ភ្នំពេញ ៖ អ្នកប្រដាល់ ឡុង សុភី ក្លិបសាលវ័ន្ដកីឡាបានចំណាយពេលតែមួយទឹកប៉ុណ្ណោះក្នុងការបំបាក់ Mario Vidolov Todorov អ្នកប្រដាល់រុស្ស៊ីឲ្យសន្លប់ក្រោកលែងរួចក្នុងទឹកទី០១ ក្នុងការប្រកួតលើសង្វៀនTV3 នាល្ងាចថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈនេះ។
ឡុង សុភី ដែលបានត្រៀមយ៉ាងល្អសម្រាប់ការប្រកួតជាមួយរុស្សីនេះ គ្រាន់តែជួងនៃការចាប់ផ្ដើមទឹកទី០១បន្លឺឡើងភ្លាម សុភី ប្រើកណ្ដាប់ដៃ និងជង្គង់វាយប្រហារលើ Mario តែម្តង ធ្វើឲ្យអ្នកប្រដាល់រុស្សីរូបនេះដួលទាំងជំហរ។
Mario ត្រូវអាជ្ញាកណ្ដាលរាប់០៨នៅដើមទឹកទី០១ តែគេព្យាយាមបន្តការប្រកួតទៀត ក៏ត្រូវសុភី ប្រើជង្គង់អុកឲ្យដួលទៀត ហើយត្រូវអាជ្ញាកណ្ដាលរាប់ជាលើកទី០២។ អ្នកប្រដាល់រុស្ស៊ីរូបនេះ នៅបន្តការប្រកួតទៀត តែ សុភី ប្រលែងមួយជង្គង់ចូលពោះទៀតធ្វើឲ្យ Mario ដួលជាលើកទី០៣ ហើយលើកនេះអាជ្ញាកណ្ដាលមិនរាប់ឡើយគឺបញ្ឈប់តែម្ដង ព្រោះគេគ្មានសមត្ថភាពប្រកួតជាមួយឡុង សុភីឡើយ។
ឈាន ហុង អ្នកប្រដាល់សមាគមប្រដាល់ក្រសួងការពារជាតិប្រកួតឈ្នះអ្នកប្រដាល់ថៃ Vachira Wongpakham ដោយពិន្ទុដាច់តែម្ដង។ ក្នុងការប្រកួត០៥ទឹក ទោះបីពេលខ្លះស្ថានភាពហាក់ដូចជាតឹងតែងក៏ពិតមែន តែការវាយចេញរបស់ ឈាន ហុងមានប្រសិទ្ធភាពច្រើនជាង។ ម្យ៉ាងទៀត ឈាន ហុងកំពស់របស់គេក៏មានប្រៀបលើអ្នកប្រដាល់ថៃរូបនេះផងដែរ។ ពួកគេប្រកួតគ្នា០៥ទឹកពេញដោយ ឈាន ហុង ជាអ្នកឈ្នះ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ថៃ រិទ្ធី ដែលជាអ្នកប្រដាល់ជើងថ្មីមកពីក្លិបនាគរាជគុនខ្មែរនោះបានផ្ដួល ឆៃ សារ៉ា អ្នកប្រដាល់ជើងចាស់របស់សមាគមប្រដាល់ក្រសួងការពារជាតិឲ្យសន្លប់ក្នុងទឹកទី០២។
ឆៃ សារ៉ា ត្រូវថៃ រិទ្ធី ដាល់ចំមុខបណ្ដាលឲ្យដួលក្រោកលែងរួច ទោះបីអាជ្ញាកណ្ដាលរាប់ដល់១០ហើយក្តី ក៏គេមិនអាចងើបបន្តការប្រកួតពានទៀតដែរ។
ញ៉ែ សិទ្ធ អ្នកប្រដាល់ក្លិបអេភូថងកីឡាបានប្រកួតឈ្នះ ថៃស័ក្ត សារៈ អ្នកប្រដាល់ក្លិបកងទ័ពជើងទឹកដោយពិន្ទុ បន្ទាប់ពីវាយគ្នា០៥ទឹកពេញនោះ។
ស័ក្តសារៈ ប្រកួត០៣ទឹកដំបូងរាងគ្រាន់បើ ដោយអាចវាយទៅមកជាមួយ ញ៉ែ សិទ្ធបានតែចូលដល់ទឹកទី០៤និងទឹកទី០៥ គេចាប់ផ្តើមធ្លាក់ចុះកម្លាំងនិងសកម្មភាពវាយចេញ ដែលធ្វើឲ្យ ញ៉ែ សិទ្ធយកប្រៀបឈ្នះក្នុង០២ទឹកចុងក្រោយនេះ។
ក្នុងទឹក០៥ ស័ក្តសារៈ ត្រូវអាជ្ញាកណ្ដាលរាប់០៨ម្តង ដោយសារត្រូវ ញ៉ែ សិទ្ធ ដាល់ចំមុខដួលលើរេញនោះ តែក្រោយអាជ្ញាកណ្ដាលរាប់ហើយ គេបន្តការប្រកួតរហូតដល់ទឹក និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។
ចំណែក សេន វណ្ណេត អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យវិញ បានផ្ដួល ឯក គឹមរួន អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធឲ្យសន្លប់ក្នុងទឹកទី០៤ ដោយសារកណ្ដាប់ដៃដាល់ចំមុខនោះ។ កាលពីប្រកួតក្នុងទឹកទី០១ ឯក គឹមរួន ក៏ត្រូវអាជ្ញាកណ្ដាលរាប់០៨ម្តងដែរ ដោយសារកណ្ដាប់ដៃដូចគ្នា៕
0 Comments