Ad Code

ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​ខ្ទេច​អស់​នៅ​ស្រុក​លំផាត់​


រតនគិរី ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​គ្មាន​សល់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​លំផាត់ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ​ខេត្តរតនគិរី។​

បើ​តាម​ការ​ឲ្យ​ដឹងពី​លោក ចាន់ ណា​រិ​ទ្ធ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ជ័យ​ឧ​ត្ត​ម​បាន​ឲ្យ​ដឹង​ថា អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​មាន​ទំហំ​ទទឹង​៨ម៉ែត្រ និង​បណ្តោយ​៩​ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដារ ហើយ​ម្ចាស់​ផ្ទះ​មានឈ្មោះ ​សា រដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ និង​ប្រពន្ធ​ឈ្មោះ ជិ​ក ឈុន​នី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ ខណៈ​ពេល​ពួកគាត់​ទៅ​លក់​ឥវ៉ាន់។ លោក​បាន​បន្ត​ទៀត​ថា អគ្គីភ័យ​ឆាបឆេះ​ចេញពី​គី​ឡូត៍​មួយ​កន្លែង​ដែល​ជាប់​ព្រំ​គ្នា ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​ឃើញ​មាន​ផ្សែង​ចេញពី​ក្នុងផ្ទះ​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ​ក៏បាន​ជិះ​ម៉ូតូ​ទៅ​ប្រាប់​ម្ចាស់ផ្ទះ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​មកដល់​ គឺ​ផ្ទះ​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ ទម្រាំ​ឡាន​ដឹក​ទឹក​ឯកជន​មក​ដល់​ អគ្គីភ័យ​បាន​លេប​ត្របាក់​អស់ទាំង​ស្រុង​ទៅ​ហើយ។​

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​បាត់បង់​អស់ទ្រព្យ​សម្បត្តិ​របស់​គាត់​អស់ទាំង​ស្រុង រួមមាន​ដូចជា គ្រែ​នាងនួន​ចំនួន​២ ពូក​២ ទូ​ឈើ​១ តុ​ធម្មតា​៦ ទូរទស្សន៍​១​គ្រឿង ស្រូវ​១០​បាវ ​និង​សម្ភារៈ​មួយ​ចំនួន​ធំ​ទៀត។​

បច្ចុប្បន្ន​នគរបាល​ប៉ុស្តិ៍​ឃុំ​ជ័យ​ឧ​ត្ត​ម​កំពុង​ស្រាវជ្រាវ​អំពី​អគ្គីភ័យ​ដែល​បង្ក​ឲ្យ​មាន​ការ​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ។​

ជា​ចុងក្រោយ​ម្ចាស់ផ្ទះ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​ លោកជំទាវ ​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​មេត្តា​ជួយ​ដល់​ខ្ញុំ​ និង​នាង​ខ្ញុំ​ផង៕

តា​ជួង​

Post a Comment

0 Comments

Close Menu