Ad Code

វេជ្ជបណ្ឌិត​និង​ក្រុម​គ្រូពេទ្យ​ចំនួន​៣៣​នាក់​ គ្រោង​នឹង​ធ្វើ​កូដកម្ម​អ​ហិង្សា​ឈរ​នៅ​ក្រៅ​របង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មិន​ចូល​ប្រឆាំង​ជាមួយ​លោក​ សេង​ ណុង​ ប្រធាន​មន្ទីរពេទ្យ​


ព្រះសីហនុ ៖ ក្រុម​វេជ្ជបណ្ឌិត​និង​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​(​ពេទ្យ​ចំការ​ចេក​)​ចំនួន​៣៣​នាក់ ​បាន​ប្រកាស​ថា​នឹង​នាំគ្នា​ធ្វើ​កូដកម្ម​អ​ហិង្សា​ឈរ​នៅ​ក្រៅ​បរិវេណ​របង​មន្ទីរពេទ្យ​មិន​ចូល​ធ្វើ​ការ​ដាក់​ខាត ​បើសិនជា​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ ​រួម​នឹង​ក្រសួង​សាមី​របស់​ខ្លួន​នៅតែ​មិន​មាន​ដំណោះស្រាយ​ច្បាស់លាស់​ជុំវិញ​ការ​ប្ដឹង​តវ៉ា​របស់​ពួកគេ​ជា​មួយ​នឹង​លោក ​សេង ​ណុង​ ជា​ប្រធាន​មន្ទីរពេទ្យ​ពាក់ព័ន្ធ​អំពើ​ពុករលួយ​បក្ខពួក​និយម​០៥​ករណី​ដែល​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បច្ចុប្បន្ន។ នេះ​មិន​មែន​ជា​ការ​តវ៉ា​លើកទីមួយ​នោះ​ទេ​ដែល​ក្រុម​គ្រូពេទ្យ​ព្យាយាម​ស្វែងរក​យុត្តិធម៌​ពីរ​សំណាក់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ខ្លួន ​ប៉ុន្តែ​ជា​លទ្ធផល​ហាក់​មិន​មាន​អ្វី​ទល់​តែ​សោះ តែ​ផ្ទុយទៅវិញ​បែរជា​លេចចេញ​នូវ​កាយវិការ​មួយចំនួន​បែប​គំរាមកំហែង​បង្ក​ឱ្យ​មាន​ការភ័យខ្លាច​ពី​សំណាក់​ប្រធាន​មន្ទីរពេទ្យ​.​មន្ទីរ​សុខាភិបាល​.​សាលា​ខេត្ត​និង​ក្រសួងសុខាភិបាល​ទៅវិញ​ជាហេតុ​ធ្វើ​ឲ្យ​ភាគី​ក្រុម​គ្រូពេទ្យ​ជា​ម្ចាស់​បណ្ដឹង​រង​នៅ​ភាព​អយុត្តិធម៌​បំផុត​ដែល​មិនអាច​ទទួល​យក​បាន​នោះ​ឡើយ។ ​ ជា​មួយ​គ្នា​នេះ​ក្រុម​គ្រូពេទ្យ​ទាំងអស់​ដែល​ម្នាក់ៗ​សុទ្ធ​សឹង​ជា​គ្រូពេទ្យ​ជំនាញ​នោះ​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ថា​ បើ​មិន​មាន​ភាព​យុត្តិធម៌​ដល់​ពួកគាត់​ទេ​នោះ ​ពួកគាត់​នៅតែ​បន្ត​ធ្វើ​ការ​តវ៉ា​រហូត​តាម​គ្រប់​រូបភាព​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ហើយ​ជំរើស​ចុងក្រោយ​នឹង​ធ្វើ​កូដកម្ម​អ​ហិង្សា​ឈរ​នៅ​ក្រៅរបង​មន្ទីរពេទ្យ​មិន​ចូល​ធ្វើការ​នោះ​ដាច់ខាត​រហូត​ទល់​តែ​មាន​ដំណោះ​យុត្តិធម៌​ជាក់លាក់​តាមផ្លូវ​ច្បាប់​ ទើប​ពួកគេ​ចូល​ធ្វើការ​ជា​ធម្មតា​វិញ។​

គូរ​បញ្ជាក់​ផង​ដែរ​ថា ​ពាក្យបណ្ដឹង​ដែល​ក្រុម​គ្រូពេទ្យ​ខាងលើ​ដាក់​ទៅ​ក្រសួង​ទំនាក់ទំនង​ជា​មួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​និង​ក្រសួង​សាមី​ដែល​តម្រូវ​ឲ្យ​ធ្វើការ​ពិនិត្យ​និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​នូវ​កំហុស​ឆ្គង​ដែល​លោក ​សេង ណុង​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រព្រឹត្ត​មាន ១-​អំពើពុករលួយ ៖ -​បើក​កង់ទីន និង​កន្លែង​ផ្ញើ​កង់​ម៉ូតូ​ក្នុង​មន្ទីរពេទ្យ​ដោយ​ពុំ​មាន​ការ​ដេញ​ថ្លៃ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ហិរញ្ញប្បទាន​សម្រាប់​មន្ទីរពេទ្យ និង​ថវិកាជាតិ​ដែល​សេវា​នេះ​កាលពី​លោក​ប្រធាន​មន្ទីរពេទ្យ​មុន​(​លោក​វេជ្ជបណ្ឌិត ចាន់ វិបុល​) គេ​បាន​ចំណូល​២.០០០.០០០​រៀល​ក្នុង​១​ខែ​។ បច្ចុប្បន្ន​នេះ​ លោក សេង ណុង គ្រប់គ្រង​មន្ទីរពេទ្យ​បាន​ចំនួន​២៦​ខែ​មក​ហើយ តែ​ចំណូល​ពី​សេវា​នេះ​ត្រូវ​បាន​បាត់បង់​ទាំងស្រុង​។​ កាប់​ដើមឈើ​ធំៗ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​ចំនួន​១៣​ដើម ​ដែល​មាន​អាយុ​មិន​តិច​ជាង​៥០​ឆ្នាំ​ ហើយ​ដើម​នីមួយៗ​មាន​អង្កត់ផ្ចិត​ពី​១,២​ម៉ែត្រ​ទៅ​២​ម៉ែត្រ ​និង​មាន​តម្លៃ​ក្នុង​មួយ​ដើមៗ​មិន​ក្រោម​២.៥០០​ទៅ​៣.០០០​ដុល្លារ​នោះ​ទេ​ យក​ទៅ​ធ្វើជា​សម្បត្តិ​ផ្ទាល់ខ្លួន​និង​បក្ខពួក​ខ្លួន​មួយចំនួន​តូច​។ ​ចំណាយ​ថវិកា​ហិរញ្ញប្បទាន​ច្រើន​ហួសហេតុ​ទៅលើ​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ​សម្រាប់​បុគ្គលិក​យាម​ប្រចាំការ​ដោយ​គ្មាន​ការ​ដេញថ្លៃ​ ហើយ​គុណភាព​អាហារ​ទៀតសោត​មិន​ស័ក្ដិសម​នឹង​ញ​តម្លៃ​។ ​ទី​២-​បក្ខពួក​និយម​និង​គ្មាន​តម្លាភាព -​អ្នក​ផ្គត់ផ្គង់​ម្ហូបអាហារ​សម្រាប់​បុគ្គលិក​យាម​ប្រចាំការ ឱសថ និង​សម្ភារ​បរិក្ខារ​ពេទ្យ​ជា​មនុស្ស​តែ​ម្នាក់​ដែល​ជា​បក្ខពួក​របស់​ខ្លួន​។ ចាត់តាំង​បុគ្គលិក​ទៅ​រៀន​បន្ថែម ឬ ទៅ​សិក្ខាសាលា​មិន​ត្រឹមត្រូវ​តាម​ជំនាញ​បច្ចេកទេស និង​ដោយ​អត្តនោម័តិ​។​ អនុញ្ញាត​ច្បាប់​ឈប់​សម្រាក​ឱ្យ​បក្ខពួក​របស់​ខ្លួន​មាន​រយៈពេល​យូរ​លើស​ពី​១​ខែ​។​ ជុំវិញ​ការ​គ្រោង​ធ្វើ​កូដកម្ម​អ​ហិង្សា​ឈរ​នៅ​ក្រៅរបង​មន្ទីរពេទ្យ​មិន​ចូល​ធ្វើការ​ពី​សំណាក់​វេជ្ជបណ្ឌិត​និង​ក្រុម​គ្រូពេទ្យ​ចំនួន​៣៣​នាក់​ខាង​លើ​នេះ ​វា​ជា​បញ្ហា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត ​បើសិន​ជា​មាន​បញ្ហា​ដូច​នេះ​មែន​ ពីព្រោះ​អ្នក​ជំងឺ​ជាច្រើន​ដែល​កំពុង​មាន​វត្តមាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​(​ពេទ្យ​ចំការ​ចេក​)​មិនដឹង​ទៅជា​យ៉ាង​នោះ​ទេ​។​ នេះ​ជា​ចំណុច​ដ៏​គ្រោះថ្នាក់​មួយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​សុខា​គួរ​មាន​វិធាន​ឲ្យ​បាន​ច្បាស់​លាស់​ម្តង​ហើយ ​ដើម្បី​សុវត្ថិភាព​ដល់​បង​ប្អូន​ជា​ពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ព្យាបាល​ជំងឺ​ បើ​មិន​ដូចនេះ​ទេ​ច្បាស់​ជា​វីវរ​ហើយ​៕

កោះពស់

Post a Comment

0 Comments

Close Menu