Ad Code

សង្វៀន​SEA-TV វង្ស ណ​យ​ផ្ដួល​ថៃ​ទឹក​ទី​០៣ ឯ​ម៉ន​ ចាន់​ដា​រ៉ា​ ចាញ់​ថៃ​ដោយ​ពិន្ទុ​


ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា វង្ស ណ​យ សមាគម​ប្រដាល់​ក្រសួងការពារជាតិ បាន​ប្រើ​ជង្គង់​ផ្ដួល​អ្នក​ប្រដាល់​ថៃ ឈ្មោះ Phit Chak Krit នៅ​ទឹក​ទី​០៣​លើ​សង្វៀន SEA-TV នា​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ​នេះ​។ ស្ថានភាព​នៃ​ការប្រកួត​០២​ទឹក​ដំបូង វង្ស ណ​យ ចង់​យ៉ាប​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ដែរ ដោយ​ត្រូវ Phit Chak Krit ទាត់​ចូល​ឆ្អឹងជំនី​ពេញៗ ហើយ​បាន​យក​ប្រៀប​ឈ្នះ​លើ​ជង្គង់​ថែមទៀត ។ អ្នក​ប្រដាល់​ថៃ​រូប​នោះ គេ​បាន​ធ្វើ​ឲ្យ ​វង្ស ណ​យ​ក្រហម​ពេញ​ខ្លួន​ដោយ​ការ​ទាត់​នោះ​។ តែ​យ៉ាង​ណា​ចូល​ដល់​ទឹក​ទី​០៣ វង្ស ណ​យ ចាប់ផ្តើម​ប្រើ​កែង​វាយប្រហារ​ទៅលើ Phit Chak Krit វិញ​យ៉ាង​ចាស់ដៃ​ដែរ​។ Phit Chak Krit គេ​មិនអាច​ទ្រាំទ្រ​ជាមួយ​កែង​ដ៏​ស្រួច​របស់ ​វង្ស ណ​យ​បាន​ឡើយ ដែល​ធ្វើ​ឲ្យ​គេ​ចន្លោះប្រហោង​ល្វែង​ក្រោម​ ដោយសារតែ​រវល់​ការពារ​កែង​ វង្ស​ ណ​យ​។​ ឃើញ​ឱកាស​ល្អ​ហុច​ឲ្យ វង្ស ណ​យ ក៏បាន​ប្រលែង​មួយ​ជង្គង់​ចូល​ពោះ​របស់ Phit Chak Krit ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​សន្លប់​តែម្តង។ ឯ ម៉ន ចាន់​ដា​រ៉ា អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​០៥ កងទ័ពជើងគោក​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Luk Yort ដោយ​ពិន្ទុ​ដាច់​តែម្ដង​។​ ចៅក្រម​ទាំង​០៥​រូប បាន​ផ្តល់​ពិន្ទុ​ឲ្យ Luk Yort​ឈ្នះ​ទាំង​០៥​នាក់​។ តាមពិត ​ចាន់​ ដា​រ៉ា មិនទាន់​ដល់​វេន​ដែល​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ​ទេ គេ​ជា​អ្នក​ប្រដាល់​ដែល​អន់ និង​មានចិត្ត​តូច​ទៀត​ផង​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​ម៉ន ចាន់​ដា​រ៉ា​ប្រកួត​ជាមួយ​បរទេស ហើយ​ថែមទាំង​បរាជ័យ​ទៀត​នោះ​។ ចំណែក សោម តឿ​ទី អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​វិញ បាន​ប្រកួត​ចាញ់ ​នូវ ស៊ីថា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​០៣​។ តឿ​ទី ពី​ដំបូង​បាន​វាយ​នូវ ស៊ីថា ឡើង​ចង់​គាំង​ម្តងៗ​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​ស៊ីថា​ខឹង ក៏​ចាប់​ផ្តើម​ប្រើ​កណ្ដាប់ដៃ​វាយ​សន្ធាប់​ទៅលើ​តឿ​ទី​វិញ​។ ក្នុង​ទឹក​ទី​០១​នេះ តៀ ទី ត្រូវ​អាជ្ញាកណ្ដាល​រាប់​០៨​ម្តង ​ដោយសារ​ត្រូវ​កណ្ដាប់ដៃ​នេះ​។ មកដល់​ទឹក​ទី​០៣ ស៊ីថា កាន់តែ​បង្កើន​ការវាយប្រហារ​ទៀត ធ្វើ​ឲ្យ ​សោម តឿ​ទី សន្លប់​តែម្តង​។ ពុទ្ធ ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​បាន​យកឈ្នះ​ យ៉​ន វិចិត្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ​។ ដោយឡែក ក្នុង​ការ​ប្រកួត​សងសឹក​រវាង​សរ រាជសីហ៍​ក្លឹប​មោង​ឫស្សី​មរតក​គុន​ខ្មែរ​ជាមួយ​ ពេជ្រ អា​រុណ​ក្លិប​បង្ក្រាប​គ្រឿងញៀន​នោះ រាជសីហ៍​បញ្ចប់​អា​រុណ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​០២​។ អ្នក​ប្រដាល់​ទាំង​០២​រូប​នេះ​ធ្លាប់​ប្រកួត​គ្នា ២-៣​លើក​ហើយ ដោយ​គ្រប់​ឱកាស​ទាំងអស់​អា​រុណ​ជា​អ្នកឈ្នះ​ ហើយ​ការប្រកួត​សងសឹក​លើក​នេះ​នរណា​ក៏​ជឿ​ថា​អា​រុណ​នឹង​បន្ត​ឈ្នះ​ទៀត​ដែរ។ ប្រកួត​លើក​នេះ​រាជសីហ៍​បានដឹង​ពី​ចំណុចខ្សោយ​របស់​អា​រុណ​គឺ​អា​រុណ ខ្សោយ​ជើង​ក្រោម​។​ ​ ​នៅ​ចុង​ទឹក​ទី​០១ រាជសីហ៍​ទាត់​អា​រុណ​ឲ្យ​ខូច​ជង្គង់​ឆ្វេង​ធ្វើ​ឲ្យ​អា​រុណ​ស្រែក​រោទ៍​តែម្ដង ​តែ​អ្នក​ឲ្យ​ទឹក និង​គ្រូពេទ្យ​បាន​ជួយ​សម្រួល​ដោយ​ឲ្យ​អា​រុណ​បន្ត​ការ​ប្រកួត​បាន​នៅ​ទឹក​ទី​០២​។ ទោះជា​យ៉ាងណា​ក៏​អា​រុណ​ឆ្លង​មិន​ផុត​ទឹក​ទី​០២​ឡើយ​។ លើក​នេះ សរ រាជសីហ៍ សងសឹក​អា​រុណ​។​

ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​០៥​កងទ័ពជើងគោក​ប្រកួត​ឈ្នះ​ សេន កុសល​ក្លិប​មោង​ឫស្សី​មរតក​គុន​ខ្មែរ​ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​។ ការ​វាយ​ចេញ​របស់​ព្រហ្ម​ម៉ាញ​ចំ​គោល​ដៅ​បាន​ច្រើនជាង​មិនតែប៉ុណ្ណោះ ​គេ​បាន​ធ្វើ​ឲ្យ​កុសល​ដួល​ជា​ញឹក​កាប់​តែ​ចាប់ពី​ទឹក​ទី​០៣​ទៅ​ព្រហ្ម​ម៉ាញ​ អន់​កម្លាំង​តែ​មិន​ដល់​ថ្នាក់​ឈរ​ឲ្យ​គូប្រកួត​វាយ​នោះ​ឡើយ​។ ពួកគេ​ប្រកួត​គ្នា​០៥​ទឹក​ពេញ​ហើយ​ព្រហ្ម​ម៉ាញ​ជា​អ្នកឈ្នះ​កុសល​។ វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​ផ្ដួល​មាស ឆូ​យ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​០៤​។​ ការប្រកួត​រវាង​ ង៉ែ​ត្រ បូ​រិ​ន​ក្លិប​ពន្លឺ​វិបុល​រិទ្ធី ជាមួយ​ សល់ អា​វិ​ន​ក្លិប​កុសល​កីឡា ​ត្រូវ​បាន​បញ្ចប់​នៅ​ទឹក​ទី​០៣ ដោយ​មិន​ប្រកាស​លទ្ធផល បន្ទាប់ពី​បូ​រិ​ន​សន្លប់​ដោយសារ​ជង្គង់​អា​វិ​ន នោះ​។​ លោក ​ឡុង ស៊ី​លីន​ ដែល​ជា​អាជ្ញា​កណ្ដាល​បាន​បញ្ជាក់​ថា​ បូ​រិ​ន​បើកឱកាស​ឲ្យ​អា​វិ​ន​វ៉ៃ អញ្ចឹង​ហើយ​ទើប​ជង្គង់​អា​វិ​ន​វាយ​ចូល​ពោះ​បូ​រិ​ន​ពេញៗ​នោះ​។ បូ​រិ​ន​មិន​បាន​ទទួល​ប្រាក់កម្រៃ​នៃ​ការប្រកួត​ឡើយ​។​ នឿន ប៊ុនធឿន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ប្រើ​ជង្គង់​ផ្ដួល​ រ៉ា​ន់ ជី​វ័​ន្ដ អ្នក​ប្រដាល់​ក្លិប​មិត្ត​ប៉ូលិស​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​០៣​៕​



Post a Comment

0 Comments

Close Menu