Ad Code

ឈាន​ ហុង និង​ឡុង ​សុវណ្ណ​ឌឿ​ន​ ជួប​ថៃ​យប់​ថ្ងៃអាទិត្យ​នេះ​


ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីរ​រូប​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មកពី​ថៃ​នា​យប់​ថ្ងៃអាទិត្យ ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​SEA TV។ អ្នក​ប្រដាល់​ពីរ​រូប​របស់​កម្ពុជា​នោះ គឺ​ ឡុង សុវណ្ណ​ឌឿ​ន ក្លិប​សាលវ័ន​កីឡា និង ឈាន ហុង ក្លិប​ក្រសួងការពារជាតិ​។​

ឡុង សុវណ្ណ​ឌឿ​ន គេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្នះ Lek Ting ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ទេ​ពី​មុន​មក​។​

តាម​អ្នកគ្រប់គ្រង​កម្មវិធី​កីឡា​ប្រចាំ​SEA-TV បាន​ឲ្យ​ដឹង​ថា Lek Ting នេះ ខ្លាំង​គួរសម​ដែរ ដោយ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧២​ដង ក្នុង​នោះ​គេ​វាយ​ឈ្នះ​៥៤​ដង ចាញ់​១៦​ដង និង​ស្មើ​២​ដង​ ហើយ​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១១​ដង​។ ថៃ​ម្នាក់​នេះ​រឹងមាំ​វាយ​មិន​ស្រុត​កម្លាំង​នោះ​ឡើយ​។ ប៉ុន្តែ​សម្រាប់​កម្ពស់​វិញ គឺ​មិនជា​បញ្ហា​អ្វី​ឡើយ ព្រោះ​ពួកគេ​ពីរ​នាក់​នេះ​មាន​កម្ពស់​ស្មើគ្នា​គឺ​១,៧២​ម៉ែត្រ​។

ទោះជា​យ៉ាងណា ឡុង សុវណ្ណ​ឌឿ​ន អ្នក​ប្រដាល់​កម្ពុជា​យើង​ក៏​មិនជា​អន់​ដែរ ដោយ​គេ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មក​ហើយ​កាល​ពី​ពេល​កន្លងមក​។ ​សុវណ្ណ​ឌឿ​ន មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​ដង ឈ្នះ​៤០​ដង ចាញ់​១៥​ដង និង​ស្មើ​៥​ដង ហើយ​គេ​ក៏​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៥​ដង​ផង​ដែរ​។ ចាំ​មើល រវាង ​ឡុង សុវណ្ណ​ឌឿ​ន និង Lek Ting តើន​រណា​ឈ្នះ​សម្រាប់​ការ​ជួបគ្នា​នេះ​? ​ សុវណ្ណ​ឌឿ​ន ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​ថៃ​Phich Chhay Den ក្នុង​ទឹក​ទី​៣​។​ អ្នក​ប្រដាល់​កម្ពុជា​ ឈាន ហុង ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​Dy Sivlek អ្នក​ប្រដាល់​ជនជាតិ​ថៃ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។ ជា​លើក​ទី​១៧​សម្រាប់​ ឈាន ​ហុង​ហើយ ដែល​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ​។

Dy Sivlek មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​។ នេះ​ជា​លើក​ទី​១​សម្រាប់​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ហើយ​។ អ្នក​ប្រដាល់​ជនជាតិ​ថៃ​រូប​នេះ បើ​តាម​លោក​ ញាន សុធី​ទី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEA-TV និយាយ​ឲ្យ​ដឹង​នោះ​ថា គេ​ពុំដែល​មក​វ៉ៃ​នៅ​លើ​រេញ​កម្ពុជា​នោះ​ទេ​។ បើ​តាម​លោក ​សុធី​និយាយ​ឲ្យ​ដឹង​ទៀត​នោះ អ្នក​ប្រដាល់​ថៃ​ម្នាក់​នេះ​មាន​សមត្ថភាព​ប្រដាល់​ប្រហាក់ប្រហែល​នឹង​ឈាន​ហុង​ដែរ ទោះបីជា​គេ​មានកំណត់​ត្រា​ប្រកួត​តិច​ជាង​ឈាន ហុង​ក៏​ដោយ​។​

អ្នក​ប្រដាល់​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៤៥​ដង ឈ្នះ​៣៨​ដង ចាញ់​៧​ដង និង​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៤​ដង​។ បើ​ប្រៀប​ជាមួយ​ ឈាន ហុង​នោះ គឺ​តិច​ជាង​២០​ដង​ឯណោះ ដោយ ​ហុង ​ប្រកួត​បាន​៦៥​ដង ឈ្នះ​៥៥​ដង ចាញ់​៨​ដង និង​ស្មើ​២​ដង​។

ឈាន ហុង ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Vachira Wong Prakhan ដោយ​ពិន្ទុ ។ ចាំ​មើល​ការ​ជួប​ជាមួយ​ថៃ​នេះ តើ​ ឈាន​ ហុង​ អាច​មាន​វាសនា​ឈ្នះ​ទៀត​ដែរ​ឬ​អត់​? ​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ​គ្នាឯង​វិញ ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ ពេជ្រ អា​ម៉ាប់ ក្លិប​សាលវ័ន​កីឡា​។ គង់ ហ៊ូ​វ ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម ត្រូវ​ជួប​ប្រកួត​ជាមួយ​ ចាន់ គង់​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ ខណៈ​ដែល​ សំណាង ឌី​ណា ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ​ជួប​ប្រកួត​ជាមួយ​ គឿន សុខ​ហេង អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​៕

វិ​សិទ្ធ​


Post a Comment

0 Comments

Close Menu