ្ឌ​ ដោយ​ពិន្ទុ​។ នៅក្នុង​ការ​ជួបគ្នា​លើក​ទី​២​នេះ ក្រុម​អ្នក​វិភាគ​ប្រដាល់​ក្នុងស្រុក​មិន​មាន​ជំនឿ​ចិត្ត​ថា ឯម វិចិត្រ ​ឈ្នះ​ ផល សោ​ភ័​ណ្ឌ​នោះ​ទេ​។​

ផល សោ​ភ័​ណ្ឌ គេ​ជា​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ គេ​មាន​កណ្ដាប់ដៃ​និង​កែង​ល្អ​ណាស់ ហើយ​ថែមទាំង​លឿន និង​រហ័ស​ថែមទៀត​។ ប្រមាណ​៣​ប្រកួត​ចុងក្រោយ​នេះ​ សោ​ភ័​ណ្ឌ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​៣​នាក់​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ដូចគ្នា​។ ចំណែក ឯម វិចិត្រ​វិញ គេ​ជា​ជើង​ខ្លាំង​ស្រករ​មុន ហើយក៏​ពុំ​សូវ​បាន​ឡើង​ប្រកួត​ទៀត ធ្វើ​ម៉េច​អាច​ឈ្នះ​ សោ​ភ័​ណ្ឌ​នោះ​។ ម្យ៉ាងទៀត ឯម វិចិត្រ ឥឡូវ​នេះ​មិន​ខ្លាំង​ដូច​ពីមុន​ទេ ដោយសារ​កម្លាំង​ស៊ុ​ហ្វ​របស់​ថមថយ​ច្រើន។​

ឯម វិចិត្រ ឡើង​ប្រកួត​លើក​ចុង​ក្រោយ​នេះ វាយ​ឈ្នះ​ ពេជ្រ ប៊ុនធឿន អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ក្នុង​ទឹក​ទី​២​។ ចាំ​មើល រវាង​ សោ​ភ័​ណ្ឌ និង ​ឯម វិចិត្រ​នេះ តើន​រណា​ជា​អ្នក​ឈ្នះ​ទទួល​បាន​ប្រាក់​លាន​នោះ​?​

ផាន់ ចំណាន អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ខេត្តរតនគិរី​នឹង​ឡើង​ប្រកួត​សង​សឹក​ ឯម ចាន់​យ៉ា អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​។ ចំណាន ធ្លាប់​វាយ​ចាញ់​ ឯម ចាន់​យ៉ា ដោយ​ពិន្ទុ​ម្តង​កាលពី​ថ្ងៃទី​០១​ ខែ​សីហា​ ឆ្នាំ​២០១៤​។ ​តែ​ការ​ចាញ់​របស់​គេ​ស្ថិត​ក្នុង​លក្ខណៈ​ប្រផិតប្រផើយ​ប៉ុណ្ណោះ​។ ពួកគេ​ពីរ​នាក់​នេះ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​។ រវាង​អ្នក​ទាំងពីរ​នាក់​នេះ បើ​តាម​ការ​កត់​សម្គាល់​នោះ គឺ​មាន​សមត្ថភាព​បច្ចេកទេស​ប្រហាក់​ប្រហែល​គ្នា​ទេ​។​ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​លើក​ទី​២​នេះ គេ​មិន​ហ៊ាន​ទស្សន៍ទាយ​ថា​អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​នោះ​ឡើយ​?

ការប្រកួត​ចុងក្រោយ​របស់​ ផាន់ ចំណាន គឺ​វាយ​ចាញ់​ ឃឹម ពេជ្រ​ចិន្តា អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ក្នុង​ទឹក​ទី​២ ឯ​ការប្រកួត​ចុងក្រោយ​របស់​ ឯម ចាន់​យ៉ា​វិញ​នោះ គឺ​វាយ​ចាញ់​ ឯក កៃ​ឈៀង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសី​ដោយ​ពិន្ទុ​។​

មាស សារិទ្ធ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ត្រូវ​ឡើង​សាក​កណ្ដាប់ដៃ​ជាមួយ​ ជា សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អមតៈ​គុន​ខ្មែរ​ខេត្តសៀមរាប​។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក​។ ជា សារ៉ាក់ បាត់​មុខជា​យូរ​ឆ្នាំ​ហើយ ដែល​កាល​នៅ​ប្រកួត​គេ​មាន​វាយ​ខ្លាំង​គួរសម​ដែរ គ្រាន់តែ​គេ​មានចិត្ត​ប្រដាល់​តូច​ប៉ុណ្ណោះ​។ ចំណែក មាស សារិទ្ធ គេ​ក៏​មិនជា​ខ្លាំង និង​ចិត្ត​តូច​ដែរ​។ សារិទ្ធ​នេះ ក៏​បាត់​មុខ​ជិត​មួយឆ្នាំ​ដែរ​មិនដែល​ឃើញ​ឡើង​ប្រកួត​។ សម្រាប់​ការ​ជួបគ្នា​នេះ មិន​ដឹង​ថា​នរណា​ជា​អ្នកឈ្នះ​នោះ​ទេ​? ​

អ្នក​ប្រដាល់​ជើង​ថ្មី ខាត់ វិឆ័យ ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម នឹង​ជួប​ប្រកួត​ជាមួយ​យុគ យក្ស​ខួច អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ខេត្តបន្ទាយមានជ័យ​។ វិឆ័យ ប្រហែលជា​ពុំ​ឈ្នះ​យក្ស​ខួច​នោះ​ឡើយ​សម្រាប់​ការ​ជួប​គ្នា​នេះ​៕​

វិ​សិទ្ធ


Post a Comment

0 Comments

Close Menu