Ad Code

បិទ​ការប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​យុវជន​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៤


ព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​រៀបចំ​បិទ​ការប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​យុវជន​ខេត្ត​ព្រះសីហនុ​ប្រចាំឆ្នាំ​២០១៤-២០១៥ នៅ​ពហុ​កីឡាដ្ឋាន​ក្រុង​មឿង ស្ថិត​ក្នុង​សង្កាត់​លេខ​០៣ ក្រុង/ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ​ឯកឧត្តម សុខ ផន អភិបាលរង​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ​។​ លោក​បាន​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង និង​ស្មារតី​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​រហូត​កីឡា ដើម្បី​ដណ្ដើម​ពាន​រង្វាន់​រហូត​ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង​នេះ​។ ការប្រកួត​កីឡា​នា​ពេល​នេះ គឺជា​សក្ខីភាព​បញ្ជាក់​នូវ​ការ​លើក​ទឹក​ចិត្ត និង​ការ​គាំទ្រ​យ៉ាង​ពេញលេញ​ពី​សំណាក់​សាលាខេត្ត​ព្រះសីហនុ ក៏​ដូចជា​រាជរដ្ឋា​ភិបាល​ចំពោះ​វិស័យ​អប់រំ​កាយ​និង​កីឡា ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​គាំទ្រ​បាន​ស្ដែង​ចេញ​តាមរយៈ​ការឧបត្ថម្ភ​ថវិកា ស្មារតី និង​សម្ភារៈ​ផ្សេងៗ​ជូន​ដល់​កីឡាករ ដែល​បាន​ចាប់​ផ្តើម​ធ្វើការ​ប្រកួត​កាលពី​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៤​កន្លងមក ដើម្បី​ដណ្ដើម​ពានរង្វាន់​យុវជន​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៤ ២០១៥​។ លោក​បាន​បញ្ជាក់​ថា វិស័យ​អប់រំ​កាយ និង​កីឡា គឺជា​អាទិភាព​សំខាន់​ដែល​សាលាខេត្ត​បាន​និង​កំពុង​តែ​បន្ត​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណ​ភាព ដើម្បី​ចូល​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព និង​សមធម៌​។ កីឡា​មិន​ត្រឹម​តែ​មាន​សុខភាព​ល្អ​ទេ ភាព​សប្បាយ​រីករាយ និង​ស្មារតី​សន្តិភាព សាមគ្គី​ភាព មិត្តភាព ភាតរភាព និង​សហប្រតិបត្តិការ​រវាង​គ្នា​និង​គ្នា​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួម​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​កម្ពស់​កិត្យានុភាព​ខេត្ត ក៏​ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា​។ កីឡា​ប្រៀប​ដូចជា​ការទូត​មួយ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទំនាក់​ទំនង​ជាតិ អន្តរជាតិ រាជរដ្ឋាភិបាល​កំណត់​យក​វិស័យ​អប់រំ​កាយ និង​កីឡា​ជា​សមាសភាព​សំខាន់​ក្នុងចំណោម​សមាសភាព​ទាំង​៥ នៃ​ការអប់រំ​សម្រាប់​ពង្រឹង​កាយ​សម្បទាន និង​សុខភាព​។ នៅ​ខេត្ត​ព្រះសីហនុ វិស័យ​អប់រំ​កាយ និង​កីឡា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​សារ​តែ​មហាជន​មានការ​យល់ដឹង និង​ចាប់​អារម្មណ៍​ថែរក្សា​សុខភាព​តាមរយៈ​ការហាត់​ប្រាណ និង​ការ​លេង​កីឡា ដែល​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​ភាព​អសកម្ម​នានា​នៅក្នុង​សង្គម​បាន​កាន់​តែ​ច្រើន ។ តាម​របាយការណ៍​គណៈកម្មការ​ប្រកួត​កីឡា​បាត់​ទាត់​បាន​ឲ្យ​ដឹង​ថា ការប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​យុវជន​ខេត្ត​ព្រះសីហនុ បាន​ចាប់​បើក​ការប្រកួត​កាលពី​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៤ និង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ ដែល​មាន​កីឡាករ​ចូលរួម​ប្រកួត​ចំនួន​១១​ក្រុម ចែកចេញជា​០២​ពូ​ល គឺ​ពូ​ល A មាន​កីឡាករ​ចំនួន​០៦​ក្រុម និង​ពូ​ល B មាន​កីឡាករ​ចំនួន​០៥​ក្រុម គឺ​ប្រកួត​វិល​ជុំ​ឈាន​ទៅ​ដណ្ដើម​ពាន​រង្វាន់​ជ័យលាភី​ពី​លេខ​០១ ដល់​លេខ​០៤​។ ចំណាត់ថ្នាក់​លេខ​០១ បាន​ទៅ​ក្រុម​កីឡាករ សហភាព​សហព័ន្ធ​យុវជន​ខេត្ត​ព្រះសីហនុ ទទួល​បាន​ពាន​០១ មេដាយមាស​២៥ និង​ថវិកា​៤​លាន​រៀល លេខ​០២ បាន​ទៅ​ក្រុម​កីឡាករ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទទួល​បាន​មេដាយ​ប្រាក់​២៥ និង​ថវិកា​២​លាន​រៀល លេខ​០៣​បាន​ទៅ​ក្រុម​កីឡាករ​យុវជន​បេះដូង​ខ្មែរ ទទួល​បាន​ថវិកា​១.២០០.០០០​រៀល និង​រង្វាន់​លើកទឹកចិត្ត​មាន​ដូចជា​ ភេសជ្ជៈ M-១៥០ ០១​កេះ ទឹកក្រូច​០១​កេះ និង​លេខ​០៤ បាន​ទៅ​ក្រុម​កីឡាករ សាលាខេត្ត​ព្រះសីហនុ ទទួល​បាន​ថវិកា ៨០០.០០០​រៀល និង​រង្វាន់​លើកទឹកចិត្ត M-១៥០ ០១​កេះ និង​ទឹកក្រូច​០១​កេះ​។ ដោយឡែក​ក្រុម​ដែល​មិន​បាន​ទទួល​ជ័យលាភី ក៏​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត ក្នុង​មួយ​ក្រុម​ទទួល​បាន​ភេសជ្ជៈ M-១៥០​ចំនួន​០១​កេះ ស្រាបៀ​អង្គរ​០១​កេះ និង​ទឹកក្រូច​០១​កេះ​ផង​ដែរ​៕ ស៊ុយ ចាន់​ធា​


Post a Comment

0 Comments

Close Menu