ភ្នំពេញ ៖ ឆ្លើយតបទៅនិងការរិះគន់នានារបស់គណបក្សប្រឆាំង ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន ទាក់ទងទៅនឹងការបញ្ចូលមន្ត្រីមួយចំនួននៅក្នុងជួរកម្លាំងប្រដាប់អាវុធទៅជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានោះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអះអាងថា វាអត់មានអីខុសទេ ពីព្រោះក្នុងនាមជាប្រជាពលរដ្ឋ ពួកគាត់មានសិទ្ធិពេញលេញក្នុងការចូលរួមគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រយ៉ាងនេះថា "ការបញ្ចូលសមាជិកគណៈកម្មាធិការកណ្ដាលថ្មី ដែលក្នុងនោះមានមន្ត្រីខ្លះនៅក្នុងជួរកងទ័ព នៅក្នុងសមាជគណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីៗនេះអត់មានអីខុសច្បាប់ទេ "។ លោកឧបនាយករដ្ឋមន្ត្រីពន្យល់ថា ច្បាប់គណបក្សនយោបាយគ្រាន់តែថាកុំឲ្យរៀបចំសាខាបក្សនៅអង្គភាពកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែនេះមិនបានរៀបចំសាខាបក្សនៅក្នុងអង្គភាពទេ គឺបញ្ចូលជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែសាខាបក្សនៅក្នុងជួរកងទ័ពអត់រៀបទេ។ លោកបន្តថា ច្បាប់គណបក្សនយោបាយបានហាមឃាត់មិនឲ្យធ្វើការងារកសាងបក្ស ឬប្រជុំជីវភាពបក្សនៅតាមអង្គភាពយោធា ឬអង្គភាពនគរបាល។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា មាត្រា១៥នៃច្បាប់ស្ដីពីគណបក្សនយោបាយបានចែងថា រាប់ទាំងបុព្វជិត រាប់ទាំងព្រះសង្ឃ និងមន្ត្រី នគរបាលមន្ត្រីកងកម្លាំងប្រដាប់អាវុធ ,មន្ត្រីតុលាការ ពេលកំពុងស្ថិតនៅក្នុងពេលការងាររដ្ឋបាល ត្រូវតែអព្យាក្រឹត្យ ប៉ុន្តែថ្ងៃសៅ ថ្ងៃអាទិត្យ ពួកគាត់ជា ប្រជាពលរដ្ឋធម្មតា មានសិទ្ធិចូលរួមក្នុងការចូលរួមគាំទ្រ គណបក្សនយោបាយដែលខ្លួនពេញចិត្ត ដោយគ្មានអីផ្ទុយនឹងច្បាប់ទេ បើគណបក្សប្រឆាំងទាមទារដល់ហ្នឹងទៀត គឺជាការបិទសិទ្ធិប្រជាពលរដ្ឋហើយ សុំមើលច្បាប់ឡើងវិញ។
ចំពោះព្រះសង្ឃដែលមានសិទ្ធិបោះឆ្នោតគាំទ្រគណបក្សនយោបាយនោះ លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា "ខ្ញុំថាមិនជាស្អីទេ បើគេគាំទ្រឲ្យលោកបោះ ទៅបោះទៅ បើគេថាអីចេះអីចុះគណបក្សប្រជាជនកម្ពុជាជើងក្រោយ តាមពិតព្រះសង្ឃក៏ជាមនុស្ស និងជាពលរដ្ឋដែរ"។
សូមបញ្ជាក់ថា ថ្មីៗនេះមានមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិលបានរិះគន់ និងធ្វើការបកស្រាយច្បាប់ទៅតាមនិន្នាការនយោបាយគណបក្សប្រឆាំងថា ការដែលគណបក្ស ប្រជាជនកម្ពុជាដាក់បញ្ចូលសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សរបស់ខ្លួនថ្មីបន្ថែមកាលពីសមាជគណបក្សដែលមានមួយចំនួនជាមន្ត្រីយោធា និងកងកម្លាំងប្រដាប់អាវុធនោះផ្ទុយនឹងច្បាប់ស្ដីពីគណបក្សនយោបាយ៕
កោះកែវ
0 Comments