Ad Code

សកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ​បើក​ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់ UME Cup


បន្ទាយមានជ័យ ៖ ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​សិក្សា​២០១៤-២០១៥​នេះ សកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​សាខា​ខេត្តបន្ទាយមានជ័យ បាន​បើក​វគ្គ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់ UME Cup ដែល​មាន​ក្រុម​កីឡាករ​ត្រូវ​ប្រកួត​ចំនួន​៨​ក្លិប​។

ពិធី​បើក​វគ្គ​ប្រកួត​បាល់ទាត់​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​បរិវេណ​សកលវិទ្យាល័យ UME សាខា​ខេត្តបន្ទាយមានជ័យ ក្រោម​វត្តមាន​របស់​លោក ណង ថា សកលវិទ្យា​ធិការ​រង និង​ជានា​យក​សកលវិទ្យាល័យ UME បន្ទាយមានជ័យ និង​ក្រុមកីឡា​ករ​ទាំង​៨​ក្លិប និង​និស្សិត UME​។ លោក ទុំ ភេ​ន សាស្ត្រាចារ្យ​សកលវិទ្យាល័យ UME បាន​លើក​ពី​ប្រវត្តិ​នៃ​ការបង្កើត​ក្លិប​កីឡាបាល់ទាត់​ប្រចាំ​សកលវិទ្យាល័យ UME សាខា​ខេត្តបន្ទាយមានជ័យ​បាន​បង្កើត​ឡើង​ពី​ឆ្នាំ​២០០៧-២០០៨ ដែល​ពេលនោះ​បង្កើត​ក្លិប​កីឡាបាល់ទាត់​បុរស​មាន​ចំនួន​៤​ក្លិប រួមមាន​ក្លិប​U1 ក្លិប​តោ​កំណាច​មានជ័យ ក្លិប​អធិរាជ​វាលស្មៅ និង​ក្លិប​ស្ទាំង​មាស​។ មកដល់ពេលនេះ UME បាន​បន្ថែម​៤​ក្លិប​ទៀត​សម្រាប់​ការប្រកួត​ជា​រៀងរាល់​ឆ្នាំ​មក​សល់​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ក្លិប​កីឡាបាល់ទាត់ UME ទទួល​បាន​ជោគជ័យ​ជា​រៀងរាល់​ឆ្នាំ ក្នុង​នោះ​ឈ្នះ​ការប្រកួត​បាល់ទាត់​មហា​ជន​ដណ្ដើម​ពាន​រង្វាន់​៧​មករា បាន​ទទួល​ពាន​៣​ឆ្នាំ​ជាប់​គ្នា​។ ដោយឡែក​សម្រាប់​ការប្រកួត​ដណ្ដើម​ពាន​រង្វាន់ UME Cup ដែល​ត្រូវ​ប្រព្រឹត្ត ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៥ រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​ស្រុក វេលា​ម៉ោង​២​និង​២០​នាទី​ នៅ​ទីលាន​វិទ្យាល័យ​ហ៊ុន​សែន​ខ្លា​កូន ដោយមាន​ចែកចេញជា​២​ពូ​ល គឺ​ពូ​ល​A​មាន​៤​ក្លិប និង B​មាន​៤​ក្លិប​។

លោក ណង ថា សកលវិទ្យាធិការ​រង និង​ជានា​យក​សកលវិទ្យាល័យ UME បន្ទាយមានជ័យ​បាន​មា​ប្រសាសន៍​ថា ដោយ​ឃើញ​ពី​លទ្ធផល​នៃ​ក្លិប​បាល់ទាត់ UME សាខា​ខេត្តបន្ទាយមានជ័យ ដែល​តែង​ទទួល​បាន​ជ័យលាភី​ជា​រៀងរាល់​ឆ្នាំ លោក​គ្រោង​នឹង​ជម្រើស​កីឡាករ​ក្នុង​ក្លិប​មួយៗ ដើម្បី​យក​ទៅ​ប្រកួត​ថ្នាក់​ជាតិ និង​ទៅ​ប្រកួត​នៅ​សកលវិទ្យាល័យ​ជា​ដៃគូ​នា​ប្រទេស​ថៃ​។ លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​កីឡាករ​ទាំងអស់​ត្រូវ​គោរព​នូវ​វិន័យ សីលធម៌​ក្នុង​ការ​ប្រកួត ព្រោះថា​កីឡា​នាំមក​នូវ​សុខភាព សេចក្ដីថ្លៃថ្នូរ ហើយ​ជៀស​ផុត​ពី​គ្រឿងញៀន​៕

អ​,​ពៅ


Post a Comment

0 Comments

Close Menu