ភ្នំពេញ ៖ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា អ៊ុង វិរះ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានផ្ដួលអ្នកប្រដាល់ថៃ Prakao Klang Sang ឲ្យសន្លប់ក្នុងទឹកទី០៣ក្នុងការជួបប្រកួតគ្នាក្នុងព្រឹត្តិការណ៍ប្រដាល់មិត្តភាពកម្ពុជា-ថៃខារ៉ាបាវ នាយប់ថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈនេះ នៅលើសង្វៀនស្ទឹងមានជ័យ។ ប្រកួត០២ទឹកដំបូង Prakao Klang Sang ហាក់វាយបានល្អ ធ្វើឲ្យ អ៊ុង វិរះ មិនសូវហ៊ានសម្រុកចូលវាយដែរ ហើយពេលខ្លះក៏បានធ្វើឲ្យ វិរៈ ដួលផងដែរ។ ប៉ុន្តែយ៉ាងណា ចូលដល់ទឹកទី០៣ នៅពេលដែលអ្នកប្រដាល់ថៃរូបនេះស្ទុះចូលទៅរកវាយវិរៈនោះ ក៏ត្រូវ អ៊ុង វិរៈធាក់មួយជើងចំពោះទឹក បណ្ដាលឲ្យ Prakao Klang Sang យកដៃក្តោបពោះ រួចហើយបោះបង់ការប្រកួតតែម្តង ក្រោយពីអាជ្ញាកណ្ដាលរាប់រូបគេដល់១០នោះ ហើយគេមិនបន្តការប្រកួតទៀតបាន ដែលធ្វើឲ្យអ៊ុង វិរៈទទួលបានជ័យជំនះ។
អ្នកប្រដាល់ស្រករក្រោយ ឯម សាវឿន ក្លិបឫទ្ធីពោធិសែនជ័យបានប្រកួតចាញ់អ្នកប្រដាល់ថៃឈ្មោះ Bunnam ក្នុងទឹកទី០៣។ សាវឿន ប៉ិះចាញ់ក្នុងទឹកទី០២មកម្ល៉េះ ព្រោះត្រូវអ្នកប្រដាល់ថៃ វាយត្រូវមួយកែងឆ្វេង ចំចំហៀងមុខខាងស្តាំ បណ្ដាលឲ្យ សាវឿនដួលលើរេញ ត្រូវអាជ្ញាកណ្ដាលរាប់០៨ តែក្រោយពីរាប់ សាវឿនបន្តការប្រកួតទៀត។
ក្នុងខណៈដែលកំពុងមិនទាន់បាត់ឈឺនិងស្វាងដោយសារកែងផងនោះ នៅក្នុងការប្រកួតទឹកទី០៣ សាវឿន ក៏ត្រូវអ្នកប្រដាល់ថៃBunnam សង្គ្រុបវាយដាល់ផងកែងផង ជាហេតុនាំឲ្យ សាវឿនដួលសន្លប់តែម្តង។ ជ័យជំនះបានធ្លាក់ទៅលើអ្នកប្រដាល់ថៃBunnamដោយងាយស្រួលបំផុត។
ឯអ្នកប្រដាល់ វៀត ប៊ុនឌឿន ក្លិបក្រសួងការពារជាតិបានប្រកួតចាញ់ ឯម លីថូ អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា០៥ទឹកពេញនោះ។ ចំពោះអ្នកប្រដាល់ជើងចាស់ ខុន រាជ ក្លិបខ្លារខិនមានរិទ្ធ ដែលឡើងសងសឹកជាមួយជើងខ្លាំងព្រំ សំណាង អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១នៅលើសង្វៀនរោងសៀកទល់មុខរដ្ឋសភាវិញនោះ គឺមិនបានសម្រេចនោះឡើយ។ ខុនរាជ ត្រូវ ព្រំ សំណាង វាយឲ្យសន្លប់នៅក្នុងទឹកទី០២។
ហ៊ល ដារ៉ា អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានវាយឈ្នះ ចាន់ ស៊ីណាត អ្នកប្រដាល់ក្លិបនិរោធមានជ័យដោយពិន្ទុដាច់។ ក្នុងការប្រកួតប្រាំទឹកនេះ ស៊ីណាត ឃើញប្រកួតបានល្អតែ០១ទឹកគត់ គឺក្នុងទឹកទី០៤ ក្រៅពីហ្នឹងគឺចាញ់ ដារ៉ា ដាច់តែម្តង។
ការបរាជ័យរបស់អ្នកប្រដាល់ ចាន់ ស៊ីណាតនេះ ត្រូវបានគ្រូបង្វឹករបស់គេស្តីបន្ទោសជាច្រើនដង។ តែក្រោយបញ្ចប់ការប្រកួតនោះ ចាន់ ស៊ីណាត បាននិយាយការពិតប្រាប់មិត្តភ័ក្ដិថា គេទើបតែការប្រពន្ធបានមួយអាទិត្យប៉ុណ្ណោះ ធ្វើឲ្យគេមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រកួតនេះ ដោយសារតែមិនបានហ្វឹកហាត់ជាប់លាប់ និងដិតដល់។
ចំណែក ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ប្រកួតចាញ់ពិន្ទុ ម៉ន ភីរម្យ អ្នកប្រដាល់ក្លិបការិយាល័យទី០៥កងទ័ពជើងគោកដោយពិន្ទុដែរ ក្រោយពីប្រកួតគ្នា៥ទឹកពេញនោះ ។ ម៉ូរ៉ាក់នេះ ក៏វាយចាញ់ភីរម្យដាច់ដែរ គឺចៅក្រម០៥នាក់ឲ្យគេចាញ់ទាំង០៥នាក់។ ឯ ប្រាក់ស៊ីណាត គេបានបំបាក់ អមតៈ ដានី អ្នកប្រដាល់ក្លិបអមតៈគុនខ្មែរ ខេត្តសៀមរាបក្នុងទឹកទី០២។
ដោយឡែក កែវ វិរះ អ្នកប្រដាល់ក្លិបគជសារកីឡាវិញ ប្រកួតចាញ់ ធា នុរាជ អ្នកប្រដាល់ក្លិបពោធិជ័យកីឡាដោយពិន្ទុ ក្នុងការជួបគ្នានៅលើសង្វៀនបាយ័នបឹងស្នោ។
ធា នុរាជ គេប្ដេជ្ញាតាំងពីមុនប្រកួតម្ល៉េះថានឹងយកឈ្នះ វិរះ ឲ្យបាននោះ។ ដូចជាអះអាងមែន ក្នុងការប្រកួត ធា នុរាជ បានសន្ធាប់វាយទៅលើ កែវ វិរះ គ្មានទំនេរដៃជើងទេ គឺរវៃជាប់ សឹងតែ វិរះគ្មានឧកាសតដៃកើតថែមទៀត។
ដោយសារតែជាអ្នកជើងខ្លាំងមួយរូបដែរនោះ វិរះ បានតស៊ូនិងទប់ការវាយប្រហាររបស់ នុរាជបាន០៥ទឹកពេញ និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។ ងួន គា អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ក៏បានវាយឈ្នះ យ៉ាម ឡយ អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រាដោយពិន្ទុដែរ។ ក្នុងការប្រកួត០៥ទឹកនោះ យ៉ាម ឡយ វាយចេញបានតិចជាង ងួន គា ហើយក៏មិនសូវវាយចំគោលដៅល្អដែរ ទើបចាញ់ពិន្ទុ ងួន គានោះ។
រីឯ សល់ ប៊ុនអ៊ីម អ្នកប្រដាល់ក្លិបកុសលកីឡា ប្រកួតឈ្នះ ឯម ផ្លាទីន អ្នកប្រដាល់ក្លិប ឫទ្ធីពោធិសែនជ័យដោយពិន្ទុ ខណៈដែលកីឡាការិនី បូរី សោភ័ណ្ឌ ក្លិបបូរីគុនខ្មែរចាញ់ កីឡាការិនីវី ស្រីខួច ក្លិបនាគមានជ័យដោយពិន្ទុដែរ៕
0 Comments