ឧត្តរមានជ័យ ៖ មូលហេតុករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលមកពីរថយន្តតាកូម៉ាឆ្លងផ្លូវមិនគោរពសិទ្ធិគ្នា។ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកជាមួយរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង៤៥នាទី នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៦៧B ស្ថិតនៅក្នុងភូមិថ្នល់ថ្មី ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយរថយន្តកាមរីបុករថយន្តតាកូម៉ា។ សមត្ថកិច្ចប៉ូលិសចរាចរណ៍ស្រុកអន្លង់វែងបានឲ្យដឹងថា អ្នកបើកបររថយន្តកាមរីឈ្មោះ ហេង សុឃីន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មុខរបរបើករថយន្តតាក់ស៊ីម៉ាកកាមរីសេរី៩៥ ពណ៌ស្លែ ពាក់ស្លាកលេខកណ្ដាល២A១៨៤១ គ្មានរបួស រថយន្តខូចធ្ងន់ផ្នែកខាងមុខ ដឹកអ្នកដំណើរចំនួន០៦នាក់ ក្នុងនោះរងរបួសចំនួន០២នាក់ ដោយ១-ឈ្មោះអ៊ុក ចន្តា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ/ឃុំត្រពាំងប្រាសាទបណ្ដាលឲ្យរងរបួសធ្ងន់ ២-ឈ្មោះ ផាត់ ដែន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា រងរបួសស្រាល។ អ្នកបើកបររថយន្តតាកូម៉ាឈ្មោះ ស៊ុន ងួនអេង ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅភូមិអូរជញ្ជៀន ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបររថយន្តតាកូម៉ា ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ២M២១៤១ គ្មានរងរបួស រថយន្តខូចទ្វាខាងស្តាំ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អធិការនគរបាលស្រុកបានចាត់តាំងកម្លាំងជំនាញនិងប៉ុស្តិ៍ចុះទៅកន្លែងកើតហេតុភ្លាមៗដើម្បីជួយអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយចាន់ ធី
0 Comments